​ចង់​មាន​សេចក្ដី​សុខ​ និង ​ភាព​ជោគជ័យ​ធំ​ធេង​ក្នុង​ជីវិត​ ឈប់​ធ្វើ​រឿង​អត់​​​​ប្រយោជន៍​ទាំង​នេះ​



បើអ្នកសាកយកពេលវេលាបន្តិចមកគិតពិចារណាពីអ្វី ដែលអ្នកកំពុងធ្វើមកលើខ្លួនឯងដែលមិនបានតបស្នងនូវគុណតម្លៃ និងសេចក្ដីសុខចេញពីចិត្តពិតប្រាកដ តែបែរជាការបង្ខំខ្លួនឯងឲ្យប្រព្រឹត្តនូវអ្វីដែលខ្លួនមិនពេញចិត្ត គ្រាន់តែដើម្បីឲ្យល្អមើលក្នុងក្រសែភ្នែកអ្នកដទៃប៉ុណ្ណោះ។ សេចក្ដីសុខពិតកើតចេញពីក្នុងចិត្តដ៏ស្ងប់សុខរបស់អ្នក ហើយនៅពេលអ្នកឈប់បង្ខំខ្លួនឯងឲ្យរត់ទៅរករឿងមិនល្អ នោះអ្នកនឹងបានផ្ដល់ឪកាសដល់រឿងល្អៗរត់មករកអ្នកវិញមិនខាន។ ខាងក្រោមនេះ គឺជាគំនិតខ្លះៗដែលអាចជួយផ្លាស់ប្ដូរអ្នកបាន៖

១) ឈប់គេចចេញពីបញ្ហារបស់អ្នក៖ ពិតណាស់ គ្មានមនុស្សណាម្នាក់មានសមត្ថភាពអាចប្រឈមមុខ និងអត់ធន់ចំពោះគ្រប់កណ្ដាប់ដៃដែលដាល់ចំពីមុខគេនោះទេ។ ពួកយើងមិនអាចចៀសផុតឡើយពីអារម្មណ៍ដែលទទួលរងនូវការឈឺចាប់ ទុក្ខសោកក្រៀមក្រំ និងការដួល ប៉ុន្តែអ្វីដែលសំខាន់ អ្នកត្រូវមានការទទួលខុសត្រូវ ប្រឈមមុខនឹងបញ្ហាដែលកើតឡើងនៅក្នុងជីវិតទាំងនោះ រួចរៀនសូត្រពីវា រៀនទម្លាប់នឹងវា ហើយរកវិធីដោះស្រាយវា។ ក្រោយមក អ្វីដែលអ្នកបានយកឈ្នះនឹងកំណត់នូវអត្តចរិតពិតរបស់អ្នក។

២) ឈប់ភ័យខ្លាចក្នុងការប្រព្រឹត្តកំហុស៖ បើទោះជាអ្នកប្រព្រឹត្តនូវកំហុស យ៉ាងហោចណាស់ក៏អ្នកបានរៀនសូត្រពីវាពីវិធីមួយដែលអ្វីមួយមិនដំណើរការដែរ។ អ្នកមិនត្រូវភ្លេចទេថា នៅពីក្រោយគ្រប់ស្នាមដាននៃភាពជោគជ័យសុទ្ធតែជាបទពិសោធន៍នៃភាពបរាជ័យ ហើយបរាជ័យទាំងនោះហើយទើបជាកត្តាដ៏សំខាន់បំផុត សម្រាប់នាំអ្នកទៅកាន់ភាពជោគជ័យដ៏គួរឲ្យស្ញប់ស្ញែងក្នុងជីវិត។

៣) ឈប់ដើរតាមផ្លូវណាដែលទាមទារអ្នកឲ្យមានការអត់ធន់តែបន្តិចបន្តួច៖ ការសម្រេចបាននូវសមិទ្ធផលដ៏ល្អអស្ចារ្យនៅក្នុងមួយឆាកជីវិត មិនមែនជាការងាយស្រួលនោះទេ ប៉ុន្តែបើអ្នកនៅតែដើរតាមផ្លូវដែលងាយស្រួល និងផ្ដល់ស្ថិរភាពដល់អ្នក នោះពេញមួយជីវិតនេះ អ្នកនឹងទទួលបានតែកម្រិតធម្មតានៃកម្រិតដ៏មហស្ចារ្យនៃខ្លឹមសារពិតប្រាកដរបស់ជីវិតតែប៉ុណ្ណោះ។

៤) ឈប់បន្ទោសអ្នកដទៃពីបញ្ហាដែលកើតមានក្នុងជីវិតអ្នក៖ ទំហំដែលអ្នកអាចសម្រេចភាពជោគជ័យក្នុងជីវិតអ្នកបាន គឺអាស្រ័យទៅលើទំហំដែលអ្នកមានការទទួលខុសត្រូវក្នុងជីវិតខ្លួនឯង។ នៅពេលអ្នកទម្លាក់កំហុស ហើយបន្ទោសអ្នកដទៃពីរឿងរ៉ាវមិនល្អទាំងឡាយ នោះអ្នកកំពុងតែគេចចេញពីការទទួលខុសត្រូវមកលើជីវិតខ្លួនឯងហើយ ដែលការណ៍ធ្វើបែបនេះ នឹងមិនបានជួយកែប្រែអ្វីដល់ស្ថានការណ៍ឲ្យបានល្អប្រសើរនោះទេ ក្រៅតែពីកាន់តែយ៉ាប់យ៉ឺនជាងមុននោះ។

៥) ឈប់ផ្ដោតចិត្តគំនិតទៅលើអី្វដែលអ្នកមិនចង់បាននៅក្នុងជីវិត៖ ដូចពាក្យទូន្មានរបស់ព្រះពុទ្ធមួយឃ្លាបានសម្ដែងថា «អ្នកនឹងក្លាយទៅជាអ្វីដែលអ្នកគិត អ្នកនឹងស្រូបទាញនូវអ្វីដែលអ្នកមានអារម្មណ៍ ហើយអ្នកនឹងបង្កើតនូវអ្វីដែលអ្នកស្រមៃ។ ដូច្នេះបើអ្នកផ្ដោតចិត្តគំនិតទៅលើរឿងអវិជ្ជមាន នោះអ្នកនឹងអាចកំណត់បានទុកជាមុនរួចស្រេចទៅហើយ ថាលទ្ធផលដែលអ្នកទទួលបាននឹងក្លាយជាបែបណា៕

ប្រែសម្រួល៖ ស្រីពៅ

ប្រភព៖ www.verywell.com

X
5s