​​​ប្រភេទមនុស្ស​ទាំង៤ អ្នកមិនត្រូវឲ្យខ្ចី​លុយជាដាច់ខាត​ ​​កុំ​ឲ្យ​មាន​វិប្បដិសារី​ថ្ងៃ​ក្រោយ​



ការជួយនរណាម្នាក់ដែលកំពុងមានបញ្ហាហិរញ្ញវត្ថុ អាចចាត់ទុកថាជារឿងល្អមួយដោយហេតុថា ទោះជាយើងមិនបានលូកដៃចូលទៅជួយគេដោយផ្ទាល់ តែយ៉ាងហោច ក៏យើងបានជួយរំដោះទុក្ខគេបានមួយគ្រាដោយប្រយោលដែរ។ ប៉ុន្តែ មិនថាអ្នកសម្រេចចិត្តបែបណាទៅលើការឲ្យប្រាក់ទៅបុគ្គលណាម្នាក់ខ្ចីនោះទេ ផលវិជ្ជមាន និងផលអវិជ្ជមាន នឹងកើតឡើងព្រមជាមួយគ្នាជានិច្ចគេចមិនផុតឡើយ។

បុគ្គលដែលអ្នកឲ្យប្រាក់ខ្ចី អាចជាមនុស្សដែលមានគុណសម្បត្តិល្អគ្រប់គ្រាន់សក្តិសមនឹងទទូលបានការជួយពីអ្នក ឬជាមនុស្សដែលដល់ពេលកំណត់សងប្រាក់ បែរជាលើកឡើងហេតុផល និងលេសមិនចេះចប់ទៅវិញនោះ។ ដើម្បីជួយទៅដល់ការសម្រេចចិត្តរបស់អ្នកក្នុងការឲ្យប្រាក់ទៅនរណាម្នាក់ខ្ចី មនុស្សទាំង៤ប្រភេទនេះ គឺជាមនុស្សដែលអ្នកត្រូវធ្វើការត្រិះរិះឲ្យបានច្រើនដងមុននឹងសម្រេចចិត្តឲ្យខ្ចី៖

១) បុគ្គលដែលញៀននឹងទម្លាប់អាក្រក់ណាមួយ

បុគ្គលដែលមានទម្លាប់អាក្រក់ញៀននឹងការប្រើប្រាស់គ្រឿងស្រវឹង ឬគ្រឿងញៀនផ្សេងៗ គឺជាបុគ្គលមួយក្នុងចំណោមបុគ្គលដែលអ្នកគួរចៀសវាងឲ្យឆ្ងាយ ជាពិសេសកុំឲ្យប្រាក់ខ្ចីឲ្យសោះ មិនថាក្នុងកាលៈទេសៈបែបណាក៏ដោយ។ យ៉ាងណាមិញ បើពួកគេពិតជាត្រូវការជំនួយមែន អ្នកគួរជួយគេស្វែងរកវិធីដែលអាចដោះស្រាយបញ្ហាលុយកាក់ដោយខ្លួនគេវិញ។ ត្រូវចាំថា មនុស្សប្រភេទនេះ គឺមិនងាយនរណាម្នាក់អាចជូយបាននោះឡើយ ព្រោះពូកគេបានងប់នឹងរបស់ទាំងនោះអស់ទៅហើយ ដូច្នេះបើឲ្យលុយខ្ចី គឺប្រៀបបានដូចជា ការបោះដុំថ្មមួយដុំចូលទៅក្នុងមហាសមុទ្រអ៊ីចឹង។

២) មិត្តភ័ក្ដិដែលតែងមានលេសពីការភ្លេចកាបូបលុយនៅពេលចេញទៅក្រៅម្ដងៗ

អ្នកអាចវាយតម្លៃបានថា មនុស្សណាម្នាក់អាចឲ្យអ្នកទុកចិត្តក្នុងការឲ្យប្រាក់ខ្ចីឬអត់ ដោយសង្កេតមើលទៅលើ ការទំនាក់ទំនងជាមួយពួកគេពេលចេញទៅក្រៅម្ដងៗ។ បើសិនជាពួកគេតែងមានលេសថាភ្លេចយកកាបូបលុយពីផ្ទះ ក្រោយពេលពួកគេបានហៅម្ហូបថ្លៃៗហើយនោះ វាអាចជាសញ្ញាដែលបញ្ជាក់ប្រាប់អ្នកថា ពួកគេមិនសាកសមឲ្យអ្នកខ្ចីប្រាក់នោះឡើយ ព្រោះបើពួកគេអាចភ្លេចកាបូបលុយបាន តើវាមិនកាន់តែងាយស្រួលទេឬសម្រាប់ពួកគេក្នុងការនិយាយថាមិនចាំថាខ្លួនបានជំពាក់អ្នកនោះ ?

៣)  សមាជិកគ្រួសារដែលមិនអាចពឹងពាក់បាន

ដោយសារតែអ្នកដែលខ្ចីប្រាក់អ្នក គឺជាមនុស្សជាប់សាច់ឈាមនឹងអ្នក ដូច្នេះវាកាន់តែពិបាកទៅទៀត ព្រោះពួកគេអាចលើកហេតុផលមកទប់ទល់បានគ្រប់ពេល។ ដោយយល់ថាអ្នកត្រូវជាសាច់ញាតិនឹងពួកគេ ដូច្នេះពួកគេអាចសងអ្នកពេលណាក៏បាន ឬក៏ពួកគេមិនចាំបាច់សងប្រាក់ទៅអ្នកវិញនោះទេ។ ជាការសំខាន់បំផុតក្នុងការឲ្យពួកគេខ្ចី អ្នកមិនត្រូវខ្លាចចិត្តក្នុងការដាក់លក្ខខណ្ឌកំណត់ឲ្យបានត្រឹមត្រូវសម្រាប់ការខ្ចីនោះឡើយ ដើម្បីចៀសវាងបញ្ហាទំនាស់ផ្សេងៗជាមួយសាច់ញាតិ។

៤)  បុគ្គលដែលជាប់ជំពាក់បំណុលច្រើន

ការជំពាក់បំណុលមិនមែនសុទ្ធតែសំដៅទៅលើរឿងមិនល្អនោះទេ បំណុលខ្លះល្អ ឯបំណុលខ្លះទៀតមិនល្អនោះទេ។  ដូច្នេះអ្នកត្រូវពិចារណាទៅលើបុគ្គលដែលខ្ចីប្រាក់អ្នក ថាតើពួកគេជំពាក់បំណុលដោយសារទម្លាប់មិនល្អរបស់ខ្លួន នោះអ្នកត្រូវគិតឲ្យបានម៉ត់ចត់ជាមុន មុននឹងលាដៃឲ្យប្រាក់គេខ្ចី តែបើគេជំពាក់បំណុលដោយសារមូលហេតុសមស្របមួយចំនួន ហើយត្រូវការលុយចាំបាច់សម្រាប់បន្តដំណើរការណ៍ណាមួយទៅមុខទៀត នោះអ្នកគួរតែជួយពួកគេឲ្យបានសម្រេចទៅ៕

ប្រែសម្រួល៖ស្រីពៅ

ប្រភព៖ http://www.w24.co.za/

X
5s