ធាតុផ្សំសំខាន់ ៣យ៉ាង ដើម្បីពង្រីកឥទ្ធិពលរបស់អ្នកក្នុងការអូសទាញអ្នកដទៃ
ការអូសទាញអ្នកដទៃឲ្យយល់ព្រមអនុវត្តទៅតាមបំណងរបស់អ្នកបានដោយជោគជ័យ អ្នកមិនអាចសម្រេចវាបានដោយខណៈពេលមួយភ្លែតដែលអ្នកនិយាយទៅកាន់ពួកគេនោះឡើយ។ មនុស្សជុំវិញខ្លួនអ្នក អាចមានភាពអត់ធ្មត់លះបង់ពេលវេលារបស់ពួកគេ ដើម្បីព្យាយាមស្ដាប់ពីគំនិតរបស់អ្នកបាន ដរាបណាអ្នកមានអ្វីឲ្យគេជឿជាក់ និងមានទំនុកចិត្តលើអ្នកជាមុនសិន។
ការបណ្ដុះបាននូវទំនុកចិត្តរបស់ពួកគេមកលើអ្នកបាន អ្នកមិនមែនប្រើប្រាស់ល្បិចកលបោកប្រាស់ សម្ដែងនៅនឹងមុខពួកគេថាអ្នកជាមនុស្សល្អ ឬវិធីមិនថ្លៃថ្នូរផ្សេងៗដើម្បីទិញទឹកចិត្ត ក៏ដូចជាទំនុកចិត្តពីពួកគេនោះឡើយ។ អត្តចរិតល្អពិតប្រាកដរបស់អ្នក គឺជាគ្រឹះដ៏រឹងមាំមួយសម្រាប់បណ្ដុះនូវទំនុកចិត្តពួកគេបាន ដែលអាចធ្វើបែបនេះបាន អ្នកត្រូវមានធាតុផ្សំសំខាន់ទាំង៣យ៉ាងដូចខាងក្រោមនេះ៖
១) បង្កើននូវទំនាក់ទំនងដ៏ជ្រាលជ្រៅដែលយល់ពីចិត្តថ្លើមគ្នាជាមួយពួកគេ
តាមវិធីណាទើបអ្នកអាចបង្កើននូវទំនាក់ទំនងប្រកបដោយអត្ថន័យជ្រាលជ្រៅជាមួយពួកគេ ដែលភាគីទាំងសងខាងមានស្មារតីដុះដាលចេញពីចិត្តក្នុងការព្យាយាមស្វែងយល់ពីគ្នាទៅវិញទៅមកបាននោះ? ពិតណាស់ ដើម្បីឲ្យអ្នកដទៃយល់ពីអ្នក និងគំនិតដែលអ្នកចង់អូសទាញពួកគេឲ្យយល់ព្រមតាម អ្នកត្រូវព្យាយាមយល់ពីពួកគេជាមុនសិន។ បើអ្នកមិនស្គាល់ពីពួកគេច្បាស់ផង ថាតើអ្នកអាចមានឥទ្ធិពលទៅលើពួកគេបានដោយរបៀបណា ហើយទំនាក់ទំនងបែបនេះអាចកើតឡើងបាន លុះត្រាតែអ្នកហ៊ានលះបង់ពេលវេលា និងមានភាពអត់ធ្មត់ជាចាំបាច់។
២) យល់ឲ្យច្បាស់ពីគោលបំណងរបស់ខ្លួន
ក្រោយពីវិនិយោគទៅលើសម្ពន្ធភាពរបស់អ្នកដោយសន្សឹមៗរួចមក បើអ្នកចង់អូសទាញពួកគេឲ្យសម្របតាមគំនិតរបស់អ្នក អ្នកខ្លួនឯងត្រូវមានទំនុកចិត្តប្រកបដោយភាពក្លាហាននូវអ្វីដែលអ្នកកំពុងជឿជាក់ជាមុនសិន។ អ្នកត្រូវប្រាកដជាមួយអ្វីដែលអ្នកចង់បាន មូលហេតុអ្វីដែលអ្នកចង់បានវា និងថាតើមូលហេតុអ្វីបានជាវាជាគំនិតដ៏ល្អមួយដែលពួកគេគួរសហការជាមួយអ្នក ធ្វើបែបនេះបាន អ្នកនឹងបង្កើនការជឿទុកចិត្តរបស់ពួកគេមកលើអ្នកជាក់ជាមិនខាន ហើយឥទ្ធិពលរបស់អ្នកនឹងគ្របដណ្ដប់ទៅលើពួកគេយ៉ាងវិជ្ជមាន។
៣) បង្ហាញពីអ្វីដែលពួកគេអាចនឹងបាត់បង់៖ អ្នកគួរតែបញ្ជាក់ប្រាប់ពួកគេផងដែរនូវអ្វីដែលពួកគេអាចនឹងបាត់បង់ បើសិនជាពួកគេមិនអនុវត្តទៅតាមផែនការរបស់អ្នក តែមិនមានជាការបញ្ជាក់មួយដោយធ្វើឡើងនៅក្នុងវិធីគំរាមកំហែងពួកគេនោះឡើយ។ អ្នកត្រូវធ្វើជាមនុស្សប្រកបដោយភាពមានហេតុផលច្បាស់លាស់ និងផ្ដល់សេរីភាពដល់ពួកគេគិតគូរពីការជ្រើសរើសរបស់ពួកគេដោយខ្លួនឯងទើបជាការអូសទាញដែលឆ្លុះបញ្ចាំងពីតម្លៃនៅក្នុងខ្លួនអ្នកពិតប្រាកដ៕
ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ blissberribusinessblog