ហេតុអ្វី​បាន​ជា​ការ​អប់​រំ​ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​ភាព​ជោគជ័យ?​



ហេតុអ្វី​បាន​ជា​ការ​អប់​រំ​ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​ភាព​ជោគជ័យ? ​ប្រសិន​​វា​ពិត​ជា​មាន​សារៈសំខាន់​មែន តើ​វា​សំខាន់​ដល់​កម្រិត​ណា​? 

គេតែងនិយាយថា ការអប់រំ​ជាវិធីមួយ ដើម្បីរំដោះមនុស្សចេញពីភាពល្ងង់ខ្លៅ និង អវិជ្ជា ទៅជាមនុស្សភ្លឺស្វាងក្នុងជីវិត។ ភ្លឺស្វាងក្នុងជីវិត ព្រោះមិនងាយចាញ់បោកគេ (មានមូលដ្ឋានគិតគ្រប់គ្រាន់) ព្រោះ​អាចបែងចែកអ្វីល្អ និងអាកក្រក់ប្រសើរជាងមុន  ហើយក៏អាចមានការងារល្អ ​និង ប្រាក់ចំណូលប្រសើរជាងមុន។ ការ​អប់រំ​ផ្តល់​អត្ថប្រយោជន៍​ដល់​ជីវិត​ផ្ទាល់​ខ្លួន​និង​អាជីព​ការងារ​ជា​ច្រើន។ ការ​បញ្ចប់​ការ​សិក្សា​ថ្នាក់​កម្រិត​ខ្ពស់​​បង្ហាញ​ថា​អ្នក​​ជា​មនុស្ស​ដែល​មាន​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​​និង​​បាន​ប្រើ​ប្រាស់​ទ្រឹស្ដី និង គំនិតល្អៗ​ក្នុង​ការ​សម្រេច​គោល​ដៅ​ជា​ច្រើន។

​​​​ប្រសិន​ជា​អ្នក​រៀន​កាន់​តែ​ច្រើន អ្នក​នឹង​ចេះ​កាន់​តែ​ច្រើន។ ​ប្រសិន​ជា​អ្នក​បញ្ចប់​ការ​សិក្សា​ថ្នាក់​ខ្ពស់ ប្រាក់​ខែ​របស់​អ្នកក៏អាចខ្ពស់ជាងអ្នកដទៃដែរ ប៉ុន្តែត្រូវប្រាកដថា ចំណេះដឹងរបស់អ្នកពិតជាខ្ពស់ដូចកម្រិតសិក្សានោះមែន បើមិនអ៊ីចឹងហើយ គឺមានតែសញ្ញាប័ត្រ តែគ្មានសញ្ញាឃើញ (សំដៅលើអ្វីដែលអ្នកចេះពិតប្រាកដ និង អាចធ្វើបាន)។ ដូច្នេះ សិស្សទាំងអស់ក៏ត្រូវការបទពិសោធន៍ការងារដែរ មិនមែនរៀនតែនៅសាលានោះទេ ព្រោះសាលា​ភាគច្រើនបង្រៀនតែទ្រឹស្តីប៉ុណ្ណោះ អ៊ីចឹងហើយ ​ត្រូវតែព្យាយាមចូលប្រឡូកក្នុងកិច្ចការផ្សេងៗក្នុងសង្គម ដើម្បីប្រាកដថា អ្នកមានបទពិសោធន៍ និង ចំណេះដឹងគ្រប់គ្រាន់ក្រោយបញ្ចប់ការសិក្សា។ បើនិយាយ​ពីប្រទេសនីមួយៗលើលោកនេះ គេកម្រឃើញប្រទេសណាមួយដែលមានការរីកចម្រើន ដោយមិនមានប្រជាជនចេះដឹងណាស់។

មិនបាច់និយាយប្រទេសណាឆ្ងាយនោះទេ គឺមើលត្រឹមតែសិង្ហបុរី គេដឹងយ៉ាងច្បាស់អំពី សារសំខាន់នៃការអប់រំ ព្រោះបើកូនប្រទេសតូចមួយសោះ តែអាចក្លាយជាប្រទេសដ៏រីកចម្រើន ហើយជីវភាព និង កម្រិតចំណេះដឹងរបស់ប្រជាជនសិង្ហបុរីវិញ គឺមិនចាញ់ពួកលោកខាងលិចនោះទេ។ ដូច្នេះហើយ ដើម្បីក្លាយជាមនុស្សម្នាក់ដែលមានប្រយោជន៍  គឺត្រូវតែព្យាយាមសិក្សារៀនសូត្រឲ្យបានច្រើន។  ពាក្យថា រៀននេះ មិនមែនចាំតែធ្វើនៅសាលាតែម្យ៉ាងនោះទេ បើអ្នកតាំងចិត្តក្នុងការៀន និង បើកចិត្តឲ្យទូលាយក្នុងការទទួលយកចំណេះដឹង ដើម្បីអភិវឌ្ឍន៍ខ្លួននោះ ទីណាក៏អាចជាកន្លែងរៀនសូត្របានដែរ៕

ប្រែ​សម្រួល៖ អឹុង មុយយូ ប្រភព៖ www.verywell.com

X
5s