ប្រយោជន៍សំខាន់ៗ៥យ៉ាង ដែលទទួលបាន នៅពេលអ្នកព្យាយាមស្តាប់ច្រើនជាងនិយាយអត់ប្រយោជន៍!
មនុស្សភាគច្រើន ចូលចិត្តនិយាយច្រើនណាស់នៅពេលជួបជាមួយនឹងនរណាម្នាក់ ប៉ុន្តែបែបជាមិនសូវស្តាប់ទៅវិញ។ ប្រការនេះហើយ តែងធ្វើឲ្យការសន្ទនាគ្នា ឬ ការចរាចរផ្សេងៗមិនអាចជោគជ័យបានដោយងាយ ព្រោះបើម្នាក់ៗសុទ្ធតែធ្វើបែបនេះ គឺមិនដឹងជានរណាស្តាប់នរណាទេ។ ដូច្នេះហើយ ជាទម្លាប់ដ៏ល្អ អ្នកត្រូវតែស្តាប់ឲ្យបានច្រើនជាងនិយាយ។ ខាងក្រោមនេះ ជាហេតុផលសំខាន់ៗ ដែលត្រូវស្តាប់ឲ្យបានច្រើនជាងនិយាយ៖
១) ដឹងច្បាស់អ្វីគួរនិយាយ និង មិនគួរនិយាយ៖ ស្តាប់ឲ្យបានច្រើន ហើយសឹមនិយាយនោះ នឹងជួយឲ្យអ្នកយល់ច្បាស់អំពីបំណងរបស់អ្នកដទៃថា ពួកគេចង់បានអ្វី និង មិនចង់បានអ្វី ដូច្នេះហើយអ្នកអាចនិយាយឆ្លើយតបជាមួយនឹងគោលសំខាន់ៗ ដែលចង់បាន។ ចំណុចនេះ ជួយឲ្យកិច្ចសន្ទនារបស់អ្នក អាចដំណើរការយ៉ាងរលូនតែម្តង។
២) បង្ហាញថា អ្នកជាមនុស្សម៉ត់ចត់៖ នៅពេលអ្នកព្យាយាមស្តាប់ដៃគូរបស់អ្នកយ៉ាងយកចិត្តទុកដាក់ ហើយឆ្លើយតបជាមួយនឹងពាក្យសម្លីដ៏មានន័យនោះ វាពិតជាបញ្ជាក់ថា អ្នកជាមនុស្សដែលពោរពេញទៅដោយភាពម៉ត់ចត់បំផុត។
៣) បង្ហាញពីការគោរពចំពោះភាគីម្ខាងទៀត៖ បើអ្នកនិយាយច្រើនជាងស្តាប់ ហើយមិនទុកឱកាសឲ្យភាគីម្ខាងទៀតមានពេលដើម្បីនិយាយទេនោះ វាបញ្ជាក់ថា អ្នកជាមនុស្សមិនគោរពចំពោះពួកគេនោះឡើយ។ ប៉ុន្តែបើអ្នកស្តាប់ដោយការយកចិត្តទុកដាក់ ហើយនិយាយអ្វីដែលជាការគួរនោះ នឹងធ្វើឲ្យភាគីម្ខាងទៀតមានអារម្មណ៍ថា អ្នកគោរពពួកគេ។
៤) បញ្ចៀសជម្លោះ៖ ក្នុងពេលដែលមានបញ្ហាម្តងៗ មនុស្សភាគច្រើនចូលចិត្តនិយាយច្រើនជាងស្តាប់ ជាហេតុនាំឲ្យបញ្ហានោះកាន់តែផ្ទុះខ្លាំងឡើង ព្រោះម្នាក់ៗចង់និយាយយកឈ្នះរៀងៗខ្លួន រហូតដល់បង្កជាហិង្សាក៏មាន។ ដូច្នេះហើយ ទោះជាស្ថិតក្នុងស្ថានភាពណាក៏ដោយ អ្នកគួរតែព្យាយាមស្តាប់ឲ្យបានច្រើន មុនពេលហាមាត់និយាយស្តី ព្រោះថា ពាក្យផ្តេសផ្តាសមួយម៉ាត់របស់អ្នក អាចបង្កជាបញ្ហារាប់រយក៏ថាបាន។
៥) មានពេលគ្រប់គ្រាន់ដើម្បីសម្រេចចិត្តដ៏ត្រឹមត្រូវ៖ ស្តាប់ឲ្យបានច្រើន មានន័យថា អ្នកក៏ទទួលបានព័ត៌មានច្រើនផងដែរ ដូច្នេះហើយអ្នកមានពេលគ្រប់គ្រាន់ដើម្បីធ្វើការសម្រេចចិត្តលើកិច្ចការណាមួយប្រកបដោយប្រសិទ្ធភាពខ្ពស់៕
ដោយ៖ រតនា វិចិត្រ