វិធីសាស្ត្ររំដោះខ្លួនឯងឲ្យមានសេរីភាពដែលអ្នកធ្វើហើយ តែមិនមានប្រសិទ្ធភាព
តើហេតុផលជាក់លាក់អ្វី ដែលជាកត្តាកំណត់ទៅលើការរក្សាជំហានដើររបស់អ្នកឲ្យស្ថិតនៅក្នុងតំបន់សុវត្ថិភាពដដែលកន្លងមក ? ដោយហេតុផលជាក់លាក់មួយនៅក្នុងចំណោមហេតុផលជាក់លាក់ផ្សេងៗទៀត គឺថាមនុស្សមួយចំនួនអាចបែងចែកមិនដាច់រវាង តំបន់សុវត្ថិភាព និងតំបន់សម្របខ្លួនតាមកត្តាខាងក្រៅ។
បុគ្គលប្រភេទនេះ មិនមានភាពក្លាហានចាកចេញពីទីតាំងដែលខ្លួនកំពុងតាំងជំហរនោះឡើយ ព្រោះពួកគេគ្មានសេរីភាពក្នុងការគិត ពួកគេសម្របខ្លួនទៅតាមអ្វីដែលគ្រួសារ មិត្តភ័ក្ដិ ឬសង្គម តម្រូវឲ្យគេធ្វើបែបនោះ ជាផ្លូវដើរដែលសង្គមត្រួសត្រាយសម្រាប់ពួកគេតាមគំនិតរបស់ខ្លួន ឆ្លាក់ច្នៃពួកគេឲ្យទៅតាមអ្វីដែលកត្តាខាងក្រៅទាំងនោះគិតថាជារឿងត្រឹមត្រូវដែលបុគ្គលទាំងនោះគួរធ្វើ។
ហេតុអ្វីបុគ្គលដែលមិនមានភាពក្លាហានក្នុងការប្រឆាំងនឹងផ្នត់គំនិតរបស់សង្គម និងក្រោកឡើងប្រកាន់ជំហររឹងមាំដែលជារបស់ខ្លួន អាចយល់ច្រឡំបែងចែកមិនច្បាស់លាស់រវាងតំបន់សុវត្ថិភាព និងតំបន់សម្របខ្លួនតាមកត្តាខាងក្រៅ ? ព្រោះថាការរក្សាគោលជំហរនៅទីតាំងដែលសង្គមកំណត់សម្រាប់ពួកគេ នឹងធ្វើឲ្យមានការទទួលស្គាល់ពីសង្គម និងការស្រឡាញ់រាប់អានច្រើនពីមនុស្សក្នុងសង្គម ជាតំបន់ដែលផ្ដល់សុវត្ថិភាពសម្រាប់ពួកគេ។ ប៉ុន្តែ ថាតើផលប៉ះពាល់អវិជ្ជមានអ្វីខ្លះជះឥទ្ធិពលទៅលើពួកគេ នៅពេលពួកគេធ្វើការបញ្ច្រាសពីបេះដូងរបស់ខ្លួននោះ ?
ដោយគ្រាន់តែចង់បានការទទួលស្គាល់ពីគ្រួសារ ពីមិត្តភ័ក្ដិ និងពីសង្គម តើពួកគេត្រូវខាតបង់ប្រយោជន៍អ្វីខ្លះ ទេពកោសល្យពីធម្មជាតិរបស់ខ្លួនអ្វីខ្លះ ផលប៉ះពាល់ទៅលើផ្លូវចិត្ត និងអារម្មណ៍ដែលឈានទៅដល់ការប៉ះពាល់ដល់ប្រសិទ្ធភាពការងារ រួមទាំងគុណភាពជីវិតរបស់ពួកគេបែបណាខ្លះ ? តើអាចកត់សម្គាល់បែបណា ថាទីតាំងដែលអ្នកកំពុងតាំងគោលជំហរ គឺជាតំបន់សុវត្ថិភាព ឬគ្រាន់តែជាតំបន់សម្របខ្លួនតាមកត្តាខាងក្រៅ ?
ដើម្បីឆ្លើយនឹងសំណួរនេះបានប្រកបដោយភាពត្រឹមត្រូវ អ្នកគួរងាកមកពិនិត្យឲ្យបានសីុជម្រៅពីចំណុចខាងក្រោមនេះ ទៅលើខ្លួនឯងជាមុនសិន។
១) សង្កេតមើលពីតំបន់ដែលអ្នកកំពុងផ្ដោតលើ៖ តើអ្វីដែលអ្នកកំពុងផ្ដោតការយកចិត្តទុកដាក់លើ គឺជាអ្វីដែលអ្នកមិនពេញចិត្តនឹងវា ឬជាអ្វីដែលអ្នកចង់អភិវឌ្ឍវាឲ្យមានភាពល្អប្រសើរជាងមុន ?
២) ចាប់អារម្មណ៍គិតពីចំណង់ចំណូលចិត្តរបស់ខ្លួន៖ តើអ្វីជាចំណង់ចំណូលចិត្តពិតប្រាកដរបស់អ្នក ? តើអ្វីជាកម្លាំងជំរុញរបស់អ្នក ? តើអ្វីដែលអ្នកនៅតែខ្វល់ខ្វាយធ្វើវា ទោះជាក្នុងដំណាក់កាលដែលជីវិតអ្នកមិនមានភាពរលូនក្ដី ?
៣) ធ្វើការប្រៀបធៀបពីចំណូលចិត្តរបស់អ្នកទៅក្នុងអ្វីដែលអ្នកកំពុងធ្វើ៖ តើអ្នកអាចមើលឃើញពីតម្លៃ និងចំណូលចិត្តរបស់អ្នកនៅក្នុងសកម្មភាពដែលអ្នកកំពុងធ្វើរាល់ថ្ងៃនេះដែរទេ ? បើអ្នកអាចមើលឃើញ នោះបញ្ជាក់ថា អ្នកអាចនឹងមិនកំពុងនៅក្នុងតំបន់សម្របខ្លួនតាមកត្តាខាងក្រៅនោះឡើយ។ ផ្ទុយទៅវិញ បើអ្នកមិនឃើញអ្វីសោះ នោះអ្នកគួរចាប់ផ្ដើមគិតគូរពីផ្លូវជីវិតដែលអ្នកកំពុងជ្រើសដើរហើយ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ harvardbusinessreview