៥​ចំណុច​ដែល​ត្រូវ​ចង​ចាំ​​នៅ​ពេល​លោក​អ្នក​កំពុង​ស្វែង​រក​ការងារ​ធ្វើ​​



ការ​ស្វែង​រក​ការងារ​ មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើង​ទម្រាំ​នឹង​ទទួល​​បាន​ការងារ​ ខណៈ​ស្ថានភាព​នៃ​ការ​ប្រកួត​ប្រជែង​កាន់​តែ​តឹងតែង​ៗ​ឡើង។ ​​៥​ចំណុច​ខាង​ក្រោម​នេះ​ ​លោក​អ្នក​គួរ​តែ​ចង​ចាំ​នៅ​ពេល​​កំពុង​ស្វែង​រក​៖

១) ​កុំបារម្ភ​នៅ​ពេល​​មាន​ក្រុមហ៊ុន​តែ​មួយ​ហៅ​អ្នក​សម្ភាស​បន្ទាប់​ពី​អ្នក​បាន​ដាក់​ការងារ​នៅ​​ ១០​​ក្រុមហ៊ុន​ហើយ​ក្ដី៖ បច្ចុប្បន្ន​នេះ​ នៅ​កម្ពុជា​​ មាន​គេហទំព័រ​​​ជ្រើស​រើស​​បុគ្គលិក​​កាន់​តែ​ច្រើន​ឡើង​ៗ​ ​ប៉ុន្តែ​ក៏​មាន​ដែរ​គេហទំព័រ​មួយ​ចំនួន​​មាន​មុខ​តំណែង​តិច​ ឬ​មាន​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពី​ការ​ជ្រើស​រើស​​​បុគ្គលិក​តិច។ ​គេហទំព័រ​ខ្លះ​ទៀត​ គឺ​មិន​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​សោះ​តែ​ម្ដង។ ដូច្នេះ​ លោក​អ្នក​កុំ​បារម្ភ​ គឺ​ត្រូវ​ដើរ​តាម​រូបមន្ត​ ១០​លើ​ ១​ (10/1) មាន​ន័យ​ថា​ បើ​អ្នក​បាន​ដាក់​ពាក្យ​ ១០​ក្រុមហ៊ុន​​យ៉ាង​ហោច​ណាស់​ក៏​មាន​​ក្រុមហ៊ុន​មួយ​​ហៅ​អ្នក​សម្ភាស​ដែរ។

២) ​បង្ហាញ​ពី​​អត្តចរិត​របស់​អ្នក​៖ ​​​​​​​​​មិន​មែន​​មនុស្ស​ពូកែ​សុទ្ធ​តែ​ជា​ការ​ចង់​បាន​ពី​សំណាក់​ក្រុមហ៊ុន​ទាំង​អស់​នោះ​ទេ។ ​អ្នក​មិន​ត្រូវ​ភ្លេច​ទេ​ ថា​អត្តចរិត​គឺ​ជា​ចំណុច​សំខាន់​​បំផុត​មួយ​ដែល​ក្រុមហ៊ុន​អាច​នឹង​ជ្រើស​រើស​អ្នក​ឱ្យ​ទៅ​បំពេញ​ការងារ។ ដូច្នេះ​អ្នក​ត្រូវ​​បង្ហាញ​អត្តចរិត​របស់​អ្នក​ដែល​ស៊ី​ទៅ​នឹង​ប្រភេទ​ក្រុមហ៊ុន​ ឬ​មុខ​តំណែង​​ដែល​កំពុង​​ដាក់​ពាក្យ។

៣) ​ស្វែង​រក​ការងារ​ប្រកប​ដោយ​​ការ​យក​ចិត្ត​ទុក​ដាក់៖​ ​ពេល​ខ្លះ​ អ្នក​គិត​ថា​ ស្វែង​រក​ការងារ​តាម​គេហទំព័រ​ មិន​ចាំ​បាច់​​ពិនិត្យពិច័យ​ច្រើន​ទេ​ ពោល​គឺ​ឃើញ​ទំនង​ៗ​ដាក់​ពាក្យ​តែ​ម្ដង។ ​នេះ​​​មិន​មែន​ជា​គំនិត​​ត្រឹម​ត្រូវ​នោះ​ទេ​ ព្រោះ​វា​បាន​បង្ហាញ​ពី​ការ​ធ្វេសប្រហែស ​ឬ​ការ​មើល​ស្រាល​របស់​អ្នក​ទៅ​លើ​ក្រុមហ៊ុន​ ឬ​មុខ​តំណែង​ដែល​អ្នក​កំពុង​ដាក់​ពាក្យ។ ​អ្នក​ប្រាកដ​ណាស់​ថា​ ​មិន​អាច​ជាប់​សូម្បី​តែ​វគ្គ​ជម្រុះ​ដំបូង។ ​ត្រូវ​ដាក់​ចិត្ត​នៅ​ពេល​អ្នក​ស្វែង​រក​ការងារ។

៤) ​ពេល​ខ្លះ​ក៏​ត្រូវ​ការ​អ្នក​ដទៃ​ឱ្យ​ជួយ​​ដែរ៖ ​​​​មិត្តភក្ដិ​ បង​​ៗ​របស់​អ្នក​គឺ​សុទ្ធ​តែ​ជា​មនុស្ស​ដែល​អាច​​ផ្ដល់​ដំបូន្មាន​ល្អៗ​អំពី​ការ​​ស្វែង​រក​ការងារ​ និង​ការ​ដាក់​ពាក្យ​ធ្វើ​ការងារ។ ​​អ្នក​ទាំង​នោះ​អាច​​ប្រាប់​អ្នក​ពី​បទ​ពិសោធន៍​ផ្សេង​ៗ​​គ្នា​អំពី​ការ​​ស្វែង​រក​ការងារ​ និង​របៀប​នៃ​ការ​រៀប​ចំ​ឯកសារ​ដូច​ជា​ប្រវត្តិរូប​​សង្ខេប​ (CV) និង​លិខិត​អម​ (Cover Letter) ជា​ដើម។

៥) ​កសាង​បណ្ដាញ​ (Networking)៖ មិន​មែន​ពឹង​តែ​ទៅ​លើ​​គេហទំព័រ​ជ្រើស​រើស​បុគ្គលិក​តែ​មួយ​មុខ​នោះ​ទេ ​អ្នក​គួរ​តែ​​ខិតខំ​កសាង​បណ្ដាញ​​​ដែល​អាច​ជួយ​អ្នក​​ឆាប់​ស្វែង​រក​ការងារ​បាន​ផង​ដែរ។ ​អ្នក​ស្គាល់​មនុស្ស​កាន់​តែ​ច្រើន​ អ្នក​នឹង​បាន​ស្គាល់​ពី​របៀប​នៃ​ការ​​ធ្វើ​ការ​ ​​និង​ស្គាល់​​​ក្រុមហ៊ុន​កាន់​តែ​ច្រើន៕

ដោយ៖ រតនៈ​វិភូ​​​

X
5s