អ្នកជំនួញជោគជ័យ៣រូប ប្រាប់ពីវិធីក្នុងការប្រើភាពភ័យខ្លាចរបស់អ្នកឲ្យចេញជាប្រយោជន៍
ជោគជ័យរបស់បុគ្គលម្នាក់មិនមែនឆ្លុះបញ្ចាំងពីដំណើរជីវិតក្នុងការឆ្ពោះទៅកាន់គោលដៅរបស់ពួកគេ ដោយអវត្តមាននូវឧបសគ្គ ជាពិសេសភាពភ័យខ្លាចនោះទេ។ នរណាម្នាក់ក៏មានភាពភ័យខ្លាចដក់ជាប់ក្នុងអារម្មណ៍ដ៏ជ្រៅរបស់ពួកគេដែរ។ ដោយឡែក កត្តាដ៏សំខាន់តែមួយគត់ដែលកំណត់នូវលទ្ធផលអំពីជោគវាសនាជីវិតរបស់មនុស្សម្នាក់ៗ ជោគជ័យ ឬបរាជ័យ ស្ថិតនៅត្រង់ថា តើពួកគេឆ្លើយតបយ៉ាងដូចម្ដេចចំពោះភាពភ័យខ្លាចរបស់ពួកគេ ?
អ្វីគ្រប់យ៉ាងនៅលើលោកនេះប្រៀបដូចជាកាក់ដែលមានមុខពីរដូច្នោះ ម្ខាងល្អ និងម្ខាងអាក្រក់។ វាអាស្រ័យទៅលើអ្នកថា តើអ្នកសម្រេចឈរនៅខាងណាតែប៉ុណ្ណោះ។ ឯភាពភ័យខ្លាចរបស់អ្នកក៏មិនខុសគ្នាពីនេះដែរ។ អគ្គនាយកនិងជាស្ថាបនិករបស់ក្រុមហ៊ុន recreational vehicle dealership Camping World លោក Marcus Lemonis អាចពន្យល់អ្នកឲ្យយល់ពីចំណុចនេះបានថា៖ «ភាពភ័យខ្លាចមិនគួរជាតំណាងនៃរូបភាពដ៏អាក្រក់នោះទេ។ ចំពោះភាពភ័យខ្លាច វាអាចជាអ្នកជំរុញកម្លាំងចិត្តដ៏អស្ចារ្យម្នាក់នៅចុងម្ខាងនៃវិសាលភាពដ៏ធំ ហើយវាក៏អាចជាអ្នកគាបសង្កត់អ្នកមិនឲ្យកម្រើកអ្វីបានម្នាក់នៅចុងម្ខាងនៃវិសាលភាពដ៏ធំនោះដែរ ហើយនៅក្នុងវិសាលភាពដ៏ធំធេងនេះ ទីណាក៏ដោយដែលអ្នករស់នៅ នឹងកំណត់ថាតើអ្នកដឹងពីវិធីអភិវឌ្ឍខ្លួនឫអត់»។
សម្រាប់ម្ចាស់ក្រុមហ៊ុនដែលរកបានចំណូល៣.៣ពាន់លានដុល្លារជារៀងរាល់ឆ្នាំនេះ គាត់ប្រើប្រាស់ភាពភ័យខ្លាចជាឧបករណ៍ មិនមែនជាការគំរាមកំហែងនោះឡើយ។
ចំណែកឯភាពភ័យខ្លាចសម្រាប់ស្ត្រីមេម៉ាយមួយរូបដែលបានតស៊ូរហូតក្លាយជាមហាសេដ្ឋីក្រុមហ៊ុនអចលនទ្រព្យ អ្នកស្រី Danisha Danielle Wrighster គឺជាសញ្ញាមួយដែលបញ្ជាក់ថាអ្នកត្រូវបន្ថែមល្បឿនដើររបស់អ្នកឲ្យលឿនជាងពេលឥឡូវនេះទៀត។ ស្របពេលដែលមនុស្សជាច្រើនជ្រើសរើសអោនក្បាលចុះទទួលយកបន្លាឧបសគ្គជីវិតដែលមករារាំងពីការសម្រេចជោគជ័យ ឆាកជីវិតដែលពោរពេញដោយភាពភ័យខ្លាចរបស់អ្នកស្រីតាំងពីកុមារភាពមក បែរជាក្លាយជាការដាស់តឿនឲ្យគាត់ផ្លាស់ប្ដូរវាទៅជាស្មារតីស្ទុះស្ទា មិនបង្អែបង្អង់ចេញសកម្មភាពអនុវត្ត ដើម្បីឆាប់ទៅដល់គោលដៅទៅវិញ។
រីឯអត្ថន័យនៃភាពភ័យខ្លាចនិងវិធីដែលបុគ្គលជោគជ័យមួយរូបទៀតទាញប្រយោជន៍ពីវា គឺលោក Dhani Jones ដែលជាវិនិយោគិន ជាអគ្គនាយកមូលនិធិវិនិយោគទុនរបស់ក្រុមហ៊ុន Qey Capital Partners និងជាម្ចាស់ប៉ុស្តិ៍ទូរទស្សន៍ជាខ្សែភាគឈ្មោះថា Dhani Tackles the Globe ភាពភ័យខ្លាចជួយរំលឹកអ្នកឲ្យភ្ជាប់ទំនាក់ទំនងជាមួយបណ្ដាញទំនាក់ទំនងផ្ទាល់ខ្លួនរបស់អ្នក។ ចំពោះលោក ការឆ្ពោះទៅដល់គោលដៅបានជោគជ័យ គឺមិនមែនជាការសម្រេចវាបានទៅដោយម្នាក់ឯងនោះឡើយ តែជាការរួបរួមចិត្តគំនិតគ្នារបស់សមាជិកក្រុម។ ម្យ៉ាងទៀត ភាពភ័យខ្លាចកើតឡើងដោយសារការមិនយល់ពីអ្វីមួយបានច្បាស់លាស់ ដូច្នេះសមាជិកដែលយល់ច្បាស់ពីអ្វីមួយនោះនឹងជួយអ្នកឲ្យជំនួសភាពភ័យខ្លាចដោយដំណើរតទៅមុខទៀតវិញ។
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ www.cnbc.com