តេង សៀវភីង​ បុរស​មាឌ​ល្អិត​ តែ​ធ្វើ​​ឲ្យ​​​​​​ចិន​ស្គាល់​ការ​រីកចម្រើន​ធំធេង​ក្នុង​ប្រវត្តិសាស្ត្រ ​​ក្រោយ​ម៉ៅ សេទុង​ស្លាប់​



វីរបុរស​កណ្ដាប់​ដៃ​ដែក​របស់ចិនសម័យទំនើប លោក តេង សៀវភីង បាន​កែប្រែ​រូបភាព​របស់​ទឹកដី​មួយ​នេះ ដែល​ធ្លាប់​តែ​ស្ថិត​នៅ​ក្នុង​ភាព​ចលាចល​អសន្តិសុខ​ទាំង​ផ្នែក​នយោបាយ​និង​ផ្នែក​សេដ្ឋកិច្ច ជាពិសេស​ការ​ស្លាប់​បាត់បង់​ជីវិត​ប្រជាជន​ខ្លួន​ដោយសារ​រងគ្រោះ​ពី​គោលនយោបាយ​មហាលោតផ្លោះមហាអស្ចារ្យ (The Great Leap Forward) ​និង​ការ​បដិវត្តន៍​វប្បធម៌​របស់​មេដឹកនាំ​ផ្ដាច់ការ ម៉ៅ សេទុង ឲ្យ​ប្រែ​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី២​របស់​ពិភពលោក បន្ទាប់​ពី​ប្រទេស​នៅ​លោក​ខាងលិច សហរដ្ឋអាមេរិក។ កើត​ក្នុង​ឆ្នាំ១៩០៤ អ្នក​បន្ត​តំណែង​ពី​ម៉ៅ សេទុង​រូប​នេះ ចាប់ផ្ដើម​មាន​គំនិត​ទៅ​រក​ការ​បដិវត្តន៍​អំឡុង​ពេល​ការ​សិក្សា​របស់​ខ្លួន​នៅ​ប្រទេស​បារាំង​នៅ​ដើម​សតវត្ស​ឆ្នាំ១៩២០ និង​បាន​ចូលរួម​នៅ​ក្នុង​ចលនា​ឆ្វេង​និយម​របស់​យុវជន​ចិន ដែល​ដឹកនាំ​ដោយ​លោក ជូ អិនឡាយ។ ក្រោយមក សង្គ្រាម​ផ្ទៃ​ក្នុង​រវាង​គណបក្ស​ជាតិនិយម​របស់​ចៀង កាយជៀក និង​គណបក្ស​កុម្មុយនិស្ត​របស់​ម៉ៅ សេទុង បាន​ផ្ទុះ​ឡើង ហើយ​តេង សៀវភីង​បាន​ចូលរួម​ក្នុង​កងទ័ព​ក្រហម​ក្នុង​ក្បួន​ដង្ហែ​វែង (Long March) នៅ​ឆ្នាំ១៩៣៤ និង​ជួយ​នាំ​មុខ​យុទ្ធនាការ​យោធា​ឲ្យ​យក​ឈ្នះ​លើ​បក្ស​ជាតិ​និយម ដែល​កើត​ឡើង​នៅ​ឆ្នាំ១៩៤៨ និង​បញ្ចប់​នៅ​ឆ្នាំ១៩៤៩។ ព្រឹត្តិការណ៍​សំខាន់ៗ​របស់​លោក តេង សៀវភីង​បាន​ចាប់ផ្ដើម​ក្រោយ​ពី​គណបក្ស​កុម្មុយនិស្ត​ដណ្ដើម​បាន​អំណាច​ទាំងស្រុង​ក្នុង​ឆ្នាំ១៩៤៩ ដែល​ធ្វើឲ្យ​លោក​កាន់កាប់​ទៅលើ​តំណែង​សំខាន់ៗ​ជា​ច្រើន ជាពិសេស​គឺ​តំណែង​ជា​អគ្គលេខាធិការ​របស់​បក្ស​ពី​ឆ្នាំ១៩៥៦​ដល់​ឆ្នាំ១៩៦៦។ គាត់​ជារដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ពី​ឆ្នាំ១៩៥៣​ដល់​ឆ្នាំ១៩៥៤ និង​ដើរ​តួ​ជា​ប្រធាន​នៃ​គោលនយោបាយ​បរទេស នាំ​មុខ​ការ​ជជែក​ពិភាក្សា​ជាមួយ​បរទេស​ថ្នាក់​ខ្ពស់​ពី​ឆ្នាំ១៩៧៤​ដល់​ឆ្នាំ១៩៧៥។ យ៉ាងណាមិញ លោក​ជា​បុគ្គល​ដែល​តែងតែ​ជឿជាក់​ថា៖ «មិន​សំខាន់​នៅ​ត្រង់​ថា​វា​ជា​ឆ្មា​សម្បុរ​ខ្មៅ​ឬ​ស​នោះ​ទេ ឲ្យ​តែ​វា​អាច​ចាប់​កណ្ដុរ​បាន»។ ទស្សននេះ បង្ហាញ​ពី​ការ​បើក​ចំហ​ទ្វារ​សេដ្ឋកិច្ច​នាំ​ទៅ​រក​ភាព​រុងរឿង​របស់​ប្រទេស។ ដោយឡែក ទស្សន​នេះ​មាន​ការ​ប្រឆាំង​ជា​ខ្លាំង​ជាមួយ​នឹង​គំនិត​ផ្ដាច់ការ​បែប​កុម្មុយនិស្ត​របស់​ម៉ៅ សេទុង ។ តេង សៀវភីង​និយាយ​បែប​នេះ​ទៅ​កាន់​ម៉ៅ សេទុង ក្រោយ​ពី​ឃើញ​សោកនាដកម្ម​ដ៏​ខ្លោចផ្សា​ពី​ការ​បាត់បង់​ជីវិត​ប្រជាកសិករ​របស់​ខ្លួន​ប្រមាណ​៣០លាន​នាក់​ដោយសារ​ភាព​ក្រីក្រ​ដែល​រងគ្រោះ​ពី​គោលនយោបាយ​មហាលោតផ្លោះ​មហាអស្ចារ្យ (The Great Leap Forward) របស់​ប្រធាន ម៉ៅ អនុវត្ត​នៅ​ក្នុង​ប្រទេស​ចិន​ចាប់ផ្ដើម​នៅ​ឆ្នាំ១៩៥៨។ ក៏​ដោយសារ​តែ​ការ​មិន​យល់ស្រប​របស់​តេង សៀវភីង​នឹង​គោលនយោបាយ​បិទ​ច្រក​ទីផ្សារ​សេដ្ឋកិច្ច និង​ការ​រស់នៅ​របស់​ប្រជាជន​ក្រោម​ទម្រង់​ជា​សមូហភាវូបនីយកម្ម​នេះ ទើប​លោក​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​ក្រុម​ផ្សេងៗ​គ្នា​ចំនួន​៣ដង។ រហូត​ទាល់តែ​ក្រោយ​ពី​ការ​ស្លាប់​របស់​ម៉ៅ សេទុង​នៅ​ឆ្នាំ១៩៧៦ ពន្លឺ​ថ្មី​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ជះ​រស្មី​ដ៏​ចិញ្ចាច​ឡើង​មក​ក្រោយ​ពេល​តេង សៀវភីង​បាន​ឡើង​ក្ដោបក្ដាប់​អំណាច​នៅ​ឆ្នាំ១៩៧៨ និង​អនុវត្ត​គោលនយោបាយ​សមត្ថភាព​កណ្ដុរ​របស់​ខ្លួន។ លោក​ចាប់ផ្ដើម​ដោយ​លុប​បំបាត់​ចោល​នូវ​គោលនយោបាយ​រាំងស្ទះ​សេដ្ឋកិច្ច​របស់​ម៉ៅ និង​ជំនួស​វិញ​ដោយ ការដើរឆ្ពោះ​តម្រង់​ទៅ​រក​ប្រទេស​អភិវឌ្ឍ ដើម្បី​បើក​ចំហ​ទ្វារ​សេដ្ឋកិច្ច​សេរី ចំណែក​នៅ​ក្នុង​តំបន់​ជនបទ លោក​អនុញ្ញាត​ឲ្យ​ប្រជាកសិករ​ដាំដុះ​ធ្វើ​ស្រែ​ចម្ការ​របស់​ខ្លួន​វិញ ឯ​នៅ​ទីក្រុង លោក​អនុញ្ញាត​ឲ្យ​មាន​អាជីវកម្ម​ធុន​តូច ម្យ៉ាងទៀត​ដើម្បី​គ្រប់គ្រង​ទៅលើ​កំណើន​ប្រជាជន​ដ៏​ច្រើន​លើសលប់​នៅ​លើ​ទឹកដី​ចិន លោក​បាន​អនុវត្ត​គោលនយោបាយ​រំលូត​កូន ដោយ​អនុញ្ញាត​ឲ្យ​មាន​កូន​តែ​មួយ​ឬ​ពីរ​សម្រាប់​គ្រួសារ​នីមួយៗ។ ងាក​មក​ខាង​ការ​អប់រំ​វិញ លោក​បាន​បើក​ទ្វារ​ចំហ​ឲ្យ​សិស្សនៅតាម​សាកលវិទ្យាល័យ ចេញ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​រៀន​ភាសា​អង់គ្លេស​និង​ក្រេប​យក​ចំណេះដឹង​និង​រៀន​សូត្រ​ពី​ភាព​ជឿនលឿន​របស់​ពួកគេ។ ត្រង់ចំណុចនេះ លោកធ្លាប់និយាយថា៖  ​«​នៅ​ពេល​ដែល​និស្សិត​ចិន​រាប់ពាន់​នាក់​​ដែល​សិក្សា​​នៅ​បរទេស​ ត្រលប់​មក​កាន់​ស្រុក​វិញ​នោះ ​​​អ្នក​នឹង​ដឹង​ថា ​​តើ​ចិន​នឹង​​​ផ្លាស់ប្ដូរ​ខ្លួន​ឯង​ដោយ​របៀបណា​ហើយ​​»។ គោលនយោបាយ​ដ៏​ឈ្លាសវៃ​របស់​សមត្ថភាព​កណ្ដុរ​របស់​លោក បាន​ឆ្លើយតប​ជា​ការ​ផ្លាស់ប្ដូរ​យ៉ាង​វិជ្ជមាន​មក​វិញ ដោយ​ជួយ​ប្រជាជន​ចិន​ប្រមាណ​១៧០លាន​នាក់ ងើប​ផុត​ពី​ភាព​ក្រីក្រ ដែល​ធ្លាប់​តែ​មាន​ចំណូល​ក្នុង​១កាពីតា​ក្នុង​១ឆ្នាំ​មិន​ដល់​១០០ដុល្លារ​ផង។ លោក តេង សៀវភីង​បាន​ទទួល​អនិច្ចកម្ម​កាល​ពី​ឆ្នាំ១៩៩៧ ក្នុង​វ័យ​៩២ឆ្នាំ បើ​ទោះ​ជា​អំណាច​របស់​លោក​ត្រូវ​រលត់​ជីវិត​ទៅតាម​ការ​អស់​ដង្ហើម​របស់​លោក​ក្ដី ក៏​រដ្ឋាភិបាល​ផ្ដាច់ការ និង​ប្រព័ន្ធ​គណបក្ស​តែ​មួយ​របស់​មហាអំណាច​ចិន នៅ​តែ​ឈរ​ជា​សសរ​គ្រឹះ​យ៉ាង​រឹងមាំ​ដដែល៕ ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ edition.cnn.com & eastasiaforum.org
X
5s