​មុន​​ពេល​​​ជោគជ័យ​​ធំធេង​ ​​​លោក Henry Ford​ ស្ថាបនិក​របស់​ក្រុមហ៊ុន Ford​ ​​ធ្លាប់​បរាជ័យ​២​ដង​



នៅ​ពេល​និយាយ​អំពី​ភាព​ជោគជ័យ​របស់​បុគ្គល​ល្បី​ឈ្មោះ​ណា​ម្នាក់ មនុស្ស​ភាគ​ច្រើន​មាន​ទំនោរ​ទៅ​រក​ការ​ចាប់​អារម្មណ៍​ទៅលើ​សមិទ្ធផល​ដ៏​អស្ចារ្យ​របស់​បុគ្គល​នោះ ព្រមទាំង​អាច​នឹង​មាន​ទស្សន​យល់​ឃើញ​ថា ជោគជ័យ​របស់​ពួកគេ​គឺ​ចេញ​ពី​ភាព​ចៃដន្យ ឬ​ជា​ទេពកោសល្យ​ដែល​កើត​មក​ពី​ធម្មជាតិ ដែល​ជា​កំណើត​របស់​ពួកគេ ហើយ​ក៏​ផ្ដល់​ជា​ការ​ប្រទាន​ពរ​នូវ​ឱកាស​ដ៏​ថ្លៃថ្លា​នោះ​សម្រាប់​ពួកគេ​ក្នុង​ការ​កសាង​ជីវិត​ខ្លួន​ឲ្យ​ត្រដែត​ខ្ពស់​ឡើង។

ជាការពិតណាស់ មនុស្ស​ម្នាក់ៗ​សុទ្ធតែ​កើត​មក​ជាមួយ​នឹង​ទេពកោសល្យ​ជា​លក្ខណៈ​ពិសេស​របស់​ខ្លួន គ្រាន់តែ​អ្នក​ខ្លះ​ព្យាយាម​ស្វែង​រក​ឃើញ​នូវ​ភាព​ពិសេស​របស់​ខ្លួន​នោះ បាន​ឆាប់​រហ័ស​ក្នុង​ដំណើរ​ជីវិត​របស់​ពួកគេ ហើយ​បំផុស​នូវ​សក្ដានុពល​របស់​ខ្លួន​ទាំង​ប៉ុន្មាន ខិតខំ​សាង​ប្រយោជន៍​ចេញ​ជា​សមិទ្ធផល​ឡើង​ក្នុង​ជីវិត។ រីឯ​អ្នក​ខ្លះ​ទៀត ស្ទើរ​តែ​ពេញ​មួយ​ជីវិត មិន​បាន​ខិតខំ​ស្វែងរក​ឲ្យ​ឃើញ​នូវ​ភាព​ពិសេស​របស់​ខ្លួន​នោះ​ឡើយ ជាហេតុនាំឲ្យ ពួកគេ​ប្រើប្រាស់​ជំនាញ​ខុស​ពី​ទេពកោសល្យ​ពិត​របស់​ខ្លួន ហើយ​ក៏​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​កម្រិត​ធម្មតា​មួយ​ក្នុង​ជីវិត​តែ​ប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ សរុប​មក បើ​ទោះ​ជា​បុគ្គល​នោះ​ដឹង​ពី​ទេពកោសល្យ​របស់​ខ្លួន​ច្បាស់​ក៏​ដោយ បើ​ប្រាសចាក​ពី​ការ​តស៊ូ​ខិតខំ​អត់ធ្មត់​ព្យាយាម ជោគជ័យ​គ្មាន​ថ្ងៃ​នឹង​មិន​អាច​ក្លាយ​ជា​កម្មសិទ្ធិ​របស់​ពួកគេ​បាន​យូរ​អង្វែង​ឡើយ។ តួយ៉ាង តាមរយៈ​ជីវប្រវត្តិ​របស់​លោក Henry Ford អ្នក​ប្រហែល​អាច​នឹង​ដឹង​ត្រឹម​តែ​ភាព​ជោគជ័យ​របស់​គាត់ ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​ម៉ូតូ​ម៉ាក Ford​ដ៏​ល្បីល្បាញ​ជុំវិញ​ពិភពលោក​របស់​គាត់​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ មុន​នឹង​គាត់​ផ្ដល់​នូវ​ដង្ហើម​សម្រាប់​ក្រុមហ៊ុន​មួយ​នេះ ឲ្យ​មាន​ជីវិត​រស់​រាន​ឡើង​ដោយ​មាន​ការ​ទទួល​ស្គាល់​នូវ​ស្នាដៃ​ដ៏​លេចធ្លោ​របស់​លោក​នោះ លោក​បាន​បរាជ័យ​ជាមួយ​នឹង​ការ​ក្ស័យធន​ដោយ​ព្យាយាម​បង្កើត​នូវ​ក្រុមហ៊ុន​គ្រឿងយន្ត​របស់​លោក​យ៉ាង​ដុនដាប​ចំនួន​២​ដង​រួច​មក​ហើយ។

ក្នុង​ឆ្នាំ​១៨៩៩ ក្នុង​វ័យ​៣៦​ឆ្នាំ​របស់​លោក លោក​បាន​ព្យាយាម​បង្កើត​នូវ​ក្រុមហ៊ុន​គ្រឿងយន្ត​ដំបូង​របស់​លោក មាន​ឈ្មោះ​ថា Detroit Automobile Company ព្រម​ទាំង​មាន​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ពី​អភិជន​ដ៏​ល្បី​ឈ្មោះ​ដែល​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំងក្លា​ទៅលើ​ឧស្សាហកម្ម​ឈើ​ម្នាក់ គឺ​លោកWilliam H. Murphy​ផង​ដែរ។ តែ​ជា​អកុសល ក្រុមហ៊ុន​នេះ​បាន​ប្រឈម​នឹង​វិបត្តិ​ក្ស័យធន​នា​ពេល​ក្រោយ​មក។ ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​ជា​លើក​ទី​២ គឺ​នៅ​ក្នុង​ឆ្នាំ​១៩០១ ដោយ​បង្កើត​នូវ​ក្រុមហ៊ុន​មួយ​ឈ្មោះ Henry Ford Company ដែល​ចុងក្រោយ​គាត់​បាន​ត្រឹមតែ​មាន​សិទ្ធិ​ជា​កម្មសិទ្ធិ​ទៅលើ​ឈ្មោះ​របស់​ខ្លួន​ប៉ុណ្ណោះ ហើយ​ក្រោយ​មក​ក្រុមហ៊ុន​នេះ ក៏​បាន​ប្ដូរ​ឈ្មោះ​ទៅ​ជា Cadillac Automobile Company។ រហូត​ដល់​ការ​ខិតខំ​ជា​លើក​ទី​៣​របស់​លោក​ជាមួយ​នឹង​ក្រុមហ៊ុន Ford Motor Company ដែល​ដំណើរការណ៍​ឆ្ពោះ​ទៅ​រក​ការ​សាង​សមិទ្ធផល​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​មាន​ប្រសិទ្ធភាព។ លោក Ford គឺ​ជា​បុគ្គល​មួយ​រូប​ដែល​បាន​ធ្វើ​បដិវត្ត​ឧស្សាហកម្ម​គ្រឿងយន្ត និង​មិន​ត្រឹមតែ​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​ដំបូង​ទៅលើ​ម៉ូដែលT (Model T) និង​ដំណើរការណ៍​ផលិត​ក្នុង​រោងចក្រ​នោះ​ឡើយ តែ​គាត់​ថែម​ទាំង​ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​ទៅលើ​ការ​ប្រើប្រាស់​គ្រឿងយន្ត​នៅ​តាម​គ្រប់​គេហដ្ឋាន​នីមួយៗ​ផង​ដែរ។ ដូច្នេះ នា​ពេល​ក្រោយ​មក សមិទ្ធផល​របស់​លោក បាន​ដុះ​ពន្លក​ឡើង ហើយ​ម៉ូដែលT​របស់​លោក ត្រូវ​បាន​លក់​ដាច់​អស់​ជាង​១៧​លាន​គ្រឿង៕

ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ wanderlustworker

X
5s