ខ្សែភាពយន្ត​រឿង «​មុនដំបូង ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» បាន​ចាក់​បញ្ចាំង​ជា​លើកដំបូង​នៅលើ​ទឹកដី​អង្គរ​​



​កាលពី​ថ្ងៃ​សៅរ៍​ទី 18 ខែកុម្ភៈ ខ្សែភាពយន្ត​រឿង «​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» បាន​ចាក់​បញ្ចាំង​ជា​លើកដំបូង​នៅ​លានជល់ដំរី​នៅ​បរិវេណ​ប្រាសាទអង្គរវត្ត​នៅក្នុង​ខេត្តសៀមរាប ប្រទេស​កម្ពុជា​មុនពេល​ចេញផ្សាយ​ខ្សែភាពយន្ត​នេះ​ទៅកាន់​ទូទាំង​ពិភពលោក​នៅពេល​ក្រោយ​នា​ចុង​ឆ្នាំនេះ​នៅលើ​គេហទំព័រ​របស់​ក្រុមហ៊ុន Netflix Inc ។​ នេះ​គឺជា​ព្រឹត្តិការណ៍​ពិ​សេសមួយ​សម្រាប់​ប្រជាជន​កម្ពុជា ក្រោម​ព្រះរាជធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ហើយ​និង​តារាភាពយន្ត​ហូលីវូដ​អ្នកស្រី អែន​ជឺ​លី​ណា ជោ​លី អ្នកស្រី អ៊ុង លួង និង​លោក​ប៉ាន់ រិទ្ធី។​ ​ខ្សែភាពយន្ត​រឿង «​មុនដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» ដែល​បាន​ដឹកនាំ​ផ្ទាល់​ដោយ​អ្នកស្រី អែន​ជឺ​លី​ណា ជោ​លី ត្រូវបាន​ផលិតឡើង​សម្រាប់​ឧទ្ទិស​ដល់​អ្នក​ដែល​បាន​ស្លាប់ និង​អ្នក​ដែល​បាន​រួច​ផុតពី​ការស្លាប់​ក្រោម​របប​ខ្មែរក្រហម​។ ខ្សែភាពយន្ត​រឿងនេះ​ផ្តោត​សំខាន់​លើ​សេចក្ដីស្រឡាញ់​និង​ការលះបង់​របស់​ក្រុមគ្រួសារ​ខ្មែរ និង​ឆ្លុះបញ្ចាំង​ពី​ភាពស្រស់ស្អាត ដួងវិញ្ញាណ និង​ស្មារតី​រឹងមាំ​របស់​ប្រជាជន​ខ្មែរ និង​វប្បធម៌​ខ្មែរ​។​ ​ខ្សែភាពយន្ត​រឿង «​មុនដំបូង ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» គឺជា ភាពយន្ត​ប្រែ​សម្រួល​ចេញពី​ការចងចាំ​ដ៏​ឈឺចាប់​របស់​អ្នកស្រី អ៊ឹង លួង ដែលជា​អ្នកនិពន្ធ​សៀវភៅ និង សកម្មជន​ការពារ​សិទ្ធិមនុស្ស​។ អ្នកស្រី​បាន​រួចផុតជីវិត​ពីរ​បប​ខ្មែរក្រហម​ដ៏​សាហាវយង់ឃ្នង ពី​ឆ្នាំ ១៩៧៥ ដល់ ឆ្នាំ​១៩៧៩​។ សាច់រឿង​ត្រូវបាន​រៀបរាប់​តាម​ការមើលឃើញ​របស់​អ្នកស្រី​តាំងពី អាយុ​៥​ឆ្នាំ នៅពេលដែល​ខ្មែរក្រហម​ឡើងកាន់​អំណាច រហូតដល់​គាត់​អាយុ​៩​ឆ្នាំ​។ ខ្សែភាពយន្ត​នេះ​ឆ្លុះបញ្ចាំង​អំពី​ស្មារតី​យ៉ាង​មោះមុត និង ការតស៊ូ​យ៉ាង​ប្តូរផ្តាច់​របស់​គ្រួសារ​អ្នកស្រី ដើម្បី​បានរស់នៅ​ជាមួយគ្នា​យ៉ាង​វេទនា​អំឡុង​សម័យ​ខ្មែរក្រហម​។​ ​អ្នកស្រី អ៊ឹង លួង បាន​រួចផុតជីវិត ហើយ​បាន​និពន្ធ​រឿង មុនដំបូង ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​៖ កូនស្រី​របស់​កម្ពុជា​ចងចាំ​មិន​ភ្លេច ដែល​បាន​បោះពុម្ព​លើកដំបូង​នៅក្នុង​ឆ្នាំ ២០០០ ។ បន្ទាប់ពី​បាន​អាន​កំណត់ហេតុ​ពី​ប្រវត្តិ​របស់​អ្នកស្រី អ៊ឹង លួង អ្នកស្រី អែន​ជឺ​លី​ណា ជោ​លី បាន​ទាក់ទង​គាត់​ជាង​មួយ​ទសវត្សរ៍​មកហើយ​ហើយ​ពួកគេ​បាន​រាប់អាន​គ្នា​ជា​មិត្ត​ជិតស្និទ្ធ​ចាប់តាំងពី​ពេលនោះ​មក​។​ ​ខ្សែភាពយន្ត​នេះ​ត្រូវបាន​ថត​ក្នុង​ទីតាំង​ប្រទេស​កម្ពុជា​ចាប់ពី​ខែវិច្ឆិកា ឆ្នាំ ២០១៥ រហូតដល់​ខែកុម្ភៈ ឆ្នាំ ២០១៦​។ ខ្សែភាពយន្ត​នេះ​បាន​ថត​ជា​ភាសា​ខ្មែរ​ទាំងស្រុង ហើយ​ជា​ខ្សែភាពយន្ត​ខ្នាត​ធំជាងគេ​ដែល​មិន​ធ្លាប់បាន​ផលិតឡើង​ក្នុងប្រទេស​នេះ​។ អ្នកបច្ចេកទេស សិប្បករ និង​អ្នកជំនាញ​ផ្នែក​សិល្បៈ​ជា​ជនជាតិខ្មែរ​បាន​ចូលរួម​យ៉ាងច្រើន​បំផុត​ក្នុង​ក្រុមការងារ​ថត​ខ្សែភាពយន្ត​នេះ រួមជាមួយ​តួអង្គ​សម្តែង​តូចតាច​ចំនួន​ជាង 3500 នាក់​។ តួ​សម្ដែង​ក្នុង​ខ្សែភាពយន្ត​នេះ​សុទ្ធសឹងតែ​ជាតា​រា​តួ​សម្តែង​ខ្មែរ​ភាគច្រើន​ដែល​បាន​លេចមុខ​ក្នុង​ខ្សែភាពយន្ត​នេះ​ជា​លើកដំបូង​។ ស្រី​ម៉ុ​ច សារឿ​ម ដែល​បាន​ដើរតួ​អង្គ​សំខាន់​របស់​អ្នកស្រី អ៊ឹង លួង ដែលមាន​អាយុ​ពី​ប្រាំ​ទៅ​ប្រាំបួន​ឆ្នាំ ហើយ​និង​លាតត្រដាង​ពី​ទិដ្ឋភាព​នៃ​រឿងនេះ​ដែល​ស្ថិតនៅក្នុង​សាលារៀន​អង្គការ​មនុស្សធម៌​មួយ​ក្នុង​តំបន់​។​ ​តួអង្គ​ឪពុកម្តាយ​របស់​អ្នកស្រី អ៊ឹង លួង ត្រូវបាន​សម្តែង​ដោយ​លោក​ភឿង កុម្ភៈ និង​អ្នកនាង ស្វែង សុជាតា​។ លោក​ភឿង កុម្ភៈ​គឺជា​អ្នកបកប្រែ​អាជីព​នៅក្នុង​សាលាក្តី​ខ្មែរក្រហម ប៉ុន្តែ​បាន​ដើរតួ​សំខាន់​នៅក្នុង​ខ្សែភាពយន្ត​បារាំង​មួយ​ដែលមាន​ចំណងជើង​ថា ក្លោងទ្វារ (The Gate )​។ អ្នកនាង ស្វែង សុជាតា គឺជា​តារា​សម្តែង​ដ៏​ល្បី​មួយរូប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ បងប្អូន​របស់​អ្នកស្រី អ៊ឹង លួង ត្រូវបាន​សម្តែង​ដោយ​នី​តា និង​នី​កា​សារុន (​ហៅ​ហ្គិ​ច​) រុន ចិន្តា (​ជូ​) មុន គឹម​ហាក់ (​គឹម​) អូន ស្រី​នាង (​គាវ​) ឃួន​សុធា (​គួ​យ​) និង​ហេង តារា (​ម៉េង​) ។​ ​ខ្សែភាពយន្ត​រឿង «​មុនដំបូង ខ្មែរក្រហម​សម្លាប់​ប៉ា​របស់ខ្ញុំ​» គឺជា​ខ្សែភាពយន្ត​ដើម​របស់​ក្រុមហ៊ុន Netflix Inc ដែល​ផលិត​ដោយ​អ្នកស្រី អែន​ជឺ​លី​ណា ជោ​លី លោក ប៉ាន់​រិទ្ធី ជា​អ្នកដឹកនាំ​រឿង និង​ផលិតករ​ខ្សែភាពយន្ត​ខ្មែរ​ដ៏​ល្បីល្បាញ ដែល​បាន​ដឹកនាំ​រឿង «​ការបាត់បង់​រូបភាព​» ដែល​ភាសា​អង់គ្លេស​ហៅថា «the missing picture» បាន​ជាប់​ឈ្មោះ​ជា​បេក្ខជន​ក្នុងការ​ប្រកួតប្រជែង​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើមពាន​រង្វាន់​អូ​ស្កា និង​លោក Michael Vieira ផលិតករ​ខ្សែភាពយន្ត​ល្បីល្បាញ​នៃ​រឿង (By the Sea) ។ លោក Xavier Box (​រឿង​Umrika) និង​អ្នកស្រី Patricia Rommel (​រឿង The Lives of Others) គឺជា​អ្នក​កាត់​តនៃ​ខ្សែភាពយន្ត​នេះ​។ ​អ្នកស្រី អ៊ឹង លួង , Maddox Jolie-Pitt , Adam Somner (​រឿង Bridge of Spies) និង Charles Schissel (​រឿង The Prestige) គឺជា​ផលិតករ​ប្រតិបត្តិ​នៃ​ខ្សែភាពយន្ត​នេះ​។ លោក Anthony Dod Mantle ជា​អ្នកដឹកនាំ​រឿង​ដែល​បានឈ្នះ​ពានរង្វាន់ Academy Award (​រឿង Slumdog Millionaire) លោក Tom Brown ជា​អ្នក​ឌី​ហ្សា​ញ​ផលិតកម្ម (​រឿង By the Sea) និង​អ្នកស្រី Ellen Mirojnick ជា​អ្នក​ច្នៃ​ម៉ូដ​សម្លៀកបំពាក់ (​រឿង By the Sea) បាន​កាន់​មុខតំណែង​សំខាន់​ផ្នែក​ច្នៃប្រឌិត​នៃ​ខ្សែភាពយន្ត​នេះ​។​ ​ ចំពោះ​ ​ព័ត៌មាន​បន្ថែម​អំពី​ខ្សែភាពយន្ត​នេះ សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​៖ https://www.facebook.com/FirstTheyKilledMyFather
X
5s