សិស្សពូកែសឹងតែទាំងអស់មិនអនុវត្តទម្លាប់អាក្រក់ទាំងនេះទេ ម្ល៉ោះហើយទើបគេខ្លាំងបែបនេះ
មានដែលឆ្ងល់ទេ ថា សិស្សខ្លះហេតុអ្វីពូកែខ្លាំង គ្មានអ្នកណាតាមទាន់បែបនេះ? តើគេមានតិចនិកអ្វី? ហើយពួកគេតែងមានទម្លាប់អ្វីខ្លះ? ហើយទម្លាប់អ្វីដែលគេមិនដែលធ្វើខ្លះ?
១) ធ្វើលំហាត់ទាល់តែកៀកថ្ងៃគ្រូប្រមូល៖ មានតែសិស្សខ្ជិល និង មិនខ្វាយខ្វល់រឿងរៀនសូត្រតែប៉ុណ្ណោះដែលមានទម្លាប់បែបនេះ។ តើអ្នកអាចដាក់ចិត្តដាក់កាយធ្វើលំហាត់ ឲ្យគ្រូបានល្អដែរទេ នៅពេលដែលថ្ងៃស្អែកឬខានស្អែកគ្រូអ្នកត្រូវប្រមូលនោះ? គាត់ប្រហែលជាដាក់ពេលឲ្យអ្នកធ្វើ ១ឬ២ខែមុន តែអ្នកប្រហែល អ្នកមិនចាប់អារម្មណ៍ហើយ។ សិស្សពូកែ តែង្តៀមរួចរាល់ តាំងពីយូរ មិនមែនត្រៀមថ្ងៃនេះ ស្អែកដាក់កែទេ។
២) រៀនដាច់យប់៖ អ្នកដែលរៀនដាច់យប់ មិនមែនជាមនុស្យខំរៀនពិតប្រាកដទេ។ ពេលយប់ជាពេលត្រូវសម្រាក តែហេតុអ្វីអ្នកត្រូវចំណាយពេលសម្រាកមករៀនទៅវិញ។ ចុះពេលទំនេរ អ្នកធ្វើអ្វីដែរ? នេះបង្ហាញថាអ្នកជាសិស្ស ដែលមិនចេះរៀបចំពេលវេលារៀនសូត្រទៅវិញទេ មិនមែនសិស្សពូកែរៀនទេ។
៣) កាន់ទូរស័ព្ទពេលរៀន៖ មិនដឹងថអ្នករៀនឬមួយលេងទូរស័ព្ទឲ្យប្រាកដ។ សិស្សពូកែតែងដាក់ទូរស័ព្ទនៅឆ្ងាយខ្លួន ព្រោះថាបើគេដាក់ចិត្តរៀនហើយ គេនឹងមិនអនុញ្ញាតឲ្យអ្វីៗ មករំខានឡើយ។ កាលដែរចុចទូរស័ព្ទផងរៀនផង ជាទម្លាប់មិនល្អទេ ដូចនេះអ្នកគប្បីកែដើម្បីក្លាយជាសិស្សពូកែវិញ។
៤) គេចវេះពីបញ្ហា៖ សិស្សពូកែមិនទម្លាប់គេចវេះពីបញ្ហាទេ។ សិស្សមួយចំនួនក៏មានបញ្ហាដែរ ទាក់ទងនឹងថវិកា ភាពលំបាកលំបិននានា តែយ៉ាងណាក៏គេនៅតែប្រឈមមុខ នឹងបញ្ហាដដែលហ្នឹង។
៥) ខ្ជិលចង់រៀនពេលបានពិន្ទុតិច៖ សិស្សពូកែ ក៏មិនប្រាកដថា ពូកែគ្រប់មុខដែរ។ ពេលខ្លះពួកគេក៏បានពិន្ទុតិច តែគេដឹងថាមកពីគេមិនចេះទើបបានពិន្ទុអញ្ចឹង។ ម្ល៉ោះហើយគេរៀនពីកំហុសខ្លួន ពេលដែលដឹងថាបានពិន្ទុតិច គេកាន់តែខំរៀនបន្ថែមជាងមុន ដោយគ្មានភាពខ្ជិលច្រអូស៕
ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ oxford