គន្លឹះ​សំខាន់ៗ​​៥ចំណុចក្នុង​ការ​ធ្វើ​ជំនួញ​ ពី​​មហាសេដ្ឋី​ជប៉ុន​​និង ជា​ពុទ្ធសាសនិក ​​លោក​ Kazuo Inamori​



សហគ្រិន​ជនជាតិ​ជប៉ុន លោក Kazuo Inamori គឺ​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន​ដ៏​ធំ​របស់​ជប៉ុន​២​កន្លែង មួយ​មាន​ឈ្មោះ​ថា Kyocera Corporationជា​ក្រុមហ៊ុន​ផលិត​គ្រឿង​អេឡិចត្រូនិក និង​សេរ៉ាមិច​ចម្រុះ​ជាតិសាសន៍​របស់​ជប៉ុន និង​មួយ​ទៀត​មាន​ឈ្មោះ​ថា KDDI Corporation ជា​ក្រុមហ៊ុន​ទូរគមនាគមន៍។  

មហាសេដ្ឋី​រាប់​ពាន់​លាន​រូប​នេះ ក៏​ជា​ពុទ្ធសាសនិក​មួយ​រូប​របស់​ជនជាតិ​ជប៉ុន មិនតែប៉ុណ្ណោះ គាត់​មាន​ទស្សនវិជ្ជា​ប្រចាំ​ខ្លួន​សម្រាប់​ការ​គ្រប់គ្រង​ក្រុមហ៊ុន ដែល​គាត់​តែង​ប្រកាន់​ខ្ជាប់​ប្រកប​ដោយ​ភាព​មាន​វិន័យ ហើយ​ទស្សនវិជ្ជា​ទាំងនោះ​បាន​ដឹកនាំ​លោក​ឲ្យ​ឈាន​មក​ដល់​ចំណុច​កំពូល​នៃ​ភាព​ជោគជ័យ​ក្នុង​ជីវិត​រហូត​មាន​ថ្ងៃ​នេះ។ កាន់តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត លោក​ក៏​បាន​ចែក​រំលែក​ទស្សនវិជ្ជា​ទាំង​៥​របស់​លោក​ដូច​ដែល​បាន​បង្ហាញ​នៅ​ខាងក្រោម​នេះ​ផង​ដែរ៖

១) សួរ​ខ្លួនឯង​ពី​អ្វី​ដែល​ជា​កម្លាំង​ជំរុញ​ចិត្ត​របស់​អ្នក

ជា​ការ​ពិត​ណាស់ មុខ​ជំនួញ​ដែល​អាច​ដឹកនាំ​សមិទ្ធផល​របស់​ខ្លួន​ឲ្យ​មាន​ពន្លឺ និង​ស្ថិត​នៅ​ក្នុង​ជម្រើស​ទី​១​របស់​អ្នក​ប្រើប្រាស់​បាន ពួកគេ​ទាំងនោះ​តែង​មាន​ចំណុច​រួម​គ្នា​មួយ គឺ​ជា​ការ​ឲ្យ​អាទិភាព​ទៅលើ​អតិថិជន​ជានិច្ច ដោយ​ព្យាយាម​បំពេញ​ប្រយោជន៍ និង​តម្រូវការ​របស់​អ្នក​ប្រើប្រាស់។ ទោះជាយ៉ាងណាក៏ដោយ តាម​ទស្សនវិជ្ជា​ក្នុង​ការ​គ្រប់គ្រង​ក្រុមហ៊ុន​ដ៏​ជោគជ័យ​លំដាប់​កំពូល​របស់​លោក​ទាំង​២ ការ​បំពេញ​ប្រយោជន៍​ឲ្យ​អតិថិជន​តែ​ម្យ៉ាង នៅ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ អ្នក​ត្រូវ​ប្រកាន់​យក​គុណធម៌​ចំពោះ​អ្នក​ដទៃ​ជានិច្ច គឺ​ជា​ការ​ប្រព្រឹត្ត​ល្អ​ចំពោះ​អ្នក​ដទៃ​នោះ​ឯង។

២) បណ្តុះ​ផ្នត់គំនិត​នៃ​ភាព​ល្អឥតខ្ចោះ​ទៅ​ក្នុង​ការ​ប្រព្រឹត្ត​របស់​អ្នក

គាត់​បាន​ប្រៀប​ប្រដូច​គម្រង​របស់​ផលិតផល​ទៅ​នឹង​ការ​សាងសង់​ស្ពាន​ដ៏​រឹងមាំ​ដែល​អាច​ទ្រាំទ្រ​ជាមួយ​នឹង​ការ​រញ្ជួយ​ដី​បាន។ ភាព​ជោគជ័យ​៩៩%​របស់​បុគ្គល​ម្នាក់ មិន​អាច​គ្រប់គ្រាន់​សម្រាប់​ទ្រាំទ្រ​ជាមួយ​នឹង​ឧបសគ្គ​នានា​ដែល​រង់ចាំ​អ្នក​នៅ​ផ្លូវ​ខាង​មុខ​បាន​នោះ​ឡើយ។ ផ្នត់គំនិត​ដែល​ទាមទារ​រក​ភាព​ល្អឥតខ្ចោះ​សម្រាប់​ផលិតផល​របស់​អ្នក នឹង​ធ្វើ​ឲ្យ​អ្នក​ខិតខំ​ដុសខាត់ និង​អភិវឌ្ឍ​វា​ឲ្យ​កាន់តែ​ល្អ​ឡើងៗ​ពី​មួយ​ដំណាក់​ទៅ​មួយ​ដំណាក់ បើ​ទោះ​ជា​ពេល​នេះ​អ្នក​ទទួល​បាន​ការ​គាំទ្រ និង​លើក​សរសើរ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ភាព​ជោគជ័យ​នៃ​សមិទ្ធផល​របស់​អ្នក​ក៏​ដោយ។ គាត់​ក៏​បាន​បន្ថែម​ទៀត​ថា ការ​ទាមទារ​ភាព​ល្អឥតខ្ចោះ​ពី​ខ្លួនឯង​ជា​រៀងរាល់​ថ្ងៃ គឺ​ជា​រឿង​មួយ​ដ៏​ពិបាក ប៉ុន្តែ​នៅ​ពេល​អ្នក​ទម្លាប់​ខ្លួន​ជាមួយ​វា​បាន​ហើយ អ្នក​នឹង​រស់នៅ​ជាមួយ​វា​បាន​យ៉ាង​ងាយស្រួល​ជាង​មុន ហើយ​វា​នឹង​បង្ហាញ​ឲ្យ​ឃើញ​នៅ​ក្នុង​លទ្ធផល​នៃ​ផលិតផល​ដែល​ចេញ​ពី​ការ​ចម្រោះ​បន្សុទ្ធ និង​ភាព​ប្រាកដប្រជា​របស់​អ្នក។

៣) គិត​ដូច​មនុស្ស​សុទិដ្ឋិនិយម តែ​រៀប​ផែនការ​ដូច​មនុស្ស​ទុទ្ទិដ្ឋិនិយម

ការ​រក្សា​បាន​នូវ​ការ​គិត​ដែល​ព្យាយាម​សម្លឹង​រក​ភាព​វិជ្ជមាន​នៅ​រាល់​ស្ថានភាព​ទាំងឡាយ នៅ​ពេល​ស្ថាបនា​នូវ​គំនិត​សម្រាប់​ការ​បង្កើត​ផលិតផល​ណាមួយ​ឡើង គឺ​ជា​រឿង​ចាំបាច់​សម្រាប់​ភាព​ជោគជ័យ​នៃ​ផលិតផល​របស់​អ្នក។ ប៉ុន្តែ នៅ​ពេល​ដំណើរការណ៍​នៃ​ការ​ប្រតិបត្តិ​ចាប់ផ្ដើម អ្នក​ត្រូវ​រៀន​គិត​ដូច​មនុស្ស​ទុទ្ទិដ្ឋិនិយម ដើម្បី​អាច​កត់​សម្គាល់​នូវ​រាល់​ឧបសគ្គ​រារាំង​ទាំងឡាយ​ដែល​អាច​កើតឡើង នោះ​ដំណើរការណ៍​របស់​អ្នក​នឹង​ឆ្ពោះ​ទៅ​រក​លទ្ធផល​វិជ្ជមាន​ជាក់​ជា​មិនខាន។

៤) ឥរិយាបថ  x ការ​ខិតខំ​ប្រឹងប្រែង x សមត្ថភាព

នេះ​គឺ​ជា​រូបមន្ត​របស់​លោក Inamori សម្រាប់​គណនា​ពី​លទ្ធផល​នៃ​ការងារ​របស់​នរណា​ម្នាក់។ រូបមន្ត​នេះ​ទៀត​សោត គឺ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​គតិបណ្ឌិត​របស់​គាត់​ក្នុង​ការ​ជួល​បុគ្គលិក​ឲ្យ​មក​ទទួល​ខុសត្រូវ​លើ​ភារកិច្ច​របស់​ខ្លួន ព្រោះ​ថា​ទោះ​ជា​បុគ្គល​នោះ​មាន​សមត្ថភាព រួម​ផ្សំ​នឹង​ការ​ខិតខំ​ប្រឹងប្រែង​ក៏​ដោយ ដរាប​ណា​បុគ្គល​នោះ​មិន​មាន​ឥរិយាបថ​ល្អ​ជាប់​តាម​ខ្លួន​របស់​ពួកគេ​ទេ​នោះ វា​មិន​មាន​អត្ថន័យ​អ្វី​ឡើយ។

៥) កំណត់​នូវ​គោលដៅ​ដែល​ហួស​ពី​សមត្ថភាព​របស់​អ្នក

ទស្សន​របស់​លោក Inamori​ ដ៏​មាន​តម្លៃ​ដែល​គួរ​ចងចាំ​ទុក និង​ប្រែ​ក្លាយ​វា​ជា​ទស្សន​សម្រាប់​ដឹកនាំ​ជីវិត​របស់​អ្នក​គឺ បើ​អ្នក​គិត​ចំពោះ​ជីវិត​របស់​អ្នក​បែប​ណា ចុងក្រោយ​ជីវិត​របស់​អ្នក​នឹង​ទៅ​ជា​បែប​នោះ​ទៅ​តាម​ការ​គិត​របស់​អ្នក។ គាត់​បាន​និយាយ​ថា អ្នក​ត្រូវ​កំណត់​នូវ​គោលដៅ​ណា​ដែល​អ្នក​មិន​អាច​សម្រេច​វា​បាន​ក្នុង​ថ្ងៃ​នេះ រួច​ដាក់​កាល​កំណត់​ច្បាស់លាស់​មួយ​សម្រាប់​សម្រេច​វា​ចេញ​ជា​រូបរាង​ឡើង បន្ទាប់​មក​ប្រឹងប្រែង​ធ្វើការ​ឲ្យ​ខ្លាំង​ជាង​នរណាៗ​ទាំងអស់៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ bloomberg

X
5s