​​​គោល​គំនិត​ ៥​យ៉ាង​ជា​មូលដ្ឋាន​​គ្រឹះ​នៃ​ភាព​ជោគជ័យ​របស់​សហគ្រិន​​



មូលដ្ឋាន​នៃ​ភាព​ជោគជ័យ​​របស់​សហគ្រិន​ គឺ​ពឹង​ផ្អែក​ទៅ​លើ​កត្តា​ច្រើន​យ៉ាង​ មិន​មែន​តែ​ទៅ​លើ​ជំនាញ​មួយ​មុខ​ប៉ុណ្ណោះ។ ខាង​ក្រោម​នេះ​ គឺ​ជា​គោល​គំនិត​ ៥​យ៉ាង​​​ដែល​​​ជា​មូលដ្ឋាន​សម្រាប់​ភាព​ជោគជ័យ​របស់​​សហគ្រិន៖

១) ​មាន​ជំនឿ​ទៅ​លើ​ខ្លួន​ឯង​ និង​អាជីវកម្ម​របស់​អ្នក​៖ អ្នក​ជំនាញ​ផ្នែក​ទីផ្សារ​ និង​ជា​ស្ថាបនិក​ BuySellAds ​លោក​ Todd Garland ​បាន​មាន​ប្រសាសន៍​ថា​ ​៖«​អ្នក​ត្រូវ​តែ​រឹង​ប៉ឹង​ និង​អាច​បន្ត​​​ស្ថាបនា​អ្វី​ដែល​អ្នក​មាន​ជំនឿ​ថា​ គឺ​ជា​រឿង​អស្ចារ្យ​​នឹង​កើត​មាន​នៅ​ពេល​អនាគត។ អ្វី​ដែល​អ្នក​បង្កើត​ឡើង​ មិន​មែន​សុទ្ធ​តែ​ជោគជ័យ​រហូត​នោះ​ទេ ប៉ុន្តែ​ការ​បរាជ័យ​ទាំង​នោះ​នឹង​​ក្លាយ​ជា​ចំណែក​មួយ​នៃ​ភាគ​ជោគជ័យ​របស់​អ្នក​នៅ​ពេល​អនាគត»។ ​លោក​ Todd បាន​ចំណាយ​ពេល​​ ៧​ឆ្នាំ​​ដោយ​ឆ្លង​កាត់​ការ​តស៊ូ​ និង​រឿង​រ៉ាង​លំបាក​ៗ​ជា​ច្រើន​ស្ទើរ​រាប់​មិន​អស់​ទម្រាំ​​មក​ដល់​ថ្ងៃ​នេះ​ដែល​​​ក្រុមហ៊ុន​លោក​អាច​រក​ចំណូល​បាន​ ១០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

២) ​គិត​បី​ជំហាន​ទៅ​មុខ​៖ លោក​​ Jessie Shternshus ​ស្ថាបនិក​ The ImprovEffect ​និង​ជា​សហ​អ្នក​និពន្ធ​សៀវភៅ​ CTRL Shift: The Book for Any Day ​បាន​ថ្លែង​ថា​ ៖«​ខ្ញុំ​ដើរ​លើ​ផ្លូវ​របស់​ខ្ញុំ។ ខ្ញុំ​មិន​លេង​អុក​នោះ​ទេ​ ប៉ុន្តែ​​បើ​ខ្ញុំ​លេង​​ខ្ញុំ​ប្រកាន់​គោលការណ៍​​ដើរ​បី​ជំហាន​ទៅ​មុខ»។ ​លោក​ថា​ ទោះ​បី​ជា​យើង​មិន​មែន​ជា​អ្នក​លេង​អុក​ ប៉ុន្តែ​យើង​ត្រូវ​ចេះ​ប្រៀប​ធៀប​​សហគ្រិនភាព​ទៅ​នឹង​ការ​លេង​អុក។ ​ត្រូវ​សួរ​ខ្លួន​ឯង​ថា​ តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​សកម្មភាព​ដែល​អ្នក​នឹង​ធ្វើ​វា​ថ្ងៃ​នេះ? ​

៣) ​ធ្វើ​រឿង​ដែល​លំបាក​៖ លោក​ Josh Pigford ​ស្ថាបនិក​ក្រុមហ៊ុន​ Baremetrics ​បាន​ថ្លែង​​ដូច្នេះ​ថា​ ៖«​រឿង​ដែល​លំបាក​ គឺ​តែង​តែ​ជា​រឿង​​ដែល​អ្នក​គួរ​​ធ្វើ​បន្ទាប់។ ​ឱកាស​ គឺ​​មិន​មែន​​សម្រាប់​មនុស្ស​គ្រប់​គ្នា​នោះ​ទេ​ ហើយ​យ៉ាង​ហោច​ណាស់​ គឺ​មាន​តែ​មនុស្ស​ពីរ​បី​នាក់​នោះ​ទេ​ដែល​ជួប​ឱកាស​នោះ»។ ​ទស្សនៈ​របស់​លោក​ គឺ​​ ចង់​ឱ្យ​​លោក​អ្នក​មាន​ការ​ប្រឹង​ប្រែង​ខ្លាំង​​លើ​ការងារ​ ហើយ​ចូរ​គិត​ថា​ នៅ​ពេល​ធ្វើ​ដំបូង​ កុំ​រំពឹង​លទ្ធផល​​ឥត​ខ្ចោះ​ឱ្យ​សោះ។

៤) ​គិត​រឿង​ធំ​ និង​រឿង​តូច​៖ លោក​ Gabriel Weinberg ​ស្ថាបនិក​ និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ DuckDuckGo ​បាន​មាន​ប្រសាសន៍​ថា​ ៖«​អ្នក​ត្រូវ​តែ​រៀន​គិត​​រឿង​ធំ​ និង​តូច​ព្រម​គ្នា។ ​អ្នក​​ត្រូវ​តែ​ដើរ​​នៅ​លើ​ទិសដៅ​ដូច​គ្នា​​​ស្រប​ទៅ​នឹង​ការ​សម្រេច​ចិត្ត​​តូច​ៗ​ប្រចាំ​ថ្ងៃ​ និង​សកម្មភាព​ធំ​ និង​ការ​សម្រេច​ចិត្ត​ធំ​ៗ​របស់​អ្នក»

៥) ​បង្កើត​​សំណាង​​​សម្រាប់​ខ្លួន​ឯង​៖ លោក​ Russ Perry ​ស្ថាបនិក​ក្រុមហ៊ុន​ Design Pickle បាន​ថ្លែង​ថា​ ៖«​មនុស្ស​ដែល​បង្កើត​សំណាង​សម្រាប់​ខ្លួន​ឯង​ ​គឺ​មិន​ចាំ​បាច់​​​គិត​ពី​ការ​ទទួល​អត្ថប្រយោជន៍​ច្រើន​ជាង​​អ្នក​ដទៃ​នោះ​ទេ។ ​​ប៉ុន្តែ​​​​គេ​អាច​ទទួល​អ្វី​​ដែល​ពួក​គេ​បាន​ប៉ង»។ ​លោក​ Russ Perry លើក​ឡើង​​ថា​ សម្រាប់​រូប​លោក​ លោក​បង្កើត​សំណាង​​​ដូច​ការ​គណនា​​​ប្រូប៉ាប​​តាម​បែប​គណិតវិទ្យា​ដែរ​ ដូច្នេះ​​​​ឱកាស​នឹង​កើត​ឡើង​ខ្ពស់​​ដែរ។

បង្កើត​សំណាង​ លោក​ចង់​សំដៅ​ទៅ​លើ​ការ​​ សាកល្បង​​​អាជីវកម្ម​​ឱ្យ​បាន​ច្រើន។ ប្រសិន​បើ​អ្នក​បង្កើត​អាជីវកម្ម​តែ​មួយ​ ​អាច​នឹង​ជួប​បរាជ័យ​ ដូច្នេះ​បើ​អ្នក​បង្កើត​អាជីវកម្ម​ ១០​​ប្រហែល​ជា​មាន​ខ្លះ​ជោគជ័យ​ និង​បរាជ័យ​។ នោះ​ហើយ​គឺ​ជា​សំណាង៕

ដោយ៖ រតនៈ​វិភូ​​​​​​​

X
5s