មេរៀន៤យ៉ាងដែលអ្នកគួររៀនសូត្រអំពីភាពជោគជ័យនៃប្រទេសសិង្ហបុរី
តើប្រទេសដ៏តូចមួយនេះ អាចកសាងខ្លួនចេញពីបាតដៃទទេរហូតឈានដល់លំដាប់ជួរមុខគេដោយចំណាយពេលត្រឹមតែ៥០ឆ្នាំបានយ៉ាងដូចម្ដេច ? នៅពីក្រោយភាពជោគជ័យដែលគួរជាទីកោតសរសើរស្ញប់ស្ញែងរបស់ប្រទេសមួយ ពិតណាស់ថាគឺជាមេដឹកនាំដ៏អស្ចារ្យប្រកបដោយគតិបណ្ឌិតមួយរូប។ នៅខណៈពេលនេះផងដែរ ប្រជាជនសិង្ហបុរីគ្រប់រូប កំពុងតែទន្ទឹងរង់ចាំអបអរសាទរខួបគម្រប់ទី៥០ឆ្នាំចាប់តាំងពីការទទួលបានឯករាជ្យរបស់ខ្លួន នៅថ្ងៃទី៩ខែសីហាខាងមុខនេះពោរពេញដោយទឹកចិត្តមោទនភាពយ៉ាងក្រៃលែងចំពោះប្រទេសជាតិខ្លួន។
សូម្បី អតីតប្រធានាធិបតីរបស់ប្រទេសអង់គ្លេស លោក David Cameron ក៏បានលើកសរសើរមិនដាច់ពីមាត់ពីភាពអស្ចារ្យសាងឡើងក្នុងរយៈពេលដ៏ខ្លីរបស់ប្រទេសដែលស្ថិតនៅក្នុងតំបន់អាសីុមួយនេះដែរ និងថែមទាំងបានលើកឡើងពីអ្នកដឹកនាំដែលជាប្រធានាធិបតីទីមួយដំបូងគេរបស់សិង្ហបុរី លោក លី ក្វាន់យូគឺជាបុគ្គលម្នាក់ដែលបានកែប្រែប្រទេសនេះឲ្យក្លាយជារឿងរ៉ាវនៃភាពជោគជ័យដ៏អស្ចារ្យមួយនៅក្នុងពិភពលោកសម័យទំនើប។
រំលឹកទៅកាន់អតីតកាលរបស់ប្រទេសសិង្ហបុរី ជោគវាសនារបស់ប្រទេសដែលត្រឹមតែជាកោះដ៏តូចមួយនេះ ត្រូវបានគេមើលឃើញជាប្រទេសដែលមានទីផ្សារដ៏តូចចង្អៀតមួយនៅជ្រុងងងឹតម្ខាងនៃតំបន់អាសីុប៉ុណ្ណោះ ក្រោយពេលការបំបែកខ្លួនចេញពីប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ១៩៦៥។ អ្វីដែលជាភាពមិនអំណោយផលរបស់ប្រទេសនេះ គឺការមិនមាននូវធនធានធម្មជាតិ ការកើនឡើងចំនួនជនអន្តោប្រវេសន៍ កង្វះនូវស្តង់ដារនៃស្ថានភាពរស់នៅ និងភាពទន់ខ្សោយនៃនយោបាយរបស់ប្រទេស។
ស្ទើរតែជាភាពមិនគួរឲ្យជឿ ដោយត្រឹមតែក្នុងរយៈពេល៥ទសវត្សប៉ុណ្ណោះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់អតីតប្រធានាធិបតីលី ក្វាន់យូដែលបានស្លាប់បាត់បង់ជីវិតកាលពីខែមីនាកន្លងទៅនេះ សិង្ហបុរីបានរុញច្រានសម្ទុះរបស់ខ្លួនឲ្យក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងខ្លាំងក្លាបំផុត រួមជាមួយនឹងអំពើពុករលួយតិចតួច អត្រាយកពន្ធក្នុងកម្រិតទាប និងចំនួនផលិតផលសរុបក្នុងស្រុកគិតក្នុង១កាពីតាខ្ពស់ជាងគេបំផុតស្ថិតក្នុងលំដាប់ទី៣។ តើសមិទ្ធផលដ៏លេចធ្លោ និងគួរជាទីគោរពកោតសរសើរនូវស្នាដៃនៃការដឹកនាំប្រទេសរបស់លោក លី ក្វាន់យូចំពោះប្រទេសសិង្ហបុរីដ៏តូចមួយនេះ អាចផ្ដល់ជាមេរៀនដ៏មានតម្លៃនៅក្នុងជីវិតការងារអ្នកបានដូចម្ដេចខ្លះ ?
១) បញ្ចេញឲ្យអស់នូវភាពខ្លាំងរបស់អ្នកដើម្បីធ្វើនូវអ្វីដែលអ្នកអាចធ្វើបាន៖ ជំនួសឲ្យទទួលយកការពិតនៃភាពមិនអំណោយផលរបស់ប្រទេសដែលមិនមាននូវធនធានធម្មជាតិ និងព្រមអោនក្បាលចុះសម្ដែងនូវភាពទន់ខ្សោយរបស់ខ្លួន ផ្ទុយស្រឡះ វីរបុរសសិង្ហបុរី បានសម្លឹងមើលឃើញពីចំណុចខ្លាំងនៃប្រទេសរបស់ខ្លួន គឺជាធនធានមនុស្ស និងទីតាំង។ គាត់បានវិនិយោគទៅលើប្រជាជនរបស់លោក និងធ្វើយ៉ាងណាឲ្យប្រាកដថាសិង្ហបុរីក្លាយជាកំពង់ផែដ៏មមាញឹកជាងគេនៅលើពិភពលោក។
២) កុំភ័យខ្លាចនឹងយកតម្រាប់តាមអ្នកដទៃ៖ ថ្វីដ្បិតតែរបៀបនៃការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលប្រទេសសិង្ហបុរី បានយកគំរូតាមWestminsterជារបៀបនៃការគ្រប់គ្រងរបស់ទីក្រុងឡុងដ៏ក៏ដោយ ប៉ុន្តែការដឹកនាំរបស់ប្រទេសនេះបានឈរលើជំហររបស់ខ្លួនយ៉ាងរឹងមាំផងដែរ។
៣) ប្រកាន់ខ្ជាប់នូវភាពសាមញ្ញ៖ លក្ខណៈសាមញ្ញដែលជាភាពខ្លាំងរបស់ប្រទេសសិង្ហបុរី គឺជាសេដ្ឋកិច្ចទីផ្សារសេរី បើកចំហឱកាសសម្រាប់ភាពងាយស្រួលក្នុងការធ្វើពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគពីបរទេស។
៤) បង្កើតនូវសម្ពន្ធមិត្តនិងរឹតបន្តឹងចំណងមិត្តភាពនោះឲ្យរឹងមាំ៖ ជាមួយនឹងផ្ទៃដីសរុបចំនួន៧១៩.១គីឡូម៉ែត្រការ៉េ ប្រទេសដែលតូចតែខ្លឹមមួយនេះ តែងរក្សានូវសន្តិភាពជាមួយនឹងសម្ពន្ធមិត្តជាប្រទេសដទៃៗទៀត និងចៀសវាងនូវការទាស់ទែងគ្នាដែលអាចបង្កជាភាពល្អក់កករនឹងគ្នា និងឈានដល់ការមានជម្លោះក្នុងពេលអនាគត៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ morganmckinley