មេរៀនដ៏មានតម្លៃ៣យ៉ាងរបស់ស្ថាបនិកក្រុមហ៊ុនAmazon លោកJeff Bezos
ក្រុមហ៊ុន Amazon គឺជាអាជីវកម្មលក់បន្តតាមអនឡាញមួយ ដែលត្រូវបានបង្ហាញខ្លួនជាសាធារណៈក្នុងឆ្នាំ១៩៩៨ ជាមួយនឹងតម្លៃក្រុមហ៊ុនក្នុងទីផ្សារចំនួន ៣៨០ពាន់លានដុល្លារនាពេលបច្ចុប្បន្ន។ ដោយមានលោក Jeff Bezos ជាស្ថាបនិកនៃក្រុមហ៊ុនដ៏ល្បីឈ្មោះជុំវិញពិភពលោកមួយនេះ Amazonកំពុងតែខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ ដើម្បីសម្រេចបាននូវទស្សនវិស័យរបស់ខ្លួន ដែលមានបំណងកសាងក្រុមហ៊ុនមួយនេះ ឲ្យមានតម្លៃ៣សែនកោដិដុល្លារក្នុងរយៈពេល១ទសវត្ស។ តាមរយៈបទពិសោធន៍ជាសហគ្រិនដ៏ជោគជ័យដែលទទួលបានការគោរពសរសើរពីមនុស្សជាច្រើន តើមេរៀនជោគជ័យអំពីសហគ្រិនភាពអ្វីខ្លះដែលសហគ្រិនដទៃទៀតអាចរៀនសូត្រពីគាត់បាន?
១) ជក់ចិត្តទៅលើអតិថិជនរបស់អ្នក មិនមែនដៃគូប្រកួតនោះឡើយ៖ គាត់បានផ្ដល់ជាការយល់ឃើញរបស់ខ្លួនថា ក្រុមហ៊ុនជាច្រើនតែងលើកឡើងគោលការណ៍របស់ខ្លួន ដែលហាក់ដូចជាប្រកាន់គោលជំហរយ៉ាងរឹងមាំចំពោះការផ្ដោតជាសំខាន់ចំពោះអតិថិជនរបស់ខ្លួន ទោះជាយ៉ាងណា ពួកគេតែងភ្លេចខ្លួន និងបង្វែរការចាប់អារម្មណ៍ និងឈ្លក់វង្វេងចំពោះដៃគូប្រកួតរបស់ខ្លួនទៅវិញ។ ពួកគេចាំសង្កេតមើលថាតើគូប្រកួតកំពុងដំណើរការណ៍នូវគំនិតលេចធ្លោអ្វី រួចពួកគេក៏វាយបកទៅវិញ។ យ៉ាងណាមិញ ក្រុមហ៊ុនAmazon បានផ្ដោតទៅលើការយកចិត្តទុកដាក់ស្ដាប់បញ្ហារបស់អតិថិជន និងព្យាយាមអស់ពីលទ្ធភាពជួយដោះស្រាយបញ្ហារបស់ពួកគេ។ តួយ៉ាង ដូចជាក្រុមហ៊ុនរបស់លោក ឈ្មោះថាAmazon Web Services បានប្រតិបត្តិទៅតាមគោលការណ៍ជោគជ័យមួយនេះ ដោយជួយដោះស្រាយបញ្ហាជាមួយនឹងសម្ភារៈប្រើប្រាស់ក្នុងផ្ទះដែលមានតម្លៃថ្លៃ និងផលិតផលsoftwareដែលដាក់ឲ្យប្រើប្រាស់ដោយឥតគិតថ្លៃណាដែលមិនមានភាពខ្លាំងគ្រប់គ្រាន់ក្នុងការទប់ទល់ជាមួយនឹងក្រុមហ៊ុនធំៗរីកចម្រើនជឿនលឿនដទៃទៀត។ សព្វថ្ងៃ ក្រុមហ៊ុនមួយនេះ មានតម្លៃលើសពី១០ពាន់លានដុល្លារឯណោះ។
២) ធ្វើឲ្យបុគ្គលិកយល់ថាពួកគេជាម្ចាស់នៃក្រុមហ៊ុន៖ ក្រុមហ៊ុនAmazon មកទល់ពេលនេះ មានបុគ្គលិកចំនួន២៣០,០០០នាក់ ហើយពួកគេក៏មានគោលដៅជួលបុគ្គលិកចំនួន១០០,០០០នាក់បន្ថែមទៀតក្នុងពេល១៨ខែផងដែរ។ គោលការណ៍នៃការផ្ដល់ការងារឲ្យបុគ្គលិករបស់លោក Jeff Bezos គឺជាការអនុញ្ញាតឲ្យបុគ្គលិកទាំងអស់របស់ខ្លួន មានចំណែកជាម្ចាស់ភាគហ៊ុនរបស់Amazon ជាប្រាក់សំណងជំនួសឲ្យប្រាក់បៀវត្សជាសាច់ប្រាក់សុទ្ធ។ ការធ្វើបែបនេះ ធ្វើឲ្យបុគ្គលិកយល់ថាពួកគេក៏ជាផ្នែកមួយនៃម្ចាស់ក្រុមហ៊ុននេះដែរ ដែលវាគឺជាកត្តាជំរុញកម្លាំងចិត្តពួកគេឲ្យប្រឹងប្រែងនាំយកភាពជោគជ័យដល់ក្រុមហ៊ុន។
៣) ជំរុញសក្ដានុពលរបស់មនុស្សឲ្យឈានទៅដល់លំដាប់កំពូលដើម្បីចៀសវាងអំណាចក្នុងការសម្រេចចិត្តចេញតែពីថ្នាក់លើ៖ តាមការលើកឡើងរបស់ស្ថាបនិកក្រុមហ៊ុនAmazonវ័យ៥៣ឆ្នាំរូបនេះ បានកំណត់ការសម្រេចចិត្តចែកចេញជា២ប្រភេទ។ ប្រភេទទី១ គឺជាការសម្រេចចិត្តដែលជាដំណាក់កាលក្នុងការផ្លាស់ប្ដូរធំធេងដែលនឹងជះលទ្ធផលវិជ្ជមានសម្រាប់ក្រុមហ៊ុន ដែលការសម្រេចចិត្តបែបនេះចេញពីលំដាប់ថ្នាក់កំពូលៗរបស់ក្រុមហ៊ុន។ ឯការសម្រេចចិត្តប្រភេទទី២វិញ គឺជាការសម្រេចចិត្តប្រកបដោយការរៀបចំគម្រងយ៉ាងម៉ត់ចត់ ដែលចេញពីរាល់បុគ្គលដែលមានការវិនិច្ឆ័យសីុជម្រៅ ឬក្នុងក្រុមតូចណាមួយ។ គាត់បាននិយាយថា នៅក្នុងស្ថាប័នក្រុមហ៊ុនធំៗ ភាគច្រើនការសម្រេចចិត្តគឺស្ថិតនៅក្នុងប្រភេទទី១ ចេញពីអ្នកមានអំណាចកំពូលៗ ដែលជាលទ្ធផលវានឹងនាំមកនូវដំណើរការណ៍យឺតយ៉ាវចំពោះភាពរីកចម្រើនរបស់ក្រុមហ៊ុន ព្រមទាំងមានការលេចឡើងនូវគំនិតជំទាស់យ៉ាងខ្លាំងជាច្រើនផងដែរ។ ដូច្នេះ អ្នកដឹកនាំត្រូវបំផុសនូវសក្ដានុពលរបស់អ្នកធ្វើការរបស់ខ្លួនគ្រប់រូបឲ្យឈានដល់ចំណុចជាភាពខ្លាំងរបស់ពួកគេ ដើម្បីឲ្យមានការរួមចំណែកពីពួកគេ និងចៀសវាងនូវអំណាចក្នុងការសម្រេចចិត្តចេញពីថ្នាក់លើតែម្យ៉ាង៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ cnbc