អ្នក​និពន្ធ​​អាមេរិក ​លោក​Tim Ferriss៖ ​«​ប្រើ​សំនួរ​ទាំង​ ៧​នេះ ​ដើម្បី​កម្ចាត់​ភាព​ភ័យខ្លាច​​ចេញ​ពី​ក្នុង​ខ្លួន​របស់​អ្នក»​



អ្នក​អាច​សម្លឹង​ធ្លុះ​មើល​ឃើញ​ទៅដល់​ប្រយោជន៍​ពី​ការ​គាស់​ចេញ​នូវ​ភាព​ក្លាហាន​របស់​ខ្លួន ដើម្បី​សម្រេច​កិច្ចការ​ណាមួយ​ឲ្យ​ចេញ​ជា​លទ្ធផល​តាម​ការ​រំពឹង​ទុក​របស់​អ្នក។ យ៉ាងណាមិញ ស្ទើរ​តែ​រាល់​លើក អ្នក​មិន​ដឹង​ខ្លួន​ឡើយ​ថា ភាព​ភ័យខ្លាច​មាន​ឥទ្ធិពល​គ្រប​ដណ្ដប់​លើ​អ្នក រារាំង​អ្នក​មិន​ឲ្យ​សម្រេច​នូវ​អ្វី​ដែល​ជា​ភាព​ល្អ​រុងរឿង​សម្រាប់​ជីវិត​អ្នក​នោះ​ឡើយ។ ភាព​ភ័យខ្លាច​បាន​ក្លាយ​ជា​អាទិភាព មាន​ភាព​សំខាន់​ជាង​ក្ដី​សុបិន​ក្នុង​ការ​កំណត់​ការ​សម្រេច​ចិត្ត​របស់​អ្នក​ទៅទៀត។

ដោយ​សិក្សា​យ៉ាង​សីុជម្រៅ​ពី​ខ្លួនឯង តាមរយៈ​ការ​សួរ​ខ្លួនឯង​នូវ​សំណួរ​បំផុស​ស្មារតី​ពី​អ្នក​និពន្ធ Tim Ferriss​ទាំង​៧​សំណួរ​ខាងក្រោម​នេះ អ្នក​នឹង​បាន​មើល​ឃើញ​ពី​រូបភាព​រួម​នៃ​បញ្ហា​ចំពោះ​ភាព​ភ័យខ្លាច​របស់​អ្នក និង​ឈាន​ដល់​ការ​ស្វែងរក​នូវ​ដំណោះស្រាយ​យ៉ាង​សម​ហេតុផល៖  

១) ឲ្យ​និយមន័យ​ចំពោះ​សុបិន​អាក្រក់​របស់​អ្នក "តើ​រឿង​អាក្រក់​បំផុត​អ្វី​ដែល​អាច​កើតឡើង​ចំពោះ​អ្នក​បើ​អ្នក​ធ្វើ​នូវ​អ្វី​ដែល​អ្នក​ភ័យខ្លាច" ? ព្រមទាំង​រក​ឲ្យ​ឃើញ​នូវ​ឫសគល់​នៃ​ភាព​ភ័យខ្លាច​របស់​ខ្លួន "តើ​កត្តា​អ្វី​ខ្លះ​ដែល​មាន​ឥទ្ធិពល​ទៅលើ​ភាព​ភ័យខ្លាច​របស់​អ្នក" ? "តើ​រឿង​អាក្រក់​បំផុត​បែប​ណា​ដែល​អាច​កើតឡើង​ចំពោះ​អ្នក បើ​អ្នក​សម្រេច​ធ្វើ​នូវ​អ្វី​ដែល​អ្នក​ភ័យខ្លាច តែ​មាន​ភាព​ល្អ​សម្រាប់​ខ្លួន? តើ​វា​អាក្រក់​រហូត​ដល់​ថ្នាក់​ប៉ះពាល់​ជីវិត​អ្នក​ដែរ​ទេ" ?

២) "បើ​បញ្ហា​លេច​ឡើង​មក​ដូច​ទៅ​នឹង​អ្វី​ដែល​អ្នក​ទាយ​ទុក​ដឹង​មុន​មែន ដូច្នេះ​តើ​ជំហាន​បន្ទាប់​អ្វី​ដែល​អ្នក​អាច​ជ្រើស​ដើរ​បន្ត ដើម្បី​កែ​លម្អ​ស្ថានការណ៍​នោះ​បាន ទោះ​ជា​ត្រឹមតែ​ក្នុង​ពេល​បណ្ដោះអាសន្ន​ក៏​ដោយ" ?

៣) "ប្រសិន​បើ​អ្នក​យក​ឈ្នះ​លើ​ភាព​ភ័យខ្លាច​របស់​ខ្លួន​បាន​ដោយ​ជោគជ័យ តើ​លទ្ធផល​វិជ្ជមាន​អ្វី​ខ្លះ​ដែល​អ្នក​អាច​រំពឹង​ទុក​ថា​នឹង​ទទួល​បាន​ពី​វា" ? នៅ​ពេល​អ្នក​គិតគូរ​ពី​លទ្ធផល​វិជ្ជមាន និង​ផល​ប្រយោជន៍​ដែល​ខ្លួន​ទទួល​បាន អ្នក​នឹង​ចាប់ផ្ដើម​ធ្វើការ​ថ្លឹងថ្លែង​ប្រកប​ដោយ​ភាព​មាន​ហេតុផល និង​ងាក​ចេញ​បន្តិច​ម្ដងៗ​ពី​ឥទ្ធិពល​ដែល​ភាព​ភ័យខ្លាច​មាន​លើ​អ្នក។

៤) "បើ​អ្នក​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​ការងារ​ក្នុង​ថ្ងៃ​នេះ តើ​អ្នក​អាច​ធ្វើ​អ្វី​បាន​ខ្លះ ដើម្បី​ដោះស្រាយ​បញ្ហា​ហិរញ្ញវត្ថុ​របស់​ខ្លួន​បាន" ?

៥) "តើ​ភាព​ភ័យខ្លាច​បាន​ធ្វើ​ឲ្យ​អ្នក​ពន្យារពេល​សម្រេច​រឿង​ណាមួយ​យ៉ាង​ដូចម្ដេច" ? ជា​អ្វី​ដែល​អ្នក​ត្រូវ​ចងចាំ គឺ​រឿង​ដែល​អ្នក​ភ័យខ្លាច​នឹង​ធ្វើ​បំផុត ភាគច្រើន​គឺ​ជា​រឿង​ដែល​អ្នក​ត្រូវ​ចាំបាច់​ធ្វើ​បំផុត។ "តើ​វា​តែងតែ​រារាំង​អ្នក​យ៉ាង​ដូចម្ដេច" ? "តើ​អ្នក​ទប់ទល់​ជាមួយ​វា​បាន​តាម​របៀប​ណា" ?

៦) "តើ​ការ​ប៉ះពាល់​អ្វី​ខ្លះ​ដែល​មាន​លើ​ហិរញ្ញវត្ថុ ផ្លូវចិត្ត និង​ផ្លូវកាយ​របស់​អ្នក ទើប​ធ្វើ​ឲ្យ​អ្នក​ពន្យារពេល​ធ្វើ​វា​បែប​នេះ" ? ឬ​ក៏​ជា​ការ​មិន​សម្រេច​ចិត្ត​ធ្វើ​ពេល​នេះ​ទៅវិញ​ទេ ដែល​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​ឲ្យ​មាន​ការ​ស្ដាយក្រោយ​ក្នុង​ពេល​៥​ឆ្នាំ​ខាង​មុខ ឬ​១០​ឆ្នាំ​ខាង​មុខ​នោះ ?

៧) សំណួរ​ចុងក្រោយ​គឺ "តើ​អ្នក​នៅ​រង់ចាំ​អ្វី​ទៀត" ? ដោយ​ឆ្លើយ​នូវ​សំណួរ​ទាំង​៦​ពី​ដើម​មក អ្នក​អាច​ធ្វើការ​ថ្លឹងថ្លែង​មើល​ឲ្យ​បាន​ម៉ត់ចត់​ពី​ភាព​ភ័យខ្លាច​របស់​អ្នក ពិនិត្យ​ថា​តើ​វា​សម​ហេតុផល​ឬ​អត់ ? "ចុះ​បើ​អ្នក​លះបង់​ចោល​ការ​ភ័យខ្លាច​នោះ​វិញ តើ​ជីវិត​អ្នក​នឹង​មាន​ការ​កែប្រែ​យ៉ាង​ដូចម្ដេច" ?  

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ entrepreneur

X
5s