សុភាសិតដ៏មានតម្លៃរបស់អ៊ីស្រាអែល៖ «កុំដេក ប្រសិនបើអ្នកចង់ឲ្យសុបិនក្លាយជាការពិត»
«កុំដេក ប្រសិនបើអ្នកចង់ឲ្យសុបិនក្លាយជាការពិត» ។នេះជាសុភាសិតរបស់ជនជាតិអ៊ីស្រាអែល ដែលជាជនជាតិមួយត្រូវពិភពលោកទទួលស្គាល់ថា ពូកែ ខ្លាំង ឬ អាចនិយាយថា ជាជនជាតិគំរូមួយ។ តាមរយៈសុភាសិតនេះ យើងអាចសន្និដ្ឋានបានខ្លះៗថា ភាពរីកចម្រើនរបស់អ៊ីស្រាអែលសព្វថ្ងៃនេះគឺមិនមែនជារឿងចៃដន្យនោះទេ។
និយាយដល់សុភាសិតនេះ យើងសូមរម្លឹកអំពីភាពតស៊ូ និង ភាពអស្ចារ្យរបស់ជនជាតិមួយនេះបន្តិច។ ជនជាតិជនជ្វីហ្វ ឬ អ៊ីស្រាអែល ធ្លាប់បានបាត់បង់ប្រទេសរបស់ខ្លួនរាប់ពាន់ឆ្នាំ ប៉ុន្តែជនជាតិមួយនេះមិនដែលភ្លេចពីគោលដៅក្នុងការបង្កើតប្រទេសរបស់ខ្លួនឡើងវិញនោះទេ ទោះបីជាពួកគេបានរស់នៅរសាត់អណ្ដែតលើទឹកដីជាតិសាសន៍ដទៃអស់រយៈកាលដ៏យូរក៏ដោយ។
អ៊ីចឹងនៅសម័យសង្គ្រាមលោកលើកទី១ ជនជាតិជ្វីហ្វកាន់តែច្រើនឡើងៗបានចូលទៅ តាំងទីលំនៅនៅលើទឹកដីប៉ាឡេស្ទីន ដែលជាអតីតទឹកដីរបស់ខ្លួនកាលពីរាប់ពាន់ឆ្នាំមុន។ ហើយនៅក្នុងសម័យសង្គ្រាមលោកលើកទី២ ដោយសារតែមានការកាប់សម្លាប់ជនជាតិជ្វីហ្វយ៉ាងព្រៃផ្សៃនៅអាល្លឺម៉ង់ ក៏បានធ្វើឲ្យចលនាត្រឡប់មកកាន់ទឹកដីកំណើតរបស់ខ្លួនវិញកាន់តែច្រើន រហូតបង្កើតជារដ្ឋឡើងវិញ ដែលស្គាល់ថា ជាប្រទេសអ៊ីស្រាអែល។
ក្នុងចលនាបង្កើតប្រទេសឡើងវិញនោះ មានប្រទេសជាច្រើនដែលនៅតំបន់អារ៉ាបបានមូលមាត់គ្នា ដើម្បីកម្ទេចចលនាបង្កើតរដ្ឋរបស់អ៊ីស្រាអែល ប៉ុន្តែទោះបីជាប្រជាជនតិច ធនធានតិច អាវុធមិនសូវទំនើប និង ទ័ពក៏តិច ក៏ដោយក៏ជនជាតិអ៊ីស្រាអែលមិនដែលចុះចាញ់នោះឡើយ ពោលគឺមិនដែលស្គាល់ពាក្យថា ចាញ់សង្គ្រាម ព្រោះវាគឺជាការតាំងចិត្តក៏មុតមាំ ដើម្បីធ្វើឲ្យសុបិនក្លាយជាការពិត។
ទីបំផុត នៅឆ្នាំ១៩៤៨ ប្រទេសអ៊ីស្រាអែលបានប្រកាសឯករាជ្យពេញទីរបស់ខ្លួន ហើយនៅឆ្នាំ១៩៤៩ អង្គការសហប្រជាជាតិក៏ទទួលស្គាល់ឯករាជ្យភាពប្រទេសនេះជាផ្លូវការ។ សរុបសេចក្ដីមក គ្មានភាពជោគជ័យណាមួយដែលកើតឡើងដោយមិនមានការប្រឹងប្រែងនោះទេ ដូច្នេះហើយ បើចង់ជោគជ័យក្នុងជីវិត គឺត្រូវបំភ្លេចពាក្យថា «ខ្ជិល» ហើយត្រូវដាក់ចិត្តធ្វើការងារនោះ រហូតបានសម្រេច៕
ដោយ៖ រតនា វិចិត្រ