រឿង១០យ៉ាង​ដែល​​យើង​ ​ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ស្មុគស្មាញ​​



នៅក្នុងពិភពរស់នៅដ៏មមាញឹកនេះ ពួកយើងម្នាក់ៗតែងចំណាយពេលជាច្រើនធ្វើរឿងដែលមិនចាំបាច់សម្រាប់ជីវិត។ កិច្ចការទាំងនោះបង្គាប់បញ្ជាលើជីវិតយើងនិងធ្វើឲ្យយើងរវល់រហូតដល់គ្មានក្ដីសុខ គ្មានតុល្យភាពនិងផ្ដល់ភាពស្មុគស្មាញនៅក្នុងជីវិត។ ទាំងនេះជាអ្វីដែលពួកយើងតែងរអ៊ូរទាំពីជីវិត៖
១) ពួកយើងចូលចិត្តពន្យារពេល ៖ការងាររត់មករកអ្នកគ្រប់សព្វទិសទី គ្មានអ្វីដែលរំខានចិត្តអ្នកជាងការងារដែលមិនទាន់បញ្ចប់នោះទេ។ ទម្លាប់ពន្យារពេលរបស់អ្នកក៏ចូលមកជំនួសដោះស្រាយដោយបន្ទាន់ ប៉ុន្តែការពន្យារពេលគឺជាភាពស្មុគស្មាញមួយ ហើយអ្នកគួរប្ដូរឥរិយាបថចាប់ផ្ដើមធ្វើវាឥឡូវនេះភ្លាមទៅ។

២) ពួកយើងព្រួយបារម្ភ៖ ជាច្រើនសារណាស់ដែលបញ្ហាគ្រាន់តែកើតឡើងក្នុងការគិតរបស់អ្នកប៉ុណ្ណោះ វាមិនអស្ចារ្យអ្វីនោះទេបើអ្នកមិនប្រគល់អំណាចឲ្យវាមកគ្រប់គ្រងលើការគិតអ្នក។ ពេលវេលាអ្នកចំណាយលើការបារម្ភគួរតែជាការចំណាយលើដំណោះស្រាយទៅវិញទេ។

៣) ពួកយើងទទួលយកការរំខានច្រើនពេក៖ ការរំខានពីរឿងខាងក្រៅគួរតែកំណត់វាមកនៅឲ្យបានតិចបំផុត ជាពិសេសបើសិនជាវាមិនបន្ទាន់។ អ្នកគួរផ្ដោតទៅលើតែរឿងណាដែលត្រូវការការយកចិត្តទុកដាក់ពីអ្នកដោយខានពុំបាន ដើម្បីឲ្យអ្នកអាចមានពេលធ្វើរឿងសំខាន់ដទៃៗទៀត។

៤) ពួកយើងស្វែងរកការទទួលស្គាល់ពីអ្នកដទៃ៖  វាចាត់ទុកជារឿងល្ងង់ខ្លៅមួយនៅពេលអ្នកព្យាយាមស្វែងរកការទទួលស្គាល់នូវគំនិតរបស់ខ្លួនពីអ្នកដទៃនិងធ្វើឲ្យមនុស្សគ្រប់គ្នាសប្បាយចិត្ត ព្រោះអ្នកនឹងមិនជោគជ័យនោះឡើយ។ ចូរធ្វើអ្វីដែលអ្នកពេញចិត្តយល់ថាត្រឹមត្រូវ ហើយពុំចាំបាច់ខ្វល់ពីការគិតអ្នកណាឡើយ។

៥) ពួកយើងព្យាយាមគ្រប់គ្រងរឿងរ៉ាវគ្រប់យ៉ាង៖ នៅពេលដែលអ្នកព្យាយាមគ្រប់គ្រងអ្វីៗគ្រប់យ៉ាងក្នុងជីវិតអ្នកមិនថាជាការសម្រេចចិត្ត ការប្រមូលព័ត៌មាន វានឹងធ្វើឲ្យអ្នកឆាប់ហត់នឿយ ធុញទ្រាន់ និងអស់សោភ័ណភាពជីវិត។ ដូច្នេះអ្នកមិនគួររំពឹងទុកខ្ពស់ពេកនោះទេ ហើយប្រលែងអ្វីដែលមិនចាំបាច់សម្រាប់ជីវិតអ្នកទៅ។

៦) ពួកយើងតែងរអ៊ូរទាំ៖ ការរអ៊ូរទាំស្ទើរតែមិនផ្ដល់ឲ្យអ្នកនូវប្រយោជន៍អ្វីមកវិញសោះ។ អ្នកគួរតែឲ្យតម្លៃលើអ្វីដែលអ្នកកំពុងតែមាន និងរស់នៅជីវិតអ្នកក្នុងពេលបច្ចុប្បន្នកាល។
៧) ពួកយើងប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ៖ ជីវិតរបស់អ្នកតម្រូវឲ្យអ្នកជាអ្នកសរសេរវាឡើងដោយខ្លួនឯង ធ្វើការផ្លាស់ប្ដូរនូវអ្វីដែលអ្នកជឿជាក់ថាអ្នកអាចធ្វើបាន ហើយដើរលើផ្លូវនោះយ៉ាងមានទំនុកចិត្ត។ ការណ៍ដែលអ្នកព្យាយាមរៀបចំជីវិតឲ្យដូចនរណាម្នាក់ វានឹងក្លាយជាហេតុផលដែលអ្នកបរាជ័យក្នុងជីវិត។

៨) ពួកយើងមិនមានភាពស្មោះត្រង់៖ ការកុហកនឹងបណ្ដាលឲ្យជីវិតរបស់អ្នកកាន់តែស្មុគស្មាញ។ វាជារឿងសំខាន់ណាស់ដែលអ្នកត្រូវនិយាយការពិត ហើយធ្វើឲ្យប្រាកដថាពាក្យសម្ដីរបស់អ្នកដើរស្របគ្នាជាមួយសកម្មភាពរបស់អ្នក។

៩) ពួកយើងមិនយកចិត្តទុកដាក់លើទំនាក់ទំនងក្នុងជីវិត៖ មនុស្សដែលមានសេចក្ដីសុខបំផុតគឺជាមនុស្សដែលមានទំនាក់ទំនងដែលជ្រាលជ្រៅមានន័យជាមួយបុគ្គលសំខាន់ក្នុងជីវិតរបស់ពួកគេ។ ទំនាក់ទំនងប្រភេទនោះហើយដែលអ្នកត្រូវផ្ដល់ការយកចិត្តទុកដាក់លើ ព្រោះវានឹងផ្ដល់ឲ្យអ្នកទទួលអារម្មណ៍ពីភាពស្មោះត្រង់ អន្តរបុគ្គល ការលះបង់ និងការប្ដេជ្ញាចិត្ត។

១០) ពួកយើងតែងចៀសវាងធ្វើរឿងលំបាក៖ ការចៀសវាងពីការនិយាយសម្របសម្រួលគ្នាក្នុងពេលនេះ វានឹងផ្ដល់ជាផលវិបាកក្នុងពេលក្រោយ ថែមទាំងធ្វើឲ្យបញ្ហាយ៉ាប់យ៉ឺនជាងមុនទៅទៀត។ ត្រូវចាំថាសមត្ថភាពគ្រប់គ្រងលើជីវិតខ្លួនឯងគឺអាស្រ័យលើរឿងលំបាកទាំងប៉ុន្មានដែលអ្នកសុខចិត្តប្រឈមជាមួយ៕

 


ប្រែសម្រួល៖ ស្រីពៅ
ប្រភព៖ www.lifehack.org

X
5s