អនុវត្តចំណុចទាំងនេះ ដើម្បីរំដោះខ្លួនចេញពីសម្ពាធ ហើយអាចសម្រេចកិច្ចការដែលខ្លួនចង់
វាជាជំនាញដែលអ្នកត្រូវចេះក្នុងការរក្សាអារម្មណ៍ឲ្យបានស្ងប់នៅពេលដែលអ្នកមានសម្ពាធ។ ហើយវាមិនមែនជារឿងងាយស្រួលនោះទេ។ មិនថាអ្នកធ្វើបទបង្ហាញឬទៅសម្ភាសការងារនោះទេ អ្វីៗទាំងអស់សុទ្ធតែត្រូវការគន្លឹះនិងយុទ្ធសាស្ត្រដែលជួយឲ្យអ្នកសម្រេចកិច្ចការបានល្អ។ ខាងក្រោមនេះជាយុទ្ធសាស្ត្រ៣យ៉ាងដែលអាចជួយអ្នកបាននៅពេលអ្នកមានសម្ពាធ៖
១) ផ្តោតទៅលើអ្វីដែលអ្នកអាចគ្រប់គ្រងបាន៖ ក្នុងកាលៈទេសៈណាក៏ដោយ ការគ្រប់គ្រងទៅលើអ្វីដែលអ្នកអាចគ្រប់គ្រងបានគឺជាយុទ្ធសាស្ត្រដ៏ល្អបំផុតដែលអ្នកសម្រេចកិច្ចការបាន។ ប្រសិនជាយើងចំណាយពេលទៅគិតពីអ្វីដែលយើងមិនអាចគ្រប់គ្រង វាអាចនាំយើងទៅរកភាពអវិជ្ជមាន។
២) អភិវឌ្ឍន៍ការផ្ដោតអារម្មណ៍៖ ពិតប្រាកដណាស់ អ្នកត្រូវការការផ្ដោតអារម្មណ៍ក្នុងការសម្រេចកិច្ចការអ្វីមួយ។ វិធីមួយដែលជួយដល់ការផ្ដោតអារម្មណ៍របស់អ្នកគឺតាមការតាំងសមាធិ។ ការផ្ដោតអារម្មណ៍គឺជាទាញយកអារម្មណ៍របស់អ្នកត្រលប់មកវិញនៅពេលដែលអារម្មណ៍របស់អ្នកកំពុងហោះហើរ។
៣) ទទួលយកនូវអ្វីដែលនឹងកើតឡើង៖ ភាគច្រើន យើងតែងតែមិនទទួលយកនូវអ្វីដែលប្រុងនឹងកើតឡើង។ ហើយវាជាការពិតនៅពេលដែលអ្នកស្ថិតនៅស្ថានភាពមួយដែលផ្តល់សម្ពាធដល់អ្នក។ ដោយការទទួលយកនូវអ្វីដែលនឹងកើតឡើង អ្នកនឹងមានអារម្មណ៍ថាធូរស្រាលនិងមិនភ្ញាក់ផ្អើលនៅពេលវាកើតឡើង។ ជាបន្ថែម វាជួយកសាងទំនុកចិត្តដល់អ្នកពីព្រោះអ្នកបានត្រៀមលក្ខណៈរួចហើយ៕
ប្រែសម្រួល៖ អុឹងមុយយូ ប្រភព៖ www.addicted2success.com