គោលការណ៍ជោគជ័យទាំង៤យ៉ាង ដែលអ្នកអាចរៀនសូត្រពីបងប្អូនត្រកូលKoch មហាសេដ្ឋីអាមេរិក
ក្រុមហ៊ុនឯកជនដ៏ធំជាងគេស្ថិតក្នុងលំដាប់ទី២របស់សហរដ្ឋអាមេរិកនៃទស្សនាវដ្ដីForbesក្នុងចន្លោះឆ្នាំ២០១៣ដល់២០១៥ មានឈ្មោះថា Koch Industries គ្រប់គ្រងដោយបងប្អូនប្រុសពីរនាក់ គឺលោក Charles Koch និងលោក David Koch។ ម្ចាស់នៃក្រុមហ៊ុនសាជីវកម្មចម្រុះជាតិសាសន៍ដ៏ធំទាំងពីររូបនេះ មានទ្រព្យសម្បត្តិក្នុង១នាក់រហូតដល់លើសពី៤០ពាន់លានដុល្លារឯណោះ។ តើអ្នកជំនួញទាំងពីររូបនេះ អាចពង្រីកអំណាចក្រុមហ៊ុនដែលជាកេរ្តិ៍មរតកបន្តពីឪពុកនេះដោយជោគជ័យបានយ៉ាងដូចម្ដេច ?
១) មិនត្រូវមានភាពភ័យខ្លាចក្នុងការពង្រីកមុខជំនួញនោះឡើយ៖ ចាប់កកើតដំបូងក្នុងឆ្នាំ១៩៤០ ដែលមានឪពុកលោក Fred Koch ជាស្ថាបនិក ឧស្សាហកម្មដ៏ធំសម្បើមមួយនេះ គ្រាន់តែជាក្រុមហ៊ុនចម្រាញ់ប្រេងតែមួយមុខប៉ុណ្ណោះ និងមានឈ្មោះថាWood River Oil and Refining Company។ ប៉ុន្តែក្រោយពីការស្លាប់របស់ឪពុកទៅ កូនប្រុសបង្កើតលោក Charles Koch ក៏ចូលមកជំនួសបន្ត កែប្រែពីក្រុមហ៊ុនដែលធ្លាប់តែមានតម្លៃ២១លានដុល្លារ ទៅជាក្រុមហ៊ុនមួយដែលមានតម្លៃប្រមាណ១១៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៥ ក្លាយខ្លួនជាឧស្សាហកម្មដ៏ធំមួយ ដែលមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធជាច្រើនទៀត រួមមានទាំងផ្នែកផលិតកម្ម ចម្រាញ់ប្រេងឥន្ធនៈ សម្ភារៈសាងសង់ ឧបករណ៍អេឡិចត្រូនិក ឧបករណ៍វេជ្ជសាស្ត្រ សាច់ក្រណាត់ និងជាច្រើនបែបច្រើនយ៉ាងទៀត។
២) តោងឲ្យស្អិតជាមួយនឹងអ្វីដែលអ្នកមានជំនាញ៖ ជានាយកក្រុមហ៊ុន និងជានាយកប្រតិបត្តិក្រុមហ៊ុនលោក Charles Kochបានលើកឡើងថា វាពិតជាមិនចាំបាច់អ្វីសោះឡើយសម្រាប់ក្រុមហ៊ុនធ្វើការលើការរុករកប្រេងទៅពាក់ព័ន្ធជាមួយនឹងការចម្រាញ់ និងការធ្វើទីផ្សារនោះ ព្រោះថាក្រុមហ៊ុនផ្សេងៗទៀតនឹងអាចធ្វើវាបានហើយ។ ដោយមានទស្សនវិស័យបែបនេះហើយ ទើបបានជាក្រុមហ៊ុនរបស់លោក គ្រាន់តែតោងស្អិតជាមួយនឹងជំនាញរបស់ខ្លួនក្នុងការចម្រាញ់ប្រេង និងធ្វើពាណិជ្ជកម្ម ចែកចាយ និងដឹកជញ្ជូនតែប៉ុណ្ណោះ ដោយមិនមាននូវផលិតផលប្រេងឆៅ ឬបង្កើតស្ថានីយប្រេងឥន្ធនៈអ្វីនោះឡើយ។
៣) អភិវឌ្ឍទេពកោសល្យខាងក្នុងឲ្យខ្លាំងក្លាជាទីបំផុត៖ គោលការណ៍ចំពោះបុគ្គលិករបស់ក្រុមហ៊ុន Koch Industriesទាំងជាង១២០,០០០នាក់ក្នុងប្រទេសចំនួន៦០ទូទាំងសកលលោក គឺពួកគេម្នាក់ៗតែងត្រូវបានលើកទឹកចិត្តឲ្យចែករំលែកពីគោលដៅអាជីពការងាររបស់ខ្លួន ដើម្បីឲ្យអ្វីដែលពួកគេកំពុងធ្វើក្នុងក្រុមហ៊ុនផ្គូរផ្គងជាមួយនឹងជំនាញ ក៏ដូចជាជំនក់ចិត្តរបស់ពួកគេ។ នៅពេលមួយដែលសមត្ថភាពបុគ្គលិកចាប់ផ្ដើមអភិវឌ្ឍ ឈានដល់អាចបំពេញតួនាទីលើកិច្ចការសំខាន់ៗបាន ក្រុមហ៊ុនក៏នឹងមានភាពរីកចម្រើនដូចគ្នាដែរ។
៤) រៀនសូត្រពីភាពបរាជ័យរបស់អ្នក៖ ក្នុងឆ្នាំ១៩៩០គឺជាការបរាជ័យដែលជាការខាតបង់ដ៏ធំធេងសម្រាប់ក្រុមហ៊ុនដ៏ធំរបស់អាមេរិកមួយនេះ។ ដោយសារមានការធ្វេសប្រហែសទៅលើគុណភាពរបស់បំពង់បង្ហូរប្រេង ធ្វើឲ្យជីវិតក្មេងជំទង់ពីរនាក់បានបាត់បង់ក្នុងឡាន ព្រមទាំងត្រូវខាតបង់អស់ប្រាក់ចំនួន៣០០លានដុល្លារជាប្រាក់សងថ្លៃខូចខាត។ ក្រោយពីការកើតឡើងនូវឧបទ្ទវហេតុនោះរួចមក Koch Industriesក៏បានដាក់ចេញនូវគំរូនៃច្បាប់១០,០០០ភាគរយទៅលើការគ្រប់គ្រង សម្រាប់ដាស់តឿនបុគ្គលិកថា ការអនុលោមតាមច្បាប់១០០ភាគរយ ទាមទារពេលវេលាចំនួន១០០ភាគរយដង។ ច្បាប់នេះបាននាំយកភាពជោគជ័យជាគំរូដល់ក្រុមហ៊ុន ដោយការរំភាយចេញនូវឧស្ម័នពុលមាន៣១ភាគរយទាបជាងក្រុមហ៊ុនចម្រាញ់ដទៃទៀតដែលមានទំហំប្រហាក់ប្រហែលគ្នា ថែមទាំងជាប់ក្នុងចំណាត់ថ្នាក់ល្អបំផុតនៅក្នុងប្រទេសសម្រាប់ការអនុវត្តផ្ដួចផ្ដើមការពារការបំពុល ពីភ្នាក់ងារការពារបរិស្ថានរបស់សហរដ្ឋអាមេរិក (The United States Environmental Protection Agency)៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ www.dailycaller.com & www.kochind.com & www.en.wikipedia.org