រឿង ​៣ ​យ៉ាង​ធំៗ​ដែល​អ្នក​គួរ​តែ​ធ្វើ​ឲ្យ​ហើយ​ចៀសវាង​ការ​ស្ដាយក្រោយ​នៅ​ថ្ងៃ​មុខ​



តើអ្នកដែលមានអារម្មណ៍ស្ដាយក្រោយពីរឿងអ្វីមួយទេ ថាប្រសិនបើអ្នកធ្លាប់បានដឹងរឿងនេះទុកមុន នោះអ្នកនឹងធ្វើបានល្អជាងនេះ ឬមានជីវិតល្អជាងនេះជា​ដើម​។ ពេលខ្លះអ្នកក៏មិនត្រូវស្ដាយក្រោយរហូតភ្លេចពីតួនាទីបច្ចុប្បន្នរបស់អ្នកនោះដែរ តែត្រូវរស់នៅក្នុងពេលបច្ចុប្បន្នឲ្យបានល្អបំផុតដើម្បីកុំឲ្យមានការស្ដាយក្រោយទៅថ្ងៃមុខទៀត។ 

នេះគឺជារឿងដែលអ្នកគួរធ្វើឥឡូវនេះ ដោយមិនបាច់ចាំថ្ងៃនេះ ឬថ្ងៃនោះនោះទេ៖

១) រស់នៅក្នុងពេលបច្ចុប្បន្នឲ្យបានពេញទី

មនុស្សជាច្រើនហាក់ដូចជាមិនខ្វាយខ្វល់ពីបច្ចុប្បន្នកាលរបស់គេសោះ ផ្ទុយទៅវិញពួកគេបែរជាគិតអវិជ្ជមានទៅលើរឿងដែលបានកើតឡើងហើយ ហើយពេលខ្លះទៀតក៏គិតខ្វល់តែពីអនាគតកាលជ្រុលហួសហេតុពេក ដែលជាហេតុបណ្ដាលឲ្យជីវិតរបស់ពួកគេលិចលង់។ អ្នកត្រូវចងចាំក្នុងចិត្តថា អនាគតរបស់អ្នកនឹងទៅជាយ៉ាងណានោះគឺអាស្រ័យទៅលើអ្វីដែលអ្នកព្យាយាមធ្វើនៅពេលនេះ ហេតុនេះអ្វីដែលត្រូវធ្វើនៅពេលនេះ អ្នកគួរតែធ្វើវាឲ្យហើយ។

២) កុំធ្វើរឿងតូចឲ្យក្លាយទៅជារឿងធំ

ជាទូទៅ នៅពេលដែលមានបញ្ហាកើតឡើងមិនថាតូចក្ដីឬធំក្ដី អ្នកតែងតែព្រួយបារម្ភពីវាជានិច្ច ពេលខ្លះទោះបីជារឿងនោះគ្រាន់តែជារឿងតូចតាចមួយទេ តែអ្នកព្យាយាមគិតពីនេះពីនោះ ហើយបារម្ភពីវាជ្រុលដែលធ្វើឲ្យវាក្លាយទៅជារឿងធំមួយ ដោយមិននឹកស្មានដល់។ នៅពេលដែលអ្នកធ្វើបែបនេះ អ្នកនឹងមានសមាធិតិចនៅក្នុងខ្លួន ព្រោះថាអ្នកមិនអាចយកចិត្តទុកដាក់ទៅលើរឿងសំខាន់បាន។

៣) ធ្វើអ្វីដែលអ្នកតែងតែខ្លាច

អ្នកខ្លះ មិនមែនមិនចង់ប្រកួត ឬមិនចង់ដាក់អាហារូបករណ៍អ្វីនោះទេនោះទេ តែពួកគេតែងមានចំណុចមួយដូចគ្នា គឺខ្លាចភាពបរាជ័យ ខ្លាចខ្មាសគេជាដើម ហើយបើអ្នកមិនឈានជើងដើរចេញពីភាពភ័យខ្លាចរបស់អ្នកនោះទេ តើអ្នកអាចនឹងជម្នះនូវឧបសគ្គហើយទទួលបានជោគជ័យបានដូចម្ដេចទៅ? ប្រាកដណាស់ថាវាពិតជារឿងលំបាកមួយដែលអ្នកត្រូវធ្វើ តែអ្នកក៏ត្រូវចាំដូចគ្នាថា មិនមានភាពជោគជ័យណាដែលបានមកស្រួលៗនោះទេ ព្រោះវាត្រូវការការលះបង់ច្រើនក៏ដូចជាការតាំងចិត្ត ភាពតស៊ូ និងភាពអត់ធ្មត់ផងដែរ៕

ប្រែសម្រួល៖ អឹង មុយូ

ប្រភព៖ www.lifehack.org

X
5s