វិធីសាស្ត្រទាំង ៤យ៉ាងដើម្បីកាត់បន្ថយកម្ដៅនៅក្នុងផ្ទះដោយមិនចាំបាច់ដាក់ម៉ាស៊ីនត្រជាក់
សព្វថ្ងៃនេះ អាកាសធាតុនៅជុំវិញពិភពលោកប្រែក្លាយជាក្ដៅទៅៗ ហើយគ្រួសារដែលមានសមត្ថភាពប្រើប្រាស់ម៉ាស៊ីនត្រជាក់ក៏ដាក់វា ដោយគិតថា ជាមធ្យោបាយមួយក្នុងការកាត់បន្ថយកម្រិតកម្ដៅដែលមាននៅក្នុងផ្ទះ។
តាមពិតទៅ វាមិនមែនជាវិធីដ៏ល្អជាងគេនោះទេ ជាពិសេសបើអ្នកគិតពីរឿងហិរញ្ញវត្ថុវិញ ដូចនេះខាងក្រោមនេះគឺជាវិធីដែលអ្នកយកទៅប្រើប្រាស់ជំនួសការដាក់ម៉ាស៊ីនត្រជាក់បាន៖
១) បើសល់ដីធំគួរដាំដើមឈើ
តើអ្នកធ្លាប់ដែលចាប់អារម្មណ៍ទេថាហេតុអ្វីបានជាពេលអ្នកទៅលេងចម្ការ ឬទៅស្រុកស្រែម្ដងៗ អ្នកមានអារម្មណ៍ថាត្រជាក់ស្រួលម៉្លេះ ទាំងមិនមានកង្ហារ ឬម៉ាស៊ីនត្រជាក់ផង? មូលហេតុដ៏ធំមួយនោះគឺ នៅទីនោះសម្បូរទៅដោយ ដើមឈើពាសពេញដែលនាំតែម្លប់ ក៏ដូចជាភាពត្រជាក់ត្រជំនៅបរិវេណនោះ។ ដូចនេះ អ្នកអាចមកសាកល្បងដាំកូនរុក្ខជាតិ ផ្កា ឬដើមឈើនៅបរិវេណផ្ទះរបស់អ្នកទៅ អ្នកនឹងទទួលបាននូវភាពខុសគ្នាគួរឲ្យកត់សម្គាល់។
២) ហាលក្រណាត់សើម
បើសិនជាអ្នកចង់ឲ្យបន្ទប់មួយត្រជាក់ទាំងមូលតែម្ដង អ្នកអាចសាកយកក្រណាត់ដែលសើមយកមកហាលនៅខាងមុខបង្អួចនៅពេលដែលមានខ្យល់ នោះវានឹងបឺតយកកម្ដៅបន្តិចម្ដងៗ ហើយយូរៗទៅអ្នកនឹងលែងមានអារម្មណ៍ថា បន្ទប់របស់អ្នកក្ដៅទៀតហើយ។
៣) បើកបង្អួច
នៅពេលដែលសីតុណ្ហភាពនៅខាងក្រៅផ្ទះ ទាបជាងសីតុណ្ហភាពនៅក្នុងផ្ទះ អ្នកអាចបើកបង្អួចបាន ព្រោះវានឹងជួយដល់ជញ្ជាំង ឬឥដ្ឋឲ្យរក្សានូវភាពត្រជាក់នៅពេលដែលសីតុណ្ហភាពកើនឡើងម្ដងៗ តែសូមកុំព្យាយាមបិទទ្វារ និងបង្អួចឲ្យជិតៗពេកឲ្យសោះ ព្រោះវាវាមិនត្រឹមតែក្ដៅនោះទេ តែផ្ទះរបស់អ្នកនឹងមានសភាពហប់ថែមទៀតផង។
៤)ធ្វើម្ហូបក្ដៅនៅខាងក្រៅផ្ទះ
បើសិនជាវាមិនមានការប៉ះពាល់ដល់នរណាម្នាក់ទេនោះ អ្នកអាចចម្អិនអាហារក្ដៅៗនៅឯក្រៅផ្ទះ ដើម្បីកុំឱ្យផ្សែង ឬជាតិហ្គាស ជាតិខ្លាញ់នៅស្អិតរមួតពេញផ្ទះ ដែលធ្វើឲ្យផ្ទះរបស់អ្នកមានតែភាពអួអាប់និងគ្មានខ្យល់ចេញចូលផងដែរ៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី
ប្រភព៖ www.lifehack.org