អត្ថប្រយោជន៍សំខាន់ៗនៃការគេងមួយស្រលេត ដែលអ្នកមិនត្រូវមើលរំលង!
ការគេងមួយស្រលេត មិនមែនមានន័យថា អ្នកខ្ជិលនោះទេ តែវាពិតជាមានសារសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សគ្រប់គ្នា ជាពិសេសអ្នកដែលធ្វើការច្រើនម៉ោង។
អ្នកប្រហែលជាធ្លាប់បានគេងមួយស្រលេតនៅពេលមានអារម្មណ៍ថា អស់កម្លាំងខ្លាំងពេក ប៉ុន្តែប្រហែលជាមិនបានដឹងច្បាស់ថា វាមានប្រយោជន៍អ្វីខ្លះនោះទេ។
ខាងក្រោមនេះ គឺជាប្រយោជន៍សំខាន់ៗ៖
- ពង្រឹងការចងចាំ៖ ជាការពិតណាស់ ការសម្រុកធ្វើការជាច្រើនម៉ោងផ្ទួនៗ នឹងធ្វើឲ្យខួរក្បាលរបស់អ្នក មានភាពនឿយហត់ ហើយក៏បណ្តាលឲ្យការចងចាំចុះខ្សោយផងដែរ។ ការស្រាវជ្រាវមួយចំនួនបង្ហាញថា ការឆ្លៀតពេលគេងមួយស្រលេតយ៉ាងហោចណាស់ឲ្យបាន២០នាទីនោះ គឺអាចជួយឲ្យពង្រឹងឲ្យសមត្ថភាពខួរក្បាលរបស់អ្នកមានភាពប្រសើរឡើងវិញ។
- បន្ថយភាពស្មុគស្មាញ៖ ការគេងមួយស្រលេតអាចជួយឲ្យខួរក្បាលរបស់អ្នក មានពេលសម្រាកក្រោយពេលធ្វើការអស់រយៈពេលជាច្រើនម៉ោងរួចមក។ ការផ្តល់ពេលឲ្យខួរក្បាលមានពេលសម្រាកនេះ មានន័យថា អ្នកអាចកាត់បន្ថយភាពតានតឹង និង ស្មុគស្មាញកន្លងមកផងដែរ។
- ពង្រឹងថាមពលឡើងវិញ៖ ការចំណាយពេលយូរពេកលើការងារនោះ នឹងធ្វើឲ្យអ្នកមានអារម្មណ៍ថា នឿយហត់ និងអស់កម្លាំង។ ដូច្នេះហើយ ដើម្បីឲ្យថាមពលរបស់អ្នកត្រលប់មករកភាពដើមវិញ អ្នកគួរតែឆ្លៀតពេលគេងមួយស្រលេត ដើម្បីអាចមានកម្លាំងបន្តការងារទៅមុខទៀត។
- ជួយការពារបញ្ហាបេះដូង៖ បើយោងតាមការស្រាវជ្រាវរបស់ក្រុមអ្នកជំនាញក្រិកឆ្នាំ២០០៧ បង្ហាញថា ការឆ្លៀតពេលគេងមួយស្រលេត អាចជួយឲ្យមនុស្សភាគច្រើនគេចផុតពីជម្ងឺបេះដូងរហូតដល់៣៧ ភាគរយ៕
ដោយ៖ រតនា វិចិត្រ ប្រភព៖ www.lifehack.org & www.huffingtonpost.com