បើចង់សល់លុយច្រើន អាចដើរកម្សាន្តតាមទីដែលអ្នកប្រាថ្នា កុំភ្លេចគន្លឹះទាំងនេះ
វាមិនមែនជាកំហុសរបស់អ្នកដែលចង់ដើរកម្សាន្តច្រើននោះទេ ហើយក៏គ្មាននរណាម្នាក់ស្តីបន្ទោសអ្នកដោយសារតែអ្នកចង់ដើរកម្សាន្តផងដែរ។ ជាការពិតណាស់ ការដើរលេងល្អចំពោះសុខភាព ផ្លូវចិត្តថែមទាំងអាចផ្លាស់ប្តូរជីវិតរបស់អ្នកទៀតផង។ អនុវត្តវិធីសាស្រ្តខាងក្រោមនេះ អ្នកនឹងដើរលេងទីកន្លែងដែលអ្នកប្រាថ្នា៖
១) កត់ត្រានូវការចំណាយរបស់អ្នក៖ ចំណុចទីមួយដែលអ្នកគួរធ្វើគឺកត់ត្រារាល់ការចំណាយរបស់អ្នកហើយសិក្សាពីវា។ ប្រសិនជាអ្នកមិនយកចិត្តទុកដាក់នោះទេអ្នកងាយនឹងចាយលើសពីចំណូលរបស់អ្នក។ ប្រសិនជាអ្នកសិក្សាកាន់តែខ្លាំង អ្នកនឹងប្រទះឃើញនូវអ្វីដែលអ្នកមិនគួរចំណាយ។
២) ចាយលុយដោយសាច់ប្រាក់៖ ជាការពិតណាស់ ការចាយលុយដោយសាច់ប្រាក់ពិតជាផ្តល់នូវភាពងាយស្រួយជាជាងការចាយលុយជាកាត។ ចាយលុយដោយសាច់ប្រាក់ អ្នកងាយស្រួលដឹងពីចំនួនដែលអ្នកចាយហើយអ្នកដឹងពីចំនួនលុយដែលអ្នកនៅសល់។
៣) សន្សំលុយដោយផឹកកាហ្វេនៅផ្ទះ៖ តើអ្នកដឹងថាអ្នកចំណាយលុយអស់ប៉ុន្មានទេដោយគ្រាន់តែផឹកកាហ្វេនៅខាងក្រៅជារៀងរាល់ថ្ងៃ? អ្នកអាចសន្សំលុយបានជាច្រើនដោយឆុងកាហ្វេខ្លួនឯងនៅផ្ទះ។
៤) អាហារពីផ្ទះ៖ ក្រៅពីកាហ្វេ អ្នកក៏អាចសន្សំដោយចម្អិនម្ហូបពីផ្ទះ។ ប្រសិនជាអ្នកយកអាហារពីផ្ទះទៅកន្លែងធ្វើការរៀងរាល់ថ្ងៃ អ្នកសាកគិតទៅមើលតើមួយឆ្នាំអ្នកសល់លុយប៉ុន្មាន?
ប្រែសម្រួល៖ អុឹង មុយយូ ប្រភព៖ www.lifehack.org