​ដោយសារ​មាន​ទម្លាប់​អាក្រក់​ទាំង​​នេះ​ហើយ ​បាន​ជា​សម្ភាស​ការងារ​​លើក​ណា​មិន​ដែល​ជាប់​សោះ​



តើ​អ្នក​ចង់​ដឹង​ទេ ហេតុអ្វី​អ្នក មិន​ដែល​ទទួល​ដំណឹង​ល្អ ក្រោយ​ពេល​បញ្ចប់​ការ​សម្ភាសន៍​ការងារ​សោះ? តើ​នេះ​មក​ពី​អ្នក​មិន​ល្អ​គ្រប់គ្រាន់ ឬមួយ​ក៏​មាន​អ្វី​ដែល​មិន​អាច​ទាក់ទាញ​អ្នក សម្ភាសន៍​អ្នក​បាន​?​ខាង​ក្រោម​នេះ​ជា​​អ្វី​​ដែល អ្នក​គួរ​ដឹង​៖

១) ចេះ​តែ​ខ្វល់​ច្រើន​ពេក​នៅ​មុខ​គេ​ឯង​៖ តើ​ អ្នក​តែង​តែ​នៅ​មិន​សុខ​ បក់​មិន​ល្ហើយ​ដែរ​ឬ​អត់ នៅ​ពេល​អ្នក​កំពុង​សម្ភាសន៍​ការងារ​? អាការៈ​បែប​នេះ បង្ហាញ​ថា​ អ្នក​កំពុង​​មាន​​សម្ពាធ និង​ចេះ​តែ​ខ្វល់​ច្រើន​ពេក ខ្លាច​មិន​បាន​ការងារ​។ គេ​អាច​នឹង​មិន​​ផ្ដល់​ការងារ​ឲ្យ​អ្នក​ឡើយ ពេល​​ឃើញ​អ្នកបង្ហាញ​អាការៈ​បែប​នេះ​ ព្រោះ​ថា​ គេ​នឹង​វិនិច្ឆ័យ​អ្នក​ជា​មនុស្ស​មិន​ចេះ​​គ្រប់គ្រង​អារម្មណ៍​ខ្លួន ហើយ​មិន​មាន​ភាព​ក្លាហាន​ចំពោះ​អ្វី​ដែល​កើត​មាន​ឡើង​​។

២) ធ្វើ​មុខ​ក្រញូវ និង​មិន​អំណោយទាន​ដាក់​គេ​៖ តើ​មុខ​អ្នក​ មើល​ទៅ​ពិបាក​ចិត្ត ឬ​ក៏​ខឹង​ដែរ​ឬ​អត់​? អាច​ថា​អ្នក​មាន​មុខ​ក្រញូវ​ពី​កំណើត តែ​ថ្ងៃ​សម្ភាសន៍​ការងារ បើ​សិន​ជា​អាច​ អ្នក​គួរ​ញញឹម​ឲ្យ​បាន​ច្រើន​​ទើប​ល្អ​។

៣) រំខាន​អ្នក​គេ​ឯង​៖ ពេល​សម្ភាសន៍​ការងារ​ អ្នក​ត្រូវ​​តែ​​ផ្ដោត​អារម្មណ៍​លើ​ការ​សម្ភាសន៍​បាន​ហើយ​។ សូម្បី​ទូរស័ព្ទ​ក៏​ត្រូវ​​ដាក់​ស្ងៀមស្ងាត់​ មិន​ឲ្យ​មាន​សំឡេង​រំខាន​ដែរ។ បើ​មិន​ដូច្នេះ អ្នក​អាច​មាន​គេ​ទូរស័ព្ទ​ទៅ ហើយ​កាត់​ចង្វាក់​ក្នុង​ការ​និយាយ​គ្នា គេ​អាច​ចាត់​ទុក​ថា​អ្នក​រំខាន​​ការងារ​គេ ហើយ​អ្នក​ដឹង​ទទួល​បាន​លទ្ធផល​មិន​ល្អ​ទេ​។

៤) និយាយ​លឿន​ៗ ៖ និយាយ​លឿន​ពេក អាច​​ជា​​គុណវិបត្តិ​មួយ​ ក្នុង​ពេល​​សម្ភាសន៍​ការងារ​។ កាល​ដែល​អ្នក​និយាយ​​លឿន​ពេក គឺ​គ្មាន​អ្នក​ណា​សរសើរ​អ្នក​ទេ ព្រោះ​ថា រាល់​ព័ត៌មាន​ដែល​អ្នក​បាន​និយាយ​គេ​នឹង​មិន​អាច​​ចាប់​បាន​សូម្បី​មួយ​។ ដូចនេះ​តើ​ឲ្យ​គេ​សិក្សា​ពី​អ្នក​បាន​​យ៉ាង​ណា​ទៅ​? ​​​

ប្រែ​សម្រួល៖​ ព្រំ សុវណ្ណកណ្ណិ្កកា ប្រភព៖ lifehack

X
5s