គន្លឹះ៣យ៉ាងក្នុង​និយាយ​​ពោរពេញ​ទៅដោយ​អំណាច​ ​និង​ ​ឥទ្ធិពល​



ពាក្យសម្ដីរបស់អ្នកមានឥទ្ធិពលខ្លាំងណាស់ ពោលគឺអាចនាំមកនូវភាពវិជ្ជមាន ឬអវិជ្ជមានមកលើជីវិតអ្នក ប៉ុន្តែមនុស្សភាគច្រើនមិនសូវយកចិត្តទុកដាក់ពីពាក្យសម្ដីដែលពួកគេនិយាយទៅកាន់ខ្លួនឯង ឬមនុស្សជុំវិញខ្លួននោះឡើយ។ វិធីដែលអ្នកប្រើប្រាស់ពាក្យសម្ដីរបស់អ្នកអាចកំណត់ពីភាពជោគជ័យ ឬភាពបរាជ័យរបស់អ្នក សុភមង្គល ឬអពមង្គល បង្កើតចំណងមិត្តភាពដ៏ស្អិតល្មួត ឬក៏បង្កឲ្យមានបញ្ហាដល់មិត្តភាព ព្រោះអ្វីដែលអ្នកនិយាយទៅកាន់ខ្លួនឯង និងអ្នកដទៃដែលចេញពីការយល់ឃើញរបស់អ្នក វានឹងស្រូបទាញរបស់ទាំងនោះមកចូលក្នុងជីវិតអ្នក។

អំណាចរបស់អ្នកក្នុងការកំណត់ពីជោគវាសនារបស់អ្នក គឺស្ថិតនៅលើអ្វីដែលអ្នកគិត ហើយនិយាយវាចេញមក ដូច្នេះបើអ្នកចង់ស្រូបទាញរឿងល្អៗចូលមកក្នុងជីវិត អ្នកត្រូវផ្លាស់ប្ដូរការគិត និងពាក្យសម្ដីរបស់អ្នក ហើយគន្លឹះសំខាន់៣យ៉ាងខាងក្រោមនេះនឹងអាចជួយអ្នកក្នុងការផ្លាស់ប្ដូរបាន៖

១) និយាយថា អាចធ្វើបានចំពោះខ្លួនឯង៖ បុគ្គលម្នាក់ដែលអាចពុះពារឧបសគ្គនៅក្នុងជីវិតពួកគេឲ្យរកឃើញពន្លឺនៃភាពជោគជ័យបាន មនុស្សម្នាក់នោះមិនមែនផ្ដោតកម្លាំងចិត្ត កម្លាំងកាយ និងពេលវេលាដ៏មានតម្លៃរបស់ពួកគេទៅលើរឿងដែលស្ថិតនៅក្រៅដែនឥទ្ធិពលរបស់ពួកគេនោះឡើយ។ ពួកគេផ្ដោតការយកចិត្តទុកដាក់ទៅលើអំណាចនៅក្នុងខ្លួនពួកគេ ជាការប្រើប្រាស់ពាក្យសម្ដីវិជ្ជមានមកកាន់ខ្លួនឯង នោះពួកគេនឹងស្រូបទាញរឿងល្អៗដែលពួកគេចង់បានចូលមកក្នុងជីវិតពួកគេបានដោយជោគជ័យ ផ្លាស់ប្ដូរពីអ្វីដែលមិនអាចទៅរួចឲ្យប្រែជាអ្វីដែលអាចទៅរួច។

២) កុំនិយាយថានឹងព្យាយាមធ្វើអ្វីមួយឲ្យសម្រេច៖ ការណ៍ដែលអ្នកប្រើប្រាស់ពាក្យសម្ដីថានឹងព្យាយាមធ្វើអ្វីមួយឲ្យសម្រេច ពាក្យថា"ព្យាយាម"បានបង្កប់នូវអារម្មណ៍ស្ទាក់ស្ទើរ និងគោលជំហរមិនច្បាស់លាស់របស់ម្នាក់ ជាហេតុធ្វើឲ្យអ្នក និងមនុស្សជុំវិញខ្លួនដែលបានទទួលស្ដាប់នូវពាក្យសម្ដី ដែលខ្វះឆន្ទៈដ៏មុតមាំក្នុងការពុះពារឲ្យសម្រេចដល់គោលដៅ ដូច្នេះអ្នកគួរជំនួសពាក្យថា «ខ្ញុំនឹងព្យាយាមធ្វើវាឲ្យសម្រេច» ទៅជា «ខ្ញុំនឹងធ្វើវាឲ្យសម្រេច» នោះអ្នកនឹងឃើញពីការផ្លាស់ប្ដូរដែលអ្នកចង់បានហើយ។

៣)  មិនត្រូវនិយាយថាមិនអាចនោះឡើយ៖ អ្នកប្រហែលជាមិនចាប់អារម្មណ៍ពីពាក្យសម្ដីដែលអ្នកតែងប្រើប្រាស់ជាប្រចាំដូចជាពាក្យថា មិនអាច មិនដែល ឬតែងតែបែបនេះ បែបនោះនោះឡើយ ដែលពាក្យទាំងនេះបង្កប់នូវអត្ថន័យដែលបង្កើតនូវដែនកំណត់របស់អ្នកដោយខ្លួនឯង ចង្អុលបង្ហាញពីភាពមិនអាចទៅរួចក្នុងការផ្លាស់ប្ដូរអ្វីមួយបាន ប្រៀបដូចជាអ្វីមួយនោះត្រូវបានកំណត់ឲ្យមកជាបែបនេះ មិនអាចផ្លាស់ប្ដូរបានឡើយដូច្នោះ។ ត្រង់ចំណុចនេះបានបកស្រាយយ៉ាងច្បាស់ដែលធ្វើឲ្យអ្នកបានស្វែងយល់ ថាតើពាក្យសម្ដីរបស់អ្នកមានអំណាចខ្លាំងកម្រិតណា៕

ដោយ៖ ស្រីពៅ  

X
5s