អ្នកប្រាជ្ញជនជាតិក្រិក លោក អារីស្តូត៖ «ឫសគល់នៃការអប់រំ គឺល្វីង ប៉ុន្តែផ្លែផ្កានៃការអប់រំវិញ គឺផ្អែម»
«ឫសគល់នៃការអប់រំ គឺល្វីង ប៉ុន្តែផ្លែផ្កានៃការអប់រំវិញ គឺផ្អែម`»។ នេះជាការលើកឡើងរបស់លោក អារីស្តូត (Aristotle )ដែលមនុស្សភាគច្រើនស្គាល់ច្បាស់ថា ជាអ្នកប្រាជ្ញរបស់ក្រិក។
ក្នុងន័យដែលផ្ដល់តម្លៃយ៉ាងខ្លាំងលើការអប់រំនេះ លោកចង់បញ្ជាក់ថា គ្រប់ការអប់រំទាំងអស់ មិនមែនងាយស្រួលនោះឡើយ ប៉ុន្តែវាមនុស្សណាព្យាយាមតស៊ូដើម្បីទទួលបានការអប់រំល្អនោះ ពួកគេនឹងក្លាយជាមនុស្សដែលខ្ពង់ខ្ពស់ និង ជោគជ័យក្នុងជីវិតមិនខាន។
គ្មានប្រទេសខ្លាំងណាមួយដែល មានប្រព័ន្ធអប់រំអន់នោះឡើយ តួយ៉ាងដូចជា សហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ បារាំង និង សូម្បីតែប្រទេសសិង្ហបុរីដែលជាកូនប្រទេសតូចមួយនៅអាស៊ី។ ការអប់រំ ជួយឲ្យមនុស្សមានជំនាញ គំនិតខ្ពង់ខ្ពស់ និង ពូកែដោះស្រាយបញ្ហា ប៉ុន្តែទម្រាំឆ្លងកាត់ដំណាក់កាលដើម្បីក្លាយជាធនធានក៏កម្រនោះ គឺត្រូវហាត់ពត់លត់ដំជាច្រើន ជាពិសេសចំណាយពេលវេលា និង ធនធានមិនតិចឡើយ។
អ៊ីចឹងហើយ បើអ្នកចង់ក្លាយជាមនុស្សដែលរួចផុតពីភាពល្ងង់ខ្លៅ ភាពក្រីក្រ និង ការមើលងាយពីអ្នកដទៃនោះ អ្នកត្រូវតែរំដោះខ្លួនឲ្យផុតពីភាពអវិជ្ជា។ នៅពេលអ្នកក្លាយជាមនុស្សមានចំណេះដឹងខ្ពង់ខ្ពស់ហើយ មិនត្រឹមតែខ្លួនអ្នកទេដែលជោគជ័យ តែវាក៏ជួយឲ្យប្រទេសជាតិរបស់អ្នកអភិវឌ្ឍទៅមុខយ៉ាងរហ័សផងដែរ៕
ដោយ៖ រតនា វិចិត្រ