មនុស្សភាគច្រើនដែលចូលចិត្តចំណាយពេលម្នាក់ឯង សុទ្ធតែមានចំណុចរួមទាំង៣នេះ
ការទទួលឥទ្ធិពលដ៏ខ្លាំងក្លាពីសង្គម ដែលឲ្យតម្លៃ និងលើកតម្កើងបុគ្គលទាំងឡាយណាដែលមានភាពបិុនប្រសប់ក្នុងការនិយាយស្ដីវោហារ និងមានវិធីសាស្ត្រទាក់ទាញផ្សេងៗក្នុងការធ្វើប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព បានធ្វើឲ្យបុគ្គលដែលមិនសូវមានទេពកោសល្យក្នុងការនិយាយស្ដី ទទួលបានការចាប់អារម្មណ៍តិចតួច និងត្រូវបានបង្កើតនូវការវាយតម្លៃអវិជ្ជមានភ្លាមៗដោយមិនមាននូវការសិក្សាស្វែងយល់ពីបុគ្គលនោះឲ្យបានសីុជម្រៅជាមុនសិននោះឡើយ។
មនុស្សដែលកាន់តែស្ងប់ស្ងាត់ កាន់តែជាមនុស្សដែលមានរឿងនឹកស្មានមិនដល់ជាច្រើនដែលអ្នកគួរស្វែងយល់ និងរៀនសូត្រពីពួកគេ ដែលនឹងបញ្ជាក់ពេលក្រោយទៅលើការយល់ឃើញរបស់អ្នកចំពោះពួកគេកាលពីមុនថាជាការសន្មតដែលពុំមានការពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយតែប៉ុណ្ណោះ។ ដូច្នេះ ចំណុចទាំង៣ខាងក្រោមនេះ គឺជាអ្វីដែលមនុស្សចូលចិត្តចំណាយពេលនៅម្នាក់ឯងតែងមានរួមគ្នា៖
១) សេចក្ដីសុខរបស់ពួកគេដុះដាលចេញមកពីកម្លាំងជំរុញខាងក្នុង៖ ការចំណាយពេលជាច្រើននៅម្នាក់ឯង គឺជាកម្លាំងជំរុញប្រកបដោយថាមពលវិសេសអស្ចារ្យ ដែលជួយឲ្យពួកគេស្វែងរកឃើញនូវសេចក្ដីសុខស្ងប់ សន្តិភាពផ្លូវចិត្ត ដែលជាប្រភពនៃសេចក្ដីសុខរបស់ពួកគេនៅក្នុងជីវិត។ ពួកគេមិនត្រូវការការយកចិត្តទុកដាក់ពីអ្នកដទៃដើម្បីទទួលបានការទទួលស្គាល់នោះឡើយ ព្រោះពួកគេដឹងយ៉ាងច្បាស់ថា សេចក្ដីសុខពិតប្រាកដ ដុះដាលចេញពីក្នុងចិត្ត មិនមែនមកពីកត្តាខាងក្រៅជាអ្នកប្រគល់ឲ្យនោះឡើយ។ តាមរយៈពេលវេលានៅម្នាក់ឯង ពួកគេបានសិក្សាស្វែងយល់ពីខ្លួនឯងបន្ថែម យល់ឲ្យបានកាន់តែសីុជម្រៅពីការគិតរបស់ខ្លួន និងស្គាល់ឲ្យបានច្បាស់ថាខ្លួនឯងជានរណា មានគោលដៅអ្វីដែលចង់សម្រេចឲ្យបាននៅក្នុងជីវិតប្រកបដោយគំនិតប្រាកដប្រជាច្បាស់លាស់។
២) ពួកគេតែងស្វែងរកនូវការអភិវឌ្ឍខ្លួនជានិរន្ត៖ ពួកគេមិនមានចំណាប់អារម្មណ៍ក្នុងការជាប់ពាក់ព័ន្ធទៅនឹងសន្ទនាដែលមានលក្ខណៈជាការនិយាយលេងសើចបែបនេះនោះទេ ពួកគេជាមនុស្សដែលឲ្យតម្លៃទៅលើគ្រប់វិនាទីរបស់ខ្លួនក្នុងមួយថ្ងៃៗ ដូច្នេះពេលវេលាដែលពួកគេលះបង់ចំពោះការសន្ទនាទាំងឡាយ គឺប្រាកដណាស់ថាជាការសន្ទនាមួយដែលជំរុញនូវថាមពលពីក្នុងខ្លួន ដើម្បីអភិវឌ្ឍខ្លួនឲ្យមានភាពរីកចម្រើនទៅមុខកាន់តែល្អប្រសើរ។ ម្យ៉ាងទៀត នៅពេលពួកគេបានស្គាល់ពីខ្លួនឯងបានយ៉ាងសីុជម្រៅរួចមក ទំនាក់ទំនងរបស់ពួកគេជាមួយអ្នកដទៃនឹងប្រព្រឹត្តទៅដោយមានខ្លឹមសារ និយាយចូលទៅដល់ជម្រៅចិត្តរវាងគ្នា និងធ្វើឲ្យពួកគេបានស្វែងយល់ពីចំណុចពិសេសរបស់អ្នកដទៃបានថែមទៀតផង។
៣) ពួកគេជាមនុស្សដែលមានភាពវៃឆ្លាតជាងអ្នកនៅជុំវិញខ្លួន៖ ពេលវេលាដែលពួកគេចំណាយជាមួយខ្លួនឯង តែងត្រូវបានយកទៅប្រើប្រាស់យ៉ាងមានភាពម៉ត់ចត់ដែលឆ្លុះបញ្ចាំងពីការឲ្យតម្លៃទៅលើពេលវេលារបស់ពួកគេ ទៅលើការប្រឹងប្រែងបោះជំហានសន្សឹមៗឆ្ពោះទៅរកការសម្រេចនូវទស្សនវិស័យ គោលដៅក្នុងរយៈពេលវែងដ៏មានសារសំខាន់នៅក្នុងជីវិតរបស់ពួកគេ ដែលប្រៀបដូចជាធាតុសំខាន់ដែលតំណាងពីបេះដូងនៃជីវិតរបស់ពួកគេដូច្នោះ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ lifehack