កុំធ្វើការ «សម្លឹងមើលលើមុខតំណែង» តែ «ជាប្រធាន» របស់អ្នក!
ការជ្រើសរើសការងារដោយសម្លឹងមើលលើមុខតំណែងតែម្យ៉ាង នឹងមិនផ្ដល់ផលល្អក្នុងពេលអនាគតសម្រាប់អ្នកប៉ុន្មាននោះទេ ទោះវាជារឿងសំខាន់សម្រាប់ផលប្រយោជន៍របស់អ្នកក៏ដោយ តែវាគ្រាន់តែជាប្រយោជន៍ក្នុងរយៈពេលខ្លីប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងប្រយោជន៍ដ៏វិសេសវិសាលនៃភាពរីកចម្រើនរបស់អ្នក ដែលអាចកសាងខ្លួនបានយ៉ាងល្អពីមួយថ្ងៃទៅមួយថ្ងៃ នៅក្រោមការដឹកនាំរបស់ប្រធានដ៏អស្ចារ្យម្នាក់។
ការសម្ដែងសម្បកក្រៅគ្រាន់តែដើម្បីល្អមើល អាចធ្វើឲ្យប្រធានម្នាក់ក្លាយជាប្រធានល្អមួយរូបបាន ប៉ុន្តែមានតែសកម្មភាពដែលស្ដែងចេញពីចិត្តពិតប្រាកដតែប៉ុណ្ណោះ ទើបអាចផ្ដល់នូវតម្លៃដល់ពួកគេជាប្រធានដ៏អស្ចារ្យមួយរូបបាន។ ប៉ុន្មានចំណុចខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិដែលសម្គាល់ពីប្រធានដ៏អស្ចារ្យម្នាក់៖
១. ការប្រើប្រាស់អំណាចមកគាបសង្កត់មិនស្ថិតក្នុងក្ដីសុបិនរបស់ពួកគេឡើយ ពួកគេមិនដឹកនាំអ្នកក្រោមបង្គាប់ ដោយផ្ដោតទៅលើការប្រើប្រាស់អំណាចដែលខ្លួនមាននោះទេ ផ្ទុយទៅវិញ ពួកគេធ្វើខ្លួនជាអ្នកដែលចាំជួយបុគ្គលិករបស់ខ្លួន នៅពេលពួកគេជួបប្រទះនឹងការលំបាកនានា និងជំរុញពួកគេឲ្យសម្រេចទៅដល់គោលដៅ ព្រមទាំងជាអ្នកដែលចាំផ្ដល់កម្លាំងចិត្តដល់ពួកគេ ដើម្បីសម្រេចនូវគោលដៅផ្ទាល់ខ្លួនរបស់បុគ្គលិកម្នាក់ៗនៅក្នុងជីវិតរបស់ពួកគេផងដែរ។
២. ពួកគេស្វាគមន៍ជានិច្ចនូវរាល់យោបល់របស់បុគ្គលិកខ្លួន ប្រធានដ៏អស្ចារ្យមួយរូប មិនព្យាយាមតម្រង់ទិសបុគ្គលិកឲ្យធ្វើការទៅតាមរបៀបរបស់ខ្លួន ឬការរំពឹងទុករបស់ខ្លួននោះឡើយ។ ពួកគេផ្ដល់ស្វ័យភាព និងសេរីភាពក្នុងការធ្វើការទៅតាមរបៀបរបស់បុគ្គលិករៀងៗខ្លួន ព្រោះពួកគេមើលឃើញពីសក្ដានុពលនៅក្នុងខ្លួនរបស់បុគ្គលិកម្នាក់ៗ ហើយពួកគេដឹងថាត្រូវធ្វើយ៉ាងណាទើបអាចទាញយកសក្ដានុពលនោះមកប្រើប្រាស់កើតជាប្រយោជន៍សម្រាប់គោលដៅរបស់ក្រុមហ៊ុនបាន។
៣. ពួកគេមានភាពជឿជាក់ទៅលើបុគ្គលិករបស់ខ្លួន ប្រធានធម្មតាភាគច្រើន ជ្រើសរើសមិនប្រគល់ការទទួលខុសត្រូវទៅលើភារកិច្ចណាមួយទៅឲ្យបុគ្គលិកដែលបានសាងនូវកំហុសទៅលើវារួចមកហើយនោះទេ។ ផ្ទុយទៅវិញ ប្រធានដ៏អស្ចារ្យ ព្យាយាមស្វែងយល់ពីកំហុសបន្តិចបន្តួចរបស់បុគ្គលិកខ្លួនប្រកបទៅដោយការសន្ដោសប្រោសប្រណី និងការលើកលែង ព្រមទាំងជួយពួកគេឲ្យយកឈ្នះទៅលើចំណុចខ្សោយរបស់ខ្លួន និងរក្សានូវភាពជឿជាក់ចំពោះសក្ដានុពលរបស់បុគ្គលិកគ្រប់រូបជានិច្ច៕