ក្នុង​នាម​ជា​ឪពុកម្ដាយ​និង​បង​គេតើ​អ្នក​គួរ​ធ្វើ​អ្វី​ខ្លះ​ ​ដើម្បី​ឲ្យ​កូន​ៗ​និង​ប្អូន​ៗ រស់​នៅ​ប្រកប​ដោយ​ភាព​រីករាយ​?​



ជឿជាក់​ថា ឪពុកម្ដាយ គ្រប់​រូប ​ក៏​ដូច​ជា​បង​ៗ តែង​ចង់​ឃើញ​ក្មេង​ៗ នៅ​ក្នុង​ផ្ទះ រស់​នៅ​ដោយ​សប្បាយ​រីករាយ មិន​​ចេះ​ឈ្លោះ​ប្រកែក​គ្នា ហើយ​​កាន់​តែ​ស្រឡាញ់​គ្នា​ខ្លាំង​។ ហេតុ​នេះ​ហើយ​ វិធី​ទាំង​នេះ​ហើយ ដែល​អ្នក​គួរ​តែ​អនុវត្ត​៖

១) ផ្ដល់​ពេលវេលា​ឲ្យ​ពួក​គេ​បាន​លេង​សប្បាយ​៖ ទោះ​បី​ជា​ការ​រៀន​សូត្រ ការ​ធ្វើ​កិច្ចការ​ផ្ទះ​សាលា​ គឺ​ជា​កាតព្វកិច្ច​ របស់​ពួក​គេ​ពិត​មែន ។ តែ​ក្មេង​ៗ ក្នុង​វ័យ​នេះ​គួរ​មាន​ពេលវេលា​ខ្លះ​ដើម្បី​លេង ឬ​ធ្វើ​អ្វី​ដែល​គេ​ចង់​ធ្វើ​។ ហេតុ​នេះ អ្នក​គួរ​ឧស្សាហ៍ បើក​ឱកាស​ឲ្យ​គេ​បាន​ទៅ​លេង​ខាង​ក្រៅ ជាមួយ​បងប្អូន​តូច​ៗ ឬ​ក៏​មិត្ត​ភក្ដិ​ខ្លះ​ផង​។

២) កុំ​ប្រៀបធៀប​ពួក​គេ​នឹង​ក្មេង​ដទៃ ៖ ចាស់​ៗ មួយ​ចំនួន តែង​តែ​​ប្រៀបធៀប​បែប​នេះ​ឬ​ក៏​បែប​នោះ ទៅ​នឹង​ក្មេង​ដទៃ ៗ​ដែល​ពួក​​គាត់​ស្គាល់។ ពេល​ខ្លះ​ ពួក​គេ​មាន​ នូវ​អ្វី​ដែល​អ្នក​ដទៃ គ្មាន​ក៏​ថា​បាន​។ យោង​តាម​អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ដឹង​ថា « ក្មេង​ៗ ដែល​តែង​តែ​ទទួល​ការ​ប្រៀប​ធៀប​ ជាមួយ​អ្នក​ដទៃ គឺ​ ងាយ​នឹង​បាត់បង់​ភាព​ក្លាហាន ព្រម​ទាំង​ការ​ជឿជាក់​លើ​ខ្លួន​ឯង​ណាស់»។​

៣) ត្រូវ​ដឹង​ថា​គេ​ខិតខំ​អ្វី​ខ្លះ​៖ ការ​ដឹង​ថា​តើ​ក្មេង​ៗ បាន​ខិតខំ​អ្វី​ខ្លះ គឺ​ជា​ផ្នែក​មួយ​ជំរុញ​ឲ្យ​គេ​ខំ​នូវ​អ្វី​ដែល​គេ​កំពុង​ធ្វើ ដោយ​មិន​បាក់​ទឹកចិត្ត​។​

៤) ផ្ដល់​ឱកាស​ឲ្យ​គេ​ធ្វើ​អ្វី​ដែល​ចង់​ធ្វើ​៖ អ្នក​ត្រូវ​យល់​ថា វា​ជា​រឿង​ល្អ​ប៉ុណ្ណា​ទៅ នៅ​ពេល​ក្មេង​ម្នាក់​ចេះ​ចង់​ធ្វើ​អ្វី​មួយ​ដោយ​ខ្លួន​ឯង​។ ហេតុ​នេះ អ្វី​ដែល​អ្នក​គួរ​ធ្វើ គឺ​ការ​លើក​ទឹក​ចិត្ត ព្រម​ទាំង​ផ្ដល់​ឱកាស​ឲ្យ​គេ​ធ្វើ​អ្វី​ដែល​ចង់​ទៅ​។

៥) បង្កើត​ការ​ចងចាំ​មួយ​ពោរពេញ​ដោយ​ក្ដី​សប្បាយ​រីករាយ​៖ ពេល​ខ្លះ​ភាព​សប្បាយ​រីករាយ វា​មិន​អាច​កើត​ឡើង បាន​ដោយ​មនុស្ស​តែ​ម្នាក់​នោះ​ទេ។ គប្បី​កើត​ចេញ​ឡើង​ពី​គ្រួសារ​ទាំង​មូល។ ដូច​នេះ​ក្នុង​នាម​ជា​ឪពុកម្ដាយ និង​បង​ៗ អ្នក​គួរ​ចេះ​​បង្កើត​ ការ​ចងចាំ​ដែល​ពោរពេញ​ដោយ​ក្ដី​សប្បាយរីករាយ​ និង​មាន​សុភមង្គល ឲ្យ​បាន​ច្រើន ទើប​ក្មេង​ៗ អាច​រស់​នៅ​​ដោយ​មាន​ស្នាម​ញញឹម​រៀង​រាល់​ថ្ងៃ​បាន​៕

ប្រែ​សម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.powerofpositivity.com

X
5s