​ពាក្យ​៣​ឃ្លា​ ដែល​អ្នក​​មិន​គួរ​ប្រើ​ក្នុង​ពេល​សន្ទនា​ជាមួយ​ថ្នាក់​លើ​របស់​អ្នក​



នៅកំឡុងពេលនេះ អ្នកអាចនឹងកំពុងតែខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំក្នុងការទាក់ទាញការចាប់អារម្មណ៍ពីប្រធានរបស់អ្នក ឲ្យមើលឃើញពីសមត្ថភាពរបស់អ្នក ការខិតខំប្រឹងប្រែង ការធ្វើបទបង្ហាញផ្សេងៗ ឬជារបាយការណ៍ក្នុងការលក់ជាដើម ដើម្បីទទួលបានការដំឡើងប្រាក់បៀវត្ស និងការដំឡើងដំណែងនៅក្នុងក្រុមហ៊ុន។ ថ្វីត្បិតតែ ចំណុចដែលបានបង្ហាញខាងលើដែលបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់អ្នកទាំងនោះ មានឥទ្ធិពលគ្រប់គ្រាន់នឹងអាចផ្លាស់ប្ដូរការយល់ឃើញជាវិជ្ជមានរបស់ប្រធានអ្នកមកលើអ្នកក្ដី ក៏ចំណុចសំខាន់មួយទៀត ដែលជារបៀបនៃការប្រាស្រ័យទាក់ទងរបស់អ្នកជាមួយប្រធាន ជាការប្រើប្រាស់ពាក្យសម្ដីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្ដែង នៅក្រោមសម្ពាធ និងស្ថានភាពនៅពេលជួបប្រទះនឹងឧបសគ្គផ្សេងៗ មានឥទ្ធិពលជាខ្លាំងទៅលើការយល់ឃើញរបស់ប្រធានអ្នកមកលើអ្នកចំពោះការសម្រេចចិត្តថាតើអ្នកសាកសមនឹងត្រូវប្រគល់ការទទួលខុសត្រូវខ្ពស់ជាងមុនដែរឬអត់។ ខាងក្រោមនេះ គឺជាពាក្យទាំង៣ដែលមិនត្រូវមាននៅក្នុងការសន្ទនាជាមួយប្រធានអ្នក៖

១) មិនអាច៖ អត្ថន័យនៃពាក្យថា «មិនអាច» ឆ្លុះបញ្ចាំងពីកង្វះនូវទំនុកចិត្ត ភាពជឿជាក់របស់អ្នកមកលើខ្លួនឯង និងឆន្ទៈរបស់អ្នកក្នុងការចាប់យកឧកាសសម្រាប់ភាពរីកចម្រើនរបស់ខ្លួន និងក្រុមហ៊ុន និងការកសាងសមិទ្ធផល។ អ្វីដែលក្រុមហ៊ុនសម្លឹងមើលលើបុគ្គលិករបស់ពួកគេម្នាក់ៗ គឺជាភាពសុទិដ្ឋិនិយម ភាពជឿជាក់ចេញពីពាក្យថា "អាច" និងភាពច្នៃប្រឌិតរបស់បុគ្គលិក ពោរពេញទៅដោយឆន្ទៈមោះមុត កម្លាំងជំរុញ និងការប្ដេជ្ញាចិត្តរបស់ខ្លួន។ ជាពិសេស ថាមពលអវិជ្ជមានដែលចេញពីឃ្លាថា "ខ្ញុំមិនអាចធ្វើការជាមួយមនុស្សម្នាក់នេះបានទេ" អ្នកត្រូវចាំថា បញ្ហាធ្វើប្រាស្រ័យទាក់ទងរបស់អ្នក មិនជាប់ពាក់ព័ន្ធអ្វីនឹងការងាររបស់ប្រធានអ្នកនោះទេ អ្នកអាចសុំជំនួយពីប្រធានអ្នកក្នុងការអន្តរាគមន៍ ប៉ុន្តែមិនមែនជាការនិយាយយ៉ាងដាច់ខាតថាអ្នកមិនអាចធ្វើការជាមួយអ្នកណាម្នាក់នោះទេ។

២) សង្ឃឹម៖ នៅពេលមានឃ្លាលើកឡើងថា «ខ្ញុំសង្ឃឹមថា.....» ចេញពីមាត់អ្នក នោះគំនិតនៃឃ្លានេះ ក៏មិនខុសអ្វីពីភាពជឿជាក់របស់អ្នកដែលផ្ដេកផ្ដួលទៅលើការជួយពីកម្លាំងអរូបី ពីបុណ្យរបស់ព្រះ ជាជាងមានម្ចាស់ការលើភារកិច្ចរបស់ខ្លួន ដោយត្រៀមផែនការរៀបចំឲ្យបានម៉ត់ចត់ និងការយល់ដឹងយ៉ាងប្រាកដប្រជាទៅលើកាលបរិច្ឆេទកំណត់នៃការងារនោះ។ បើអ្នកប្រាកដក្នុងចិត្តយ៉ាងច្បាស់ថា ផែនការអ្វីមួយនឹងដំណើរការណ៍ អ្នកត្រូវបកស្រាយពីមូលហេតុដែលអ្នកអះអាងបែបនេះ ផ្ទុយទៅវិញ បើអ្នកមិនទាន់មានភាពប្រាកដនៅឡើយទេ អ្នកត្រូវបង្ហាញពីជំហានអ្វីខ្លះដែលអ្នកបានដើររួចកន្លងមក និងជំហានអ្វីខ្លះទៀតដែលអ្នកត្រូវដើរដើម្បីសម្រេចផែនការនោះឡើង។

៣) វាមិនមែនជាភារកិច្ចរបស់ខ្ញុំនោះទេ៖ ឃ្លាមួយនេះ បានចង្អុលបង្ហាញថាអ្នកមិនបានខ្វាយខ្វល់យកចិត្តទុកដាក់ចំពោះភាពជោគជ័យរបស់ក្រុមហ៊ុនអ្នកនោះឡើយ។ បើទោះជាកិច្ចការណាមួយដែលប្រធានអ្នកបានដាក់ឲ្យអ្នកធ្វើមិនស្ថិតនៅក្រោមការទទួលខុសត្រូវរបស់អ្នកក៏ដោយ ឬបើអ្នកមិនដឹងថាតើត្រូវបំពេញកិច្ចការនោះដោយរបៀបណាទេនោះ ក៏អ្នកមិនត្រូវបដិសេធមិនទទួលយកវានោះដែរ ព្រោះវាជាការរួមចំណែកដើម្បីសម្រេចនូវភាពជោគជ័យរបស់ក្រុមហ៊ុន រួមទាំងភាពជោគជ័យរបស់អ្នកផងដែរ។ យ៉ាងណាមិញ បើអ្នកនៅតែទទួលបាននូវកិច្ចការដែលមិនមែនជាការទទួលខុសត្រូវរបស់អ្នកជាច្រើនដងពេក មុននឹងសម្រេចចិត្តលាឈប់ពីការងាររបស់អ្នក អ្នកគួរនិយាយជាមួយប្រធានរបស់អ្នកពីបញ្ហាដែលកិច្ចការទាំងនោះបង្អាក់ដល់ការងារសំខាន់ៗ ដែលជាការងារដែលមានអាទិភាពខ្ពស់ក្នុងតួនាទីរបស់អ្នកជាមុនសិន៕

ប្រែសម្រួល៖ ស្រីពៅ ប្រភព៖ cheatsheet

X
5s