មេរៀន៤យ៉ាងអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់លោក Robert Kiyosaki​



«ហេតុអ្វី​សិស្ស​និទ្ទេស​A​ធ្វើការ​ឲ្យ​សិស្ស​និទ្ទេស​C» ? វា​មិន​ត្រឹមតែ​ជា​ចំណង​ជើង​សៀវភៅ​ដ៏​ល្បីល្បាញ​មួយ​ក្បាល​របស់ Robert Kiyosaki ប៉ុណ្ណោះ​ទេ លើស​ពី​នេះ​ទៅ​ទៀត​វា​ថែម​ទាំង​ជា​សំណួរ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​សម្រាប់​លាត​ត្រដាង​ឲ្យ​ឃើញ​ពី​ចន្លោះ​ប្រហោង​នៃ​ចំណុច​ខ្វះខាត​ដែល​បង្កប់​នូវ​ក្រោម​ប្រព័ន្ធ​អប់រំ​ក្នុង​សាលា​ដែល​គ្រប់​គ្នា​តែង​មើល​ឃើញ​តែ​ម្យ៉ាង​អំពី​ភាព​ល្អឥតខ្ចោះ​របស់​វា​រាប់​ជំនាន់​កន្លង​មក។

បើ​អ្នក​ធ្លាប់​ស្គាល់​ឬ​បាន​អាន​សៀវភៅ​ភាគ «ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ» នោះ​ប្រាកដ​ណាស់​ថា​អ្នក​ស្គាល់​ដល់​អ្នក​ផ្ដួចផ្ដើម​និពន្ធ​សៀវភៅ​នេះ​គឺ​លោក Robert Kiyosaki។ គាត់​ជា​សហគ្រិន វិនិយោគិន អ្នក​និយាយ​បំផុស​ទឹកចិត្ត និង​អ្នក​បង្រៀន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ពោរពេញ​ដោយ​បទពិសោធន៍​ក្រាស់ក្រែល​មួយ​រូប។ តើ​អ្នក​ជឿ​ទេ​ថា បុរស​សញ្ជាតិ​អាមេរិក​ជប៉ុន​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន Rich Dad Company and Cashflow Technologies, Inc.​រូប​នេះ ធ្លាប់​បរាជ័យ​ជាមួយ​នឹង​ការ​ក្ស័យធន​នូវ​ក្រុមហ៊ុន​របស់​លោក​ចំនួន២​រហូត​ដល់​ថ្នាក់​ត្រូវ​អត់​ផ្ទះ​នៅ​រួច​មក​ហើយ ? អ្នក​ជំនួញ​ដែល​មាន​ទ្រព្យសម្បត្តិដ៏ច្រើនលាន​ដុល្លារ​រូប​នេះ​ដែរ បាន​មើល​ឃើញ​ពី​អ្វី​ដែល​ធ្វើឲ្យ​ប្រព័ន្ធ​អប់រំ​បង្កើត​ឲ្យ​សិស្ស​និទ្ទេសAធ្វើការ​ឲ្យ​សិស្ស​និទ្ទេសC ហើយ​ខាងក្រោម​នេះ​គឺ​ជា​ចំណេះដឹង​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​ហិរញ្ញវត្ថុ​ដែល​អ្នក​អាច​នឹង​យល់​ថា​មាន​តម្លៃ​បំផុត​សម្រាប់​អ្នក។

១) កុំ​ធ្វើការ​ដើម្បី​លុយ តែ​ត្រូវ​ឲ្យ​លុយ​មក​ធ្វើការ​ឲ្យ​អ្នក​វិញ៖ Robert​បាន​និយាយ​ថា «មូលហេតុ​ដ៏​ចម្បង​មួយ​ដែល​ធ្វើឲ្យ​មនុស្ស​មាន​បញ្ហា​ហិរញ្ញវត្ថុ គឺ​ដោយសារ​តែ​ពួកគេ​ចំណាយ​ពេល​ជាច្រើន​ឆ្នាំ​នៅ​ក្នុង​សាលា​ដោយ​មិន​បាន​រៀន​អ្វី​សោះ​ពី​លុយ។ លទ្ធផល​គឺ​ថា​មនុស្ស​នាំ​គ្នា​រៀន​ធ្វើការ​ដើម្បី​លុយ ប៉ុន្តែ​មិន​ដែល​រៀន​ឲ្យ​លុយ​មក​ធ្វើការ​ឲ្យ​ពួកគេ​វិញ​នោះ​ទេ»

២) រៀន​ពី​ការ​រក​ចំណូល​អកម្ម៖ ផ្អែក​តាម​ម្ចាស់​ជំនួញRich Dad Company​រូប​នេះ ប្រាក់​ចំណូល​មាន​ពីរ​ប្រភេទ​គឺ ប្រាក់​ចំណូល​បែប​សកម្ម​និង​ប្រាក់​ចំណូល​បែប​អកម្ម។ ភាព​ខុស​គ្នា​រវាង​ប្រភព​ប្រាក់​ចំណូល​ទាំងពីរ​នេះ​ស្ថិត​នៅ​ត្រង់​ថា បែប​សកម្ម បើ​អ្នក​ធ្វើការ​១ម៉ោង អ្នក​នឹង​ទទួល​បាន​ប្រាក់​១ដុល្លារ។ វា​មាន​ដែន​កំណត់ និង​ទាមទារ​ឲ្យ​អ្នក​លះបង់​ថាមពល​និង​ពេលវេលា​ដើម្បី​ទទួល​បាន​ចំណូល ដូចជា​ម្ចាស់​អាជីវកម្ម​តូចៗ​ផ្ទាល់​ខ្លួន ឬ​ក៏​អ្នក​ជំនាញ​អាជីព​មាន​គ្រូពេទ្យ​ជាដើម។ ផ្ទុយទៅវិញ ប្រាក់​ចំណូល​បែប​អកម្ម មិន​អាស្រ័យ​ទៅលើ​អ្នក​នោះ​ទេ វា​ជា​របៀប​ដែល​លុយ​ធ្វើការ​ឲ្យ​អ្នក តួយ៉ាង​ដូចជា​វិនិយោគិន ឬ​ម្ចាស់​អាជីវកម្ម​ធំៗ​ជាដើម។ បើ​អ្នក​រក​ចំណូល​តាម​ប្រភព​សកម្ម នោះ​អ្នក​នឹង​មិន​មាន​សេរីភាព​នោះ​ឡើយ។

៣) រៀន​សូត្រ​ពី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ៖ គាត់​បាន​និយាយ​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​សិស្ស​និទ្ទេសA​មួយ​ចំនួន​ដូចជា អ្នក​ជំនាញ​ខាង​ធនាគារ គ្រូពេទ្យ និង​គណនេយ្យករ តែង​មាន​វិបត្តិ​ហិរញ្ញវត្ថុ​នោះ​ក៏​ដោយសារ​នៅ​ក្នុង​សាលា​ពួកគេ​ត្រូវ​បាន​បង្វឹក​ឲ្យ​ផ្ដោត​ទៅលើ​ជំនាញ​ដែល​មាន​លក្ខណៈ​អាជីព​ចំពោះ​មុខវិជ្ជា​ជាក់លាក់​របស់​ពួកគេ ដែល​មិនមែន​ជា​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ។ ផ្ទុយទៅវិញ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​បែរ​ជា​ត្រូវ​បាន​ឪពុក​ម្ដាយ​ក្រីក្រ​បង្រៀន ដែល​តែង​ប្រាប់​ពួកគេ​ឲ្យ​ប្រឹងប្រែង​រៀន​នៅ​សាលា ដើម្បី​ទទួល​បាន​លទ្ធផល​សិក្សា​ល្អ និង​មាន​ការងារ​ល្អ​ប្រាក់ខែ​ខ្ពស់។ បើ​ដូច្នេះ តើ​ពួកគេ​ម្ដេច​នឹង​អាច​មាន​សេរីភាព​ផ្នែក​ហិរញ្ញវត្ថុ​បាន ?

៤) លុយ​តែ​ម្យ៉ាង​មិន​អាច​ធ្វើឲ្យ​អ្នក​ក្លាយ​ជា​អ្នក​មាន​បាន​ឡើយ៖ Robert​លើកឡើង​ថា «ទ្រព្យ​សកម្ម​ដ៏​មាន​អំណាច​បំផុត​ដែល​ពួក​យើង​មាន​គឺ​ជា​ការ​គិត​របស់​អ្នក​នោះ​ឯង។ បើ​វា​ត្រូវ​បាន​បណ្ដុះបណ្ដាល​យ៉ាង​ត្រឹមត្រូវ នោះ​វា​នឹង​បង្កើត​នូវ​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​មហាសាល​ឲ្យ​អ្នក»។ ត្រង់​នេះ​គាត់​ចង់​សំដៅ​ទៅលើ​ភាព​វៃឆ្លាត​ផ្នែក​ហិរញ្ញវត្ថុ​នោះ​ឯង។ មិនមែន​ជា​លុយ មាស ផ្ទះ​សម្បែង​ដីធ្លី ដែល​ធ្វើឲ្យ​អ្នក​មាន​នោះ​ទេ តែ​វា​ជា​អ្វី​ដែល​អ្នក​ដឹង​អំពី​លុយ មាស ផ្ទះ​សម្បែង​ដីធ្លី​នោះ​ទៅវិញ​ទេ ដែល​ពិត​ធ្វើឲ្យ​អ្នក​មាន​បាន៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ www.theinspiringjournal.com

X
5s