បើ​មាន​ចំណុច​សំខាន់ៗ​ទាំង​នេះ ​​​មាន​ន័យ​ថា អ្នក​មាន​និស្ស័យ​ធ្វើជា​គ្រូ​បង្រៀន​តាំង​ពី​កំណើត​



​មិនមែនមនុស្សគ្រប់គ្នា​អាចក្លាយជាគ្រួបង្រៀនបាននោះទេ (ជាពិសេសគ្រួដែលពូកែ)គឺវាអាស្រ័យទៅលើចំណង់ចំណូលចិត្ត និង ទេពកោសល្យពីកំណើត ដែលនាំឲ្យពេលក្លាយជាគ្រូបង្រៀននោះ គឺពោរពេញទៅដោយសិល្បៈក្នុងការបង្រៀន ឬ វិធីសាស្រ្តក្នុងការបង្រៀនល្អៗ ដែលធ្វើឲ្យសិស្សមានអារម្មណ៍ថា មិនស្តាយពេល ឬ ​ធុញពេលចូលថ្នាក់ម្តងៗ។ ខាង​ក្រោម​ជា​ចំណុច​ដែល​អាចបញ្ជាក់ថា អ្នកមាននិស្ស័យក្នុងការធ្វើជាគ្រូបង្រៀន៖

១) អ្នក​មាន​ចំណង់​​ក្នុង​ការ​រៀន​និង​​ចែក​រំលែក​៖ ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អាន​និង​ធ្វើ​ការ​ស្រាវជ្រាវ​ទៅ​លើ​ប្រធាន​បទ​ណា​មួយ ហើយ​អ្នក​ចូល​ចិត្ត​ចែក​រំលែក​ព័ត៌មាន​ទៅ​កាន់​អ្នក​ដទៃ​ទៀត​នោះ អាជីព​ជា​គ្រូ​​បង្រៀន​ពិត​ជា​ស័ក្ដិសមសម្រាប់​អ្នក។

២)​ពេលប្រឈម​នឹង​បញ្ហា​ឬ​ឧបសគ្គ អ្នកមិនដែលរារែក​៖ អាជីព​ជា​គ្រូ​បង្រៀន​ជួប​ប្រទះ​​និង​ដោះ​ស្រាយ​នូវ​បញ្ហា​ជា​ច្រើន មិន​ថា​បញ្ហា​ក្នុង​ថ្នាក់​និង​ក្រៅ​ថ្នាក់។ លើស​ពី​នេះ​ទៅ​ទៀត គ្រូ​បង្រៀន​ក៏​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ជា​មួយ​អាណាព្យាបាល​និង​ម្ចាស់​សាលា​ផង​ដែរ។ វា​អាច​ជា​ឧបសគ្គ​​ដែល​អាច​ហួស​ពី​ការ​រំពឹង​ទុក។ ដូច្នេះប្រសិនបើ អ្នកជាមនុស្សដែលមិនរារែកនៅពេលជួបបញ្ហាផ្សេងៗនោះ មានន័យថា វាជាចំណុចមួយដែលអ្នកអាចធ្វើជាគ្រូបាន។

៣) ពូកែជំរុញ​ទឹក​ចិត្ត៖ អ្នក​ជា​មនុស្ស​វិជ្ជមាន​ដែល​តែង​តែ​មើល​ឃើញ​ឱកាស​ក្នុង​ការ​រីក​ចម្រើន។ មិន​តែ​ប៉ុណ្ណោះ អ្នក​ជំរុញ​ទឹក​ចិត្ត​អ្នកដទៃឲ្យបន្តធ្វើកិច្ចការផ្សេងៗ។ ជាទូទៅ សិស្សតែងតែមានអារម្មណ៍បាក់ទឹកចិត្តនៅពេលដែលជួបបញ្ហាផ្សេងៗក្នុងពេលរៀន ជាពិសេសចំណុចដែលរៀនមិនយល់ ដូច្នេះហើយ បើអ្នកពូកែខាងលើកទឹកចិត្តសិស្ស​ឲ្យបន្តសិក្សាទៀតនោះ គឺមានន័យថា អ្នកពិតជាស័ក្តិសមជាគ្រូពិតប្រាកដ។

៤)​អាចធ្វើ​ការ​ច្រើន​ម៉ោងដោយមិនធុញ​៖ អាជីព​ជា​គ្រូ​បង្រៀន​មិន​មែន​ធ្វើ​ការ​ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ​នោះ​ទេ អ្នក​ត្រូវ​រៀប​ចំ​ការ​ប្រលង រក​លំហាត់​ឲ្យសិស្ស​​ រៀប​ចំ​កម្មវិធី​សិក្សា។ល។ មាន​ពេល​ខ្លះ​ អ្នក​គ្មាន​សូម្បី​តែ​ថ្ងៃសៅរ៍​និង​ថ្ងៃ​អាទិត្យ។ តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​នៅ​តែ​ពេញ​ចិត្ត​និង​សប្បាយ​រីករាយ​នឹង​ការងារ។ ដូច្នេះហើយ បើអ្នកជាមនុស្សដែលមិនរារែក ឬ ធុញទ្រាន់ចំពោះការធ្វើការច្រើនម៉ោងនោះ គឺមានន័យថា អ្នក​អាចធ្វើជាគ្រូបង្រៀនបាន៕

ប្រែ​សម្រួល៖ អុឹង មុយយូ ប្រភព៖ www.kangan.edu.ai​​​

X
5s