អ្នកមានជាងគេបំផុតក្នុងលោក វ័យខ្ទង់ ២០, ៣០, ៤០ រហូតដល់ ៧០
ក្រុមហ៊ុន Wealth-X ដែលជាក្រុមហ៊ុនស្រាវជ្រាវផ្នែកទ្រព្យសម្បត្តិ និងបានរក្សាទុកទិន្នន័យរបស់មហាសេដ្ឋីជាច្រើនទសវត្សរ៍មកហើយ បានបង្ហាញបញ្ជីឈ្មោះអ្នកមានបំផុតក្នុងលោកចាប់ពីវ័យខ្ទង់ ២០ ដល់ខ្ទង់ ៩០។ Biz Khmer សូមបង្ហាញតែពីខ្ទង់ ២០ដល់ខ្ទង់ ៧០ឆ្នាំប៉ុណ្ណោះ។
អ្នកមានបំផុតខ្ទង់២០ មានវ័យ ២៥ឆ្នាំ Evan Spiegel មានទ្រព្យសម្បត្តិសរុប ២ពាន់លានដុល្លារ និងមានតួនាទីជានាយកប្រតិបត្តិក្រុមហ៊ុន Snapchat។ យុវជនម្នាក់នេះបានចាប់ផ្ដើមបង្កើតក្រុមហ៊ុនរបស់ខ្លួនដំបូងកាលពីឆ្នាំ២០១១ ពោលគឺចាប់តាំងពីខ្លួននៅជានិស្សិតនៅ Standford។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Snapchat បានបន្តកើនឡើងជាបន្តបន្ទាប់ រហូតដល់រាប់រយលានដុល្លារ។
ប្រភព៖mashable.com
-អ្នកមានបំផុតខ្ទង់ ៣០ លោក Mark Zuckerberg មានវ័យ ៣១ឆ្នាំ មានទ្រព្យសម្បត្តិប្រមាណ ៤៧,២ពាន់លានដុល្លារ។ នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន Facebook ទទួលបានជោគជ័យទាំងវ័យក្មេងខ្ចី ខណៈបណ្ដាញសង្គមមួយនេះមានអ្នកប្រើប្រាស់ជាង ១លាននាក់។
ប្រភព៖www.fastcomp
-អ្នកមានបំផុតខ្ទង់៤០ មានវ័យ ៤២ឆ្នាំ លោក Larry Page បានក្លាយជាមហាសេដ្ឋីបន្ទាប់ពីក្រុមហ៊ុន Google បានបោះផ្សាយលក់មូលបត្រជាសាធារណៈនៅឆ្នាំ២០០៤ ជាមួយតម្លៃសរុបប្រមាណ ២៣ពាន់លានដុល្លារ ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ មានតម្លៃភាគហ៊ុនជាង ៥០០ពាន់លានដុល្លារ។ លោកគឺជាស្ថាបនិកក្រុមហ៊ុន Google ជាមួយនឹងមិត្តភក្ដិរបស់លោកម្នាក់ទៀតគឺ Sergey Brin។
ប្រភព៖ businessinsider
-អ្នកមានបំផុតខ្ទង់ ៥០ មានវ័យ ៥១ឆ្នាំ លោក Jeff Bezos មានទ្រព្យសម្បត្តិសរុបប្រមាណ ៦០ពាន់លានដុល្លារគឺជាអ្នកមានបំផុតក្នុងវ័យខ្ទង់៥០ ឆ្នាំ។ លោកជាស្ថាបនិកទីផ្សារ e-commerce យក្ស amazon ហើយលោកទើបនឹងក្លាយជាអ្នកមានជាងគេបំផុតលំដាប់ទីបីនៅសហរដ្ឋអាមេរិកកាលពីខែតុលា កន្លងទៅនេះ ពោលគឺឈរពីក្រោយលោក Bill Gates និង Warren Buffett។
-អ្នកមានបំផុតខ្ទង់៦០ មានវ័យ ៦០ឆ្នាំ លោក Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិ ៨៧,៣ពាន់លានដុល្លារ គឺត្រូវទទួលស្គាល់ថាជាអ្នកមានជាងគេបំផុតក្នុងវ័យខ្ទង់ ៦០ឆ្នាំ និងជាបុគ្គលមានជាងគេបំផុតនៅសហរដ្ឋអាមេរិក។
-អ្នកមានបំផុតខ្ទង់៧០ លោក Amancio Ortega មានវ័យ ៧៩ឆ្នាំមានទ្រព្យសម្បត្តិសរុប ៧៣,២ពាន់លានដុល្លារ គឺត្រូវបានគេចាត់ទុកថា ជាអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតលំដាប់ទីពីរក្នុងលោក៕
ដោយ៖ រតនៈវិភូ