វិធីសាស្រ្ត៣យ៉ាង ដើម្បីក្លាយជាមនុស្សពូកែផ្នែកស្ដាប់ ជាជាងនិយាយច្រើនអត់ប្រយោជន៍
ជំនាញក្នុងការស្តាប់ពិតជាមានសារៈសំខាន់ណាស់ក្នុងភាពដឹកនាំ។ មនុស្សជាច្រើនខ្វាយខ្វល់ពីសមត្ថភាពក្នុងការនិយាយ ប៉ុន្តែមនុស្សមិនសូវយកចិត្តទុកដាក់នឹងការស្តាប់ប៉ុន្មាននោះទេ។ ការស្តាប់និងការនិយាយមានសារៈសំខាន់ដូចគ្នា។ ខាងក្រោមនេះជាគន្លឹះដែលជួយពង្រឹងដល់សមត្ថភាពការស្តាប់របស់អ្នក៖
១) ស្ថិតនៅពេលបច្ចុប្បន្ន៖ តើអ្នកធ្លាប់និយាយជាមួយនរណាម្នាក់ហើយប្រទះឃើញពួកគេកំពុងតែរវល់នឹងអ្វីផ្សេងហើយមិនបានស្តាប់អ្នកដែរឬទេ? អ្នកប្រហែលជាគិតថាសកម្មភាពបែបនេះបង្ហាញពីការមិនគោរពដល់អ្នក។ លើសពីនេះទៅទៀត អ្នកអាចខឹងទៀតផង។ ដូច្នេះហើយ ប្រសិនជាអ្នកស្តាប់នរណាម្នាក់ អ្នកត្រូវស្តាប់ដោយយកចិត្តទុកដាក់ដូចគ្នា។
២) ដាក់ខ្លួនឯងក្នុងកាលៈទេសៈ អ្នកដទៃ៖ មិនថាអ្នកយល់ស្របទៅនឹងអ្វីអ្នកដទៃនិយាយឬអ្នកចង់បង្ហាញពីចំណង់ចំណូលចិត្តរបស់អ្នកទៅនឹងអ្វីដែលពួកគេនិយាយនោះទេ អ្វីដែលពួកគេកំពុងតែនិយាយគឺសំខាន់ចំពោះពួកគាត់ ដូច្នេះហើយកុំរំខានឬកាត់សម្ដីខណៈពេលពួកគាត់និយាយ។ ពួកគេនឹងសរសើរនិងពេញចិត្តអ្នកប្រសិនជាពួកគេដឹងថាអ្នកព្យាយាមស្តាប់ពួកគេ។
៣) ហ្វឹកហាត់ការស្តាប់៖ មនុស្សជាច្រើនគិតតើពួកគេគួរឆ្លើយយ៉ាងដូចម្តេចទៅនឹងអ្វីដែលអ្នកដទៃនិយាយ។ ផ្ទុយទៅវិញ អ្នកគួរតែផ្តោតអារម្មណ៍ដែលអ្នកមានទាំងប៉ុន្មានក្នុងការស្តាប់វិញល្អជាង។ អ្នកអាចហ្វឹកហាត់ការស្តាប់របស់អ្នកជាមួយសមាជិកគ្រួសារឬមិត្តជិតស្និទ្ធរបស់អ្នក៕
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖www.fastcompany.com