ភាពខ្លាំង៣ចំណុចរបស់ជនជាតិជប៉ុន ដែលអ្នកគួររៀនសូត្រតាម
ប្រទេសដ៏គំរូមួយរបស់ពិភពលោក ដែលធ្លាប់តែរស់នៅជាមួយអតីតកាលនៃភាពល្វីងជូរចត់ និងការបរាជ័យយ៉ាងធំធេងក្នុងប្រវត្តិសាស្ត្រពិភពលោក ប្រទេសជប៉ុននៅតែអាចឡើងមកកាន់ទីខ្ពស់ឈរបង្ហាញភាពអស្ចារ្យរបស់ខ្លួនយ៉ាងអង់អាចទាល់តែបាន។
ទោះជាប្រទេសធ្លាប់មានប្រវត្តិសាស្ត្រកាច់ចង្កូតដោយមេដឹកនាំផ្ដាច់ការTojo ការចាញ់សង្គ្រាមលោកលើកទី២ពីការទម្លាក់គ្រាប់បែកបរមាណូ គ្រោះមហន្តរាយផ្ទុះនុយក្លេអ៊ែរនៅ Fukushima រួមទាំងគ្រោះធម្មជាតិរញ្ជួយដីជាញឹកញាប់ផងនោះ ក៏ស្មារតីរួបរួមជាតិរបស់ជនជាតិជប៉ុន នៅតែនាំពួកគេឲ្យសាងនូវសមិទ្ធផលដ៏មហិមាជាច្រើនសម្រាប់ប្រទេសដទៃៗទាំងនៅជុំវិញពួកគេ និងជុំវិញសកលលោកគួរយកតម្រាប់តាម។ ដោយប្រយុទ្ធជាមួយរាល់ឧបសគ្គទាំងឡាយកន្លងមក តើប្រទេសដែលធ្វើឲ្យប្រទេសដទៃច្រណែនមួយនេះ មានភាពជោគជ័យសំខាន់ៗអ្វីខ្លះ?
១) ភាពរអៀសខ្លួន
ស្មារតីរអៀសខ្លួនគឺជាកេរ្តិ៍មរតកវប្បធម៌ និងបន្សល់ទុកពីដូនតារបស់ជនជាតិជប៉ុន។ នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសជប៉ុន នៅអំឡុងសម័យកាលអ្នកចម្បាំងsamurai អ្នកចម្បាំងដ៏អង់អាចក្លាហានទាំងនោះ សុខចិត្តយកកាំបិតចាក់ពោះសម្លាប់ខ្លួនឯងនៅពេលចាញ់សង្គ្រាម ក្នុងបុព្វហេតុស្មារតីអ្នកស្នេហាជាតិ ជាជាងចុះចូលជាមួយសត្រូវ។ បន្តក្រោយមក ស្មារតីរអៀសខ្លួនបែបនេះនៅតែមានមកទល់ពេលបច្ចុប្បន្ន គ្រាន់តែធ្វើតាមវិធីខុសពីមុន។ បើអ្នកធ្វើការជាមន្ត្រី ឬអ្នកនយោបាយមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ឬមិនបំពេញទៅតាមកាតព្វកិច្ចរបស់ខ្លួនបានល្អ នោះពួកគេនឹងសុខចិត្តចុះចេញពីតំណែងដោយខ្លួនឯង។ ក៏ដោយសារតែស្មារតីរអៀសខ្លួននេះដែរ ដែលបណ្ដាលឲ្យមានករណីធ្វើអត្តឃាតខ្លួនឯងជាច្រើនទៅលើសិស្សបឋមសិក្សា និងសិស្សអនុវិទ្យាល័យ នៅពេលពួកគេមិនទទួលបានលទ្ធផលល្អក្នុងការសិក្សា។ ជនជាតិពួកគេតែងលើកទឹកចិត្តឲ្យមានឥរិយាបថចំពោះកិច្ចការនៅគ្រប់វិស័យទាំងអស់នូវភាពល្អបំផុត ដែលកំណត់នូវប្រសិទ្ធភាពការងារឲ្យបានជាអតិបរមា និងគ្មានភាពឆ្គាំឆ្គង។
២) ការច្នៃប្រឌិត
ជនជាតិដែលតែងមានភាពល្បីល្បាញក្នុងវិស័យបច្ចេកវិទ្យានេះ តាមពិតមិនមែនជាអ្នកផ្ដួចផ្ដើមគំនិតច្នៃប្រឌិតផលិតផលនោះឡើយ យ៉ាងណាមិញ ពួកគេគឺជាអ្នកដែលស្វែងរកឃើញនូវវិធីដែលអាចលក់ផលិតផលច្នៃប្រឌិតទាំងនោះទៅកាន់ទីផ្សារក្នុងបែបបទស្របទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់។ តួយ៉ាង ដូចជាលោកAkio Morita Sony រូបលោកគឺជាអ្នកច្នៃប្រឌិតកាសែតចាក់ចម្រៀងចល័តWalkman ដែលស្ថិតនៅក្រោមកម្មសិទ្ធិបញ្ញារបស់Phillip Electronics ហើយស្ថាបនិកក្រុមហ៊ុនSonyរូបនេះ ក៏បានច្នៃប្រឌិតបង្កើតចេញនូវម៉ូដែលកាសែតចាក់ចម្រៀងចល័ត។ រហូតដល់ឆ្នាំ១៩៩៥ ការច្នៃប្រឌិតរបស់លោកមានជាង៣០០ម៉ូដែលWalkman និងមានចំនួនការផលិតសរុបរហូតដល់ទៅ១៥០លានផលិតផលឯណោះ។
៣) វិន័យ
ការពិតនៃការពន្យារពេលរថភ្លើងរបស់ជប៉ុនជាមធ្យមជារៀងរាល់ឆ្នាំ ដែលមានត្រឹមតែ៧វិនាទី ក៏អាចនឹងគ្រប់គ្រាន់ក្នុងការឆ្លុះបញ្ចាំងពីអត្តចរិតគោរពពេលវេលារបស់ជនជាតិនេះបាត់ទៅហើយ។ មិនតែប៉ុណ្ណោះ ពួកគេមានទម្លាប់គ្រប់គ្រងពេលវេលាប្រកបដោយភាពឈ្លាសវៃ និងមានប្រសិទ្ធភាព ដោយរៀបចំកាលវិភាគសម្រាប់កិច្ចការប្រចាំថ្ងៃ ព្រមទាំងប្ដេជ្ញាសម្រេចឲ្យបានតាមកិច្ចការដែលបានកំណត់នៅក្នុងកាលវិភាគផងដែរ។ ចំណុចដែលបង្ហាញនូវភាពជាគំរូរបស់ជនជាតិដ៏មានវិន័យនេះទៅទៀតនោះ គឺជាការរួមសហការគ្នាទាំងកាយនិងចិត្ត ចូលរួមគោរពច្បាប់ទម្លាប់ប្រទេសជាតិ និងចូលរួមថែរក្សាបរិស្ថានឲ្យមានភាពស្រស់ស្អាតនិងមានសណ្ដាប់ធ្នាប់។ ប្រជាជនជប៉ុន ក៏ជាឧទាហរណ៍មួយនៃប្រជាជនដែលមានឥរិយាបថសមរម្យផងដែរ។ ពួកគេតែងអោនគោរពគ្នាទៅវិញទៅមកនៅពេលជួបគ្នា ប្រើប្រាស់ពាក្យសម្ដីសមរម្យ មានភាពដាក់ខ្លួន និងចេះជួយយកអាសាអ្នកដំណើរវង្វេងផ្លូវទៀតផង៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ www.selfmotivational.blogsport&www.jpninfo.com