លោក Tony Robbins សេដ្ឋីអាមេរិកថា បើមានការគិត៣យ៉ាងនេះ ធ្វើអ្វីក៏មិនជោគជ័យដែរក្នុងជីវិតនេះ
ចិត្តគឺជាអ្វីៗគ្រប់យ៉ាង។ ទង្វើរបស់អ្នកគឺជាផលិតផលនៃការគិតឫចិត្តរបស់អ្នក។ បើអ្នកមានបំណងដកស្មៅណាដែលឥតប្រយោជន៍ចោល តែអ្នកគ្រាន់តែកាត់តម្រឹមខាងចុងស្មៅ ម្ដេចនឹងអាចសង្ឃឹមថាវានឹងមិនដុះឡើងមកទៀតនោះ ទាល់តែអ្នកដកទាំងឫសរបស់វា ទើបអាចប្រាកដបានថាស្មៅចង្រៃនោះនឹងមិនដុះឡើងមកជាថ្មីម្ដងទៀត។ រាល់ការផ្លាស់ប្ដូរត្រូវចាប់ផ្ដើមពីក្នុងចេញទៅក្រៅ។
វាក៏មិនខុសគ្នាអ្វីដែរពីទម្លាប់មិនល្អដែលជាឧបសគ្គរារាំងអ្នកពីជោគជ័យនោះ បើអ្នកមិនចាប់ផ្ដើមដោយផ្លាស់ប្ដូរការគិតរបស់ខ្លួនជាមុនទេ នោះយុទ្ធសាស្ត្រអ្វីក៏គ្មានប្រយោជន៍សម្រាប់អ្នកដែរ។ សហគ្រិនជោគជ័យមួយរូបរបស់សហរដ្ឋអាមេរិក លោក Tony Robbinsបានផ្ដល់នូវដំបូន្មានដ៏សំខាន់ទៅលើការផ្លាស់ប្ដូរការគិតចំនួន៣បែប ដែលតែងអូសទាញអ្នកមិនឲ្យទៅដល់គោលដៅរហូតមក។
១) ភាពលម្អៀងនៃការទទួលស្គាល់
មនុស្សយើងតែងទទួលយកថាអ្វីមួយជាការពិតដោយផ្អែកទៅលើបទពិសោធន៍របស់ខ្លួន ឬអ្វីដែលខ្លួនតែងជឿកន្លងមក។ ឧទាហរណ៍យ៉ាងសាមញ្ញគឺ នៅពេលអ្នកកើតមកនៅក្នុងសង្គមមួយដែលមនុស្សនៅជុំវិញខ្លួនអ្នក ជាពិសេសសង្គមនៃគ្រួសារដែលជាកន្លែងអប់រំដំបូងបង្អស់របស់អ្នក ប្រកាន់យកសាសនាព្រះពុទ្ធ ហេតុនេះនៅពេលអ្នកឃើញសង្គមដទៃកាន់សាសនាផ្សេងពីអ្នក អ្នកមុខជាយល់ថាសាសនាពួកគេមិនមានហេតុផលសមរម្យ ចម្លែក ឬជ្រុលនិយមជាដើម និងយល់ថាមានតែសាសនាដែលជាជំនឿរបស់ខ្លួនប៉ុណ្ណោះទើបត្រឹមត្រូវ។ ពួកយើងតែងមើលទៅលើបញ្ហាចេញពីជ្រុងម្ខាង មិនបន្ទាបខ្លួនស្ដាប់និងទទួលស្គាល់ភាពខុសប្លែកគ្នានៃការគិតរបស់មនុស្សនោះទេ ថែមទាំងយល់ថាគំនិតខ្លួនត្រឹមត្រូវឬតំណាងពីការពិតជានិច្ច។ ហេតុនេះ គ្រប់ពេលដែលអ្នកទទួលយកជឿអ្វីមួយ អ្នកគួរដេញដោលសួរខ្លួនឯងជាមួយគំនិតប្រឆាំងដទៃទៀតជាមុនសិនទើបជាការប្រសើរ។
២) ភាពលម្អៀងនៃការទទួលយកទំនោរថ្មីៗ
វាគឺជាការងាយនឹងទទួលរងឥទ្ធិពលពីហេតុការណ៍អវិជ្ជមានឫអកុសលខាងក្រៅមកលើអ្នក ដែលនាំនូវភាពស្ទាក់ស្ទើរ ភាពមិនប្រាកដប្រជាដល់អ្នកទៅលើគោលដៅក៏ដូចជាទស្សនវិស័យរបស់អ្នកសម្រាប់អនាគត។ ដើម្បីចៀសវាងភាពខុសឆ្គងដែលនាំមកនូវវិប្បដិសារីនេះបាន អ្នកត្រូវសរសេរនូវរាល់ជំហានតូចៗដែលរួមចំណែកចាំបាច់ទៅដល់ការសម្រេចគោលដៅក្នុងរយៈពេលវែងរបស់អ្នក និងរំលឹកខ្លួនឯងជានិច្ចអំពីជំហានទាំងនោះ។
៣) អារម្មណ៍អវិជ្ជមានចំពោះការបរាជ័យ
បើកំហុសអតីតកាលអាចផ្លាស់ប្ដូរបាន នោះវាពិតជាមានតម្លៃបំផុតសម្រាប់អ្នកក្នុងការចំណាយទាំងកម្លាំងកាយនិងចិត្តនិងពេលវេលា រិះគិតពីវានោះវានឹងអាចផ្លាស់ប្ដូរអ្វីដែលខុសឆ្គងឲ្យត្រឹមត្រូវវិញ។ យ៉ាងណាមិញ គ្មាននរណាម្នាក់អាចត្រឡប់ថយក្រោយទៅផ្លាស់ប្ដូរអតីតកាលរបស់ពួកគេបានទេ ជាពិសេសគឺការបរាជ័យនេះឯង។ បើដឹងថាបែបនេះហើយ ចុះហេតុអ្វីជំនួសឲ្យបន្លាចខ្លួនឯងនូវការចងចាំមិនល្អនោះ អ្នកមិនរៀនសូត្រពីវា ហើយរៀបចំក្បួនយុទ្ធសាស្ត្រទប់ទល់នឹងរនាំងឧបសគ្គទាំងនោះសម្រាប់ពេលខាងមុខទៅវិញទៅ ?
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ cnbc