ហេតុផលទាំង៣យ៉ាងបញ្ជាក់ថា ការបោះបង់ក៏មិនអាក្រក់ទាំងអស់ដែរ ហើយនឹងនាំមកនូវភាពជោគជ័យធំធេង
សុភាសិតមួយបានពោលថា៖«អ្នកឈ្នះមិនមែនបោះបង់ អ្នកបោះបង់មិនដែលឈ្នះ»។ ក្នុងជីវិត យើងត្រូវបានគេបណ្ដុះគំនិតថាការបោះបង់មិនដែលនាំអ្នកទៅរកភាពជោគជ័យនោះទេ។ ការមិនបោះបង់ គឺជារឿងល្អ ប៉ុន្តែការខាំជាប់នូវគំនិតមួយនេះមិនលែង ដោយខ្វះការគិតអំពីទិដ្ឋភាពជាក់ស្តែងនោះ គឺវានៅមិនអាចធ្វើឲ្យអ្នកជោគជ័យក្នុងជីវិតបាននោះទេ។
ត្រូវចាំថា មិនមែនមនុស្សយើងអាចធ្វើរឿងបានគ្រប់យ៉ាងនោះទេ ដូច្នេះហើយ នៅពេលដែលអ្នកដឹងច្បាស់ពីសមត្ថភាពរបស់ខ្លួន នោះអ្នកក៏អាចសម្រេចចិត្តបោះបង់កិច្ចការមួយចំនួនដែលគ្មានថ្ងៃអាចមានលទ្ធផល ហើយក៏អាចងាកមកចាប់ផ្តើមនូវអ្វីដែលអ្នកពេញចិត្ត ហើយអាចសម្រេចបាន។ តើនេះមិនមែនជាវិធីដ៏ឆ្លាតវៃទេឬ? ខាងក្រោមនេះ ជាហេតុផលបញ្ជាក់ថា ការបោះបង់ក៏ល្អម្យ៉ាងដែរក្នុងលក្ខណ្ឌខ្លះ៖
១) ការបោះបង់ផ្តល់នូវឱកាសថ្មី៖ ឱកាសតែងតែមានទៅមានមក។ ឧទាហរណ៍ថា៖ អ្នកប្រទះឃើញឱកាសការងារថ្មីមួយដែលល្អជាងការងារបច្ចុប្បន្នរបស់អ្នក ប៉ុន្តែអ្នកនៅតែប្រាប់ខ្លួនឯងថាកុំបោះបង់នូវអ្វីដែលអ្នកកំពុងធ្វើសព្វថ្ងៃនេះ។ ហេតុអ្វីបានជាយើងមិនផ្តល់ឱកាសដល់ខ្លួនឯងក្នុងការធ្វើអ្វីដែលថ្មី?
២) នាំមកនូវការផ្លាស់ប្តូរ៖ ការបោះបង់មិនមែនជាការចាកចេញពីកន្លែងមួយដោយសារតែយើងអស់អារម្មណ៍នោះទេ។ វាគឺជាការចាកចេញឬការបោះបង់ចោលនូវរឿងដែលរារាំងដល់ជីវិតយើង។ ឧទាហរណ៍ថា យើងទាំងអស់គ្នាសុទ្ធតែមានទម្លាប់អាក្រក់ ប្រសិនជាអ្នកមិនមានសកម្មភាពបោះបង់ទេ អ្នកគ្មានថ្ងៃនឹងរីកចម្រើនឡើយ។
៣) ដើម្បីចាប់យកអ្វីដែលសមជាមួយនឹងសមត្ថភាពអ្នក៖ មនុស្សជាច្រើនបានខិតខំធ្វើកិច្ចការមួយអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែនៅតែមិនអាចទទួលបានផលអ្វីជាទីកត់សម្គាល់សោះ។ មូលហេតុមួយដែលធ្វើឲ្យស្ថានភាពទៅជាបែបនេះ ក៏ដោយសារតែពួកគេកំពុងព្យាយាមលើអ្វីដែលមិនត្រូវនឹងសមត្ថភាព ឬ ទេព្យកោសល្យរបស់ខ្លួន អ៊ីចឹងហើយធ្វើយ៉ាងណាក៏បានផលមិនសូវល្អ។ ដូច្នេះហើយ បើសម្រេចចិត្តបោះបង់ វានឹងអាចនាំទៅរកអ្វីដែលត្រូវនឹងសមត្ថភាពរបស់អ្នក ហើយនាំមកនូវផ្លែផ្កាដ៏ធំធេងវិញ៕
ប្រែសម្រួល៖អុឹង មុយយូ ប្រភព៖ www.lifehack.org