អនុវត្ត​ន៍ចំណុច​ ទាំង​៣នេះ​ ដើម្បី​ចាប់​យក​ភាព​ជោគជ័យ​នៅពេល​ខាង​មុខ​



រយៈកាល​នៃ​ពេលវេលា​១​ឆ្នាំ​ដ៏​មាន​តម្លៃ​កន្លង​មក​នេះ បាន​ត្រៀម​នឹង​កន្លង​ផុត​ទៅ​ហើយ។ ដោយ​ភ្ជាប់​ខ្លួន​ទៅ​នឹង​ភារកិច្ច​ដ៏​សំខាន់​មួយ​ក្នុង​នាម​ជា​សហគ្រិន​មួយ​រូប ការ​ហែល​ឆ្លងកាត់​សមុទ្រ​ដ៏​ធំ​ល្វឹងល្វើយ​ប្រថុយ​ប្រថាន​ក្នុង​ការ​ធ្វើ​អាជីវកម្ម បទពិសោធន៍ និង​លទ្ធផល​បង្ហាញ​ឲ្យ​ឃើញ​មក​មិន​ថា​ជា​ការ​សម្រេច​បាន​នូវ​សមិទ្ធផល​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង​គួរ​ជាទី​ចងចាំ​របស់​អ្នក និង​មនុស្ស​ជុំវិញ​ខ្លួន ឬ​ជា​ភាព​ល្វីង​ជូរចត់​នៃ​ការ​បរាជ័យ​នោះ​ទេ ទាំងនោះ​សុទ្ធ​តែ​បាន​បង្កប់​នូវ​មេរៀន​ដែល​អ្នក​គួរ​កត់​សម្គាល់ និង​យកចិត្តទុកដាក់​រៀន​សូត្រ ដើម្បី​កែ​ប្រែ​ចំណុច​អវិជ្ជមាន​ដែល​អាក់​ខាន​ដល់​ដំណើរការណ៍​របស់​អ្នក និង​កែ​សម្រួល​នូវ​ចំណុច​វិជ្ជមាន​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន​ឈាន​ទៅ​ដល់​ចំណុច​កំពូល​មួយ។

ចំណែក​៣​ចំណុច​ខាងក្រោម​នេះ គឺ​ជា​ភារកិច្ច​ដែល​អ្នក​ត្រូវ​ត្រៀម​ខ្លួន​ចេញ​ប្រតិបត្តិ​សម្រាប់​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុននៅពេល​ខាង​មុខ៖

១) ផែនការ​សម្រាប់​រយៈពេល​១០០​ថ្ងៃ

ភារកិច្ច​នេះ​ថ្វី​ដ្បិត​តែ​មិន​មាន​ភាព​បន្ទាន់​សម្រាប់​ជោគជ័យ​របស់​ក្រុមហ៊ុន ប៉ុន្តែ​វា​ជា​ភារកិច្ច​ដ៏​សំខាន់​មួយ​ដែល​ទាមទារ​នូវ​ការ​យកចិត្តទុកដាក់​របស់​អ្នក ក៏​ដូចជា​ការ​លះបង់​នូវ​ពេលវេលា​របស់​អ្នក​មួយ​ចំនួន​សម្រាប់​បន្ធូរ​អារម្មណ៍​ឲ្យ​ស្ងប់ និង​ត្រិះរិះ​គិតគូរ​ពី​អនាគត​ក្រុមហ៊ុន​របស់​អ្នក។ បេសកកម្ម​របស់​ក្រុមហ៊ុន និង​ទស្សនវិស័យ​ដែល​អ្នក និង​អ្នក​រួម​ការងារ​ទាំងមូល​ពួត​ដៃ​គ្នា​ព្យាយាម​សម្រេច​ទៅដល់​កន្លង​មក​នេះ ថា​តើ​សម្រាប់​រយៈពេល​១០០​ថ្ងៃ អ្នក​មាន​ផែនការ​ក្នុង​រយៈពេល​ខ្លី​អ្វី​បន្ត​សម្រាប់​គាំទ្រ​ទៅដល់​គោលដៅ​ក្នុង​រយៈពេល​វែង​របស់​អ្នក​ដែល​ជា​ទស្សនវិស័យ​របស់​ក្រុមហ៊ុន​ឲ្យ​បាន​ជោគជ័យ និង​ថា​តើ​ជំហ៊ាន​ជាក់លាក់​អ្វី និង​ធនធាន​ចាំបាច់​អ្វី​ខ្លះ​ដែល​អ្នក​នឹង​ត្រូវ​មាន​ដើម្បី​សម្រេច​ផែនការ​១០០​ថ្ងៃ​នេះ។  

២) បញ្ឈប់​បុគ្គលិក​ណា​ដែល​អ្នក​ប្រាកដ​យ៉ាង​ច្បាស់​ថា​ត្រូវ​តែ​បញ្ឈប់

បើ​សិន​ជា​អ្វី​ដែល​អ្នក​កត់​សម្គាល់​ទៅលើ​បុគ្គលិក​ណា​ដែល​អ្នក​បាន​ព្យាយាម​ខ្នះខ្នែង​ជួយ​ពួកគេ​កន្លង​មក ប៉ុន្តែ​អ្វីៗ​នៅ​តែ​មិន​ប្រសើរ​ឡើង មិន​ទទួល​បាន​ផ្លែផ្កា ឬ​ភាព​រីកចម្រើន​ទៅ​រក​ទិសដៅ​វិជ្ជមាន​ទេ​នោះ អ្នក​ត្រូវ​គិត​គូរ​ធ្វើការ​បញ្ឈប់​ការងារ​របស់​ពួកគេ​ហើយ ព្រោះ​ថា​វត្តមាន​នៅ​បន្ត​របស់​ពួកគេ​ក្នុង​ក្រុមហ៊ុន នឹង​ជះ​ផល​អវិជ្ជមាន​ជា​ច្រើន​ដែល​អ្នក​មិន​គួរ​ព្រងើយ​កន្តើយ​នោះ​ឡើយ ដូចជា​ការ​ថយ​ចុះ​នូវ​ប្រសិទ្ធភាព​ការងារ ក្រម​សីលធម៌​របស់​បុគ្គលិក​ទាប ការ​បន្ថែម​នូវ​ជំនួយ​ទំនុក​បម្រុង​ដ៏​ខ្ជះខ្ជាយ​សម្រាប់​ពួកគេ ភាព​ខូចខាត​នៃ​ទំនាក់ទំនង​ជាមួយ​អតិថិជន​របស់​អ្នក ថែមទាំង​ប្រាក់​ចំណូល​របស់​ក្រុមហ៊ុន​ទៀត​ផង។

៣) ដំឡើង​នូវ​តម្លៃ​ផលិតផល ឬ​សេវាកម្ម​របស់​អ្នក

ការ​យល់​ខុស​របស់​អាជីវកម្ម​តូចៗ​ភាគ​ច្រើន មាន​ទស្សន​ទៅលើ​ការ​ទទួល​បាន​នូវ​ភាព​មាន​ប្រៀប​ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​ដៃ​គូ​ខ្លួន ដោយ​ធ្វើការ​បន្ទាប​តម្លៃ​ផលិតផល ដើម្បី​ទាក់ទាញ​អតិថិជន​ឲ្យ​បាន​ច្រើន។ យ៉ាងណាមិញ ដើម្បី​បង្កើន​អតិថិជន អ្វី​ដែល​អ្នក​គួរ​ធ្វើ មិនមែន​ជា​ការ​ទម្លាក់​តម្លៃ​ទៅលើ​ផលិតផល​បែប​នេះ​នោះ​ទេ ការ​សម្រេច​ចិត្ត​ដ៏​វៃ​ឆ្លាត​បំផុត​ដែល​អ្នក​គួរ​ធ្វើ គឺ​ជា​ការ​សិក្សា​ពី​ដៃគូ​ប្រកួត រួច​ពិនិត្យ​ទៅលើ​តម្លៃ​ដែល​អ្នក​ដាក់​លក់​នៅ​លើ​ទីផ្សារ​កន្លង​មក បន្ទាប់​មក​ដំឡើង​តម្លៃ​ក្នុង​បរិមាណ​មួយ​ដ៏​សមរម្យ​អាច​ទទួល​យក​បាន ប៉ុន្តែ​ចាំបាច់​បន្ថែម​នូវ​គុណភាព​ឲ្យ​កាន់តែ​ខ្ពស់ និង​ប្រសើរ​លើស​ពី​គុណភាព​ពី​មុន​ដែល​អ្នក​ធ្លាប់​ធ្វើ​បាន៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ entrepreneur

X
5s