រឿង៣យ៉ាង អ្នកមិនត្រូវនិយាយដាច់ខាតពេលសម្ភាសន៍ចាកចេញពីក្រុមហ៊ុន ក្រែងនាំទុក្ខដាក់ខ្លួន
ការសម្ភាសចាកចេញពីការងារ កើតមានឡើងនៅពេលអ្នកបានសម្រេចចិត្តដាក់ពាក្យលាឈប់ពីការងារបច្ចុប្បន្នរបស់អ្នក ដែលជំហានបន្ទាប់មុននឹងអ្នកចាកចេញ អ្នកត្រូវបានតម្រូវឲ្យបំពេញនូវឯកសារមួយចំនួន និងមានបទសម្ភាសធ្វើការសាកសួរអ្នកនូវសំណួរដែលចង់ដឹងពីមូលហេតុចាកចេញរបស់អ្នក និងទីកន្លែងដែលអ្នកមានគោលដៅត្រូវទៅបន្ទាប់។ យ៉ាងណាមិញ ទោះជាអ្នកបានសម្រេចចិត្តធ្វើការចាកចេញដោយមូលហេតុផ្ទាល់ខ្លួនដែលអ្នកមានបញ្ហាជាមួយផ្នែកណាមួយនៃក្រុមហ៊ុនក៏ដោយ ក៏អ្នកគួរបន្សល់ទុកនូវការចងចាំល្អៗរបស់អ្នកសម្រាប់អ្នកធ្លាប់ធ្វើការជាមួយអ្នកនោះដែរ។ ខាងក្រោមនេះ គឺជារឿង៣យ៉ាងដែលអ្នកត្រូវហាមដាច់ខាតមិនត្រូវនិយាយក្នុងការសម្ភាសចាកចេញរបស់អ្នក៖
១) ស្អប់៖ ពាក្យ "ស្អប់" នេះមានទម្ងន់ធ្ងន់សម្បើមណាស់ ដែលវាពិតជាមិនសមរម្យទាល់តែសោះសម្រាប់អ្នកយកវាមកប្រើប្រាស់និយាយពីមូលហេតុដែលធ្វើឲ្យអ្នកសម្រេចចិត្តលាឈប់ពីការងារបច្ចុប្បន្ននេះទៅកាន់អ្នកគ្រប់គ្រងធនធានមនុស្សរបស់អ្នក។ ជាការល្អប្រសើរបំផុត បើសិនជាអ្នកមានមតិស្ថាបនា មើលឃើញពីចំណុចខ្វះខាតជាចន្លោះប្រហោងរបស់ក្រុមហ៊ុនដែលធ្វើឲ្យអ្នកមិនពេញចិត្ត និងបង្អាក់ដល់ដំណើរការណ៍រីកចម្រើនរបស់អ្នក អ្នកអាចនិយាយយ៉ាងស្មោះត្រង់នូវចំណុចមិនល្អទាំងនោះដោយប្រកាន់យកនូវការគោរព និងភាពថ្លៃថ្នូរចំពោះអ្នកដទៃ និងចៀសវាងនូវការយល់តែពីអារម្មណ៍របស់ខ្លួន។
២) អន់បំផុត៖ មិនខុសគ្នាប៉ុន្មាននោះទេ ការរៀបរាប់ពីចំណុចណាមួយដែលអ្នកមិនពេញចិត្តដោយបញ្ចូលនូវពាក្យ "អន់បំផុត" មិនថាតែចំពោះប្រធានរបស់អ្នក ឬអ្នករួមការងាររបស់អ្នក ឬបញ្ហាផ្សេងៗនោះទេ បើអ្នកយកអារម្មណ៍បណ្ដោះអាសន្នរបស់ខ្លួននាពេលនេះជាធំ នោះវានឹងបង្កឲ្យមានផលប៉ះពាល់ដល់ប្រយោជន៍នាពេលអនាគតជាក់ជាមិនខាន។ បើអ្នកមិនពេញចិត្តនឹងអ្វីមួយក្នុងក្រុមហ៊ុនកន្លងមក អ្នកត្រូវចាំថាគួរបកស្រាយពីបញ្ហាទាំងនោះដោយឈរលើផ្នត់គំនិតនៃការស្ថាបនាជានិច្ច ក្នុងករណីប្រធានដែលសម្ភាសអ្នកនោះ ផ្លាស់ប្ដូរការងារ ហើយអ្នកមានឱកាសជួបពួកគេទៀត យ៉ាងហោចណាស់ ក៏ពួកគេមានរឿងល្អៗដែលត្រូវនិយាយពីអ្នកប្រាប់ទៅអ្នកដទៃដែរ។
៣) មតិស្ថាបនាដែលមានលក្ខណៈមិនច្បាស់លាស់៖ អ្នកត្រូវបែងចែកឲ្យច្បាស់នូវការរិះគន់ដែលគ្មានហេតុផល និងការស្ថាបនាដែលមានហេតុផលក្នុងគោលបំណងកែប្រែស្ថានការណ៍ឲ្យកាន់តែប្រសើរសម្រាប់ក្រុមហ៊ុនមុនពេលអ្នកចាកចេញ។ អ្នកត្រូវផ្ដល់នូវហេតុផល ទិន្នន័យជាព័ត៌មានប្រកបដោយភាពច្បាស់លាស់ ថាហេតុអ្វីអ្នកយល់ថាអ្វីមួយនោះជាបញ្ហាសម្រាប់អ្នក ដែលជាមូលហេតុនៃការចាកចេញរបស់អ្នក ហើយបើទោះជាប្រធានរបស់អ្នកអាចមិនយល់ស្របនឹងអ្នកក៏ពិតមែន តែអ្នកនឹងស្ថិតនៅក្នុងការចងចាំដ៏ល្អរបស់ពួកគេនៅពេលក្រោយ៕
ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ www.cheatsheet.com