មុន​ឈាន​ដល់​អាយុ​២០​ឆ្នាំ អ្វី​ខ្លះ​ទៅ​អ្នក​គួរ​ធ្វើ​?​



អាចថា បន្តិចទៀតនេះ អ្នកនឹងឈានដល់ អាយុ២០ឆ្នាំ ហើយ វាមិនមែនជាអាយុក្មេងទៀតនោះទេ ។ ដូចនេះអ្នកត្រូវផ្ចិតផ្ចង់បំផុត ចំពោះអ្វីដែលអ្នកចង់ធ្វើ។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹង៖

១) ធ្វើដំណើរទៅបរទេស៖ នេះជាពេលវេលាមួយដែលអ្នកគួរផ្ដល់ឱកាសដល់ខ្លួនឯង ដើម្បីធ្វើដំណើរទៅកាន់បរទេស ដើម្បីទទួលយកបទពិសោធន៍ថ្មី និងសប្បាយរីករាយ ទាន់អ្នកមិនទាន់ឈានចូលអាយុ២០ឆ្នាំ ព្រោះថាអ្នកអាចនឹងមិនសូវមាន ពេលក្នុងការធ្វើដំណើរនោះទេ។

២) អានសៀវភៅឲ្យបានច្រើន៖ ការអានសៀវភៅ វា មានសារប្រយោជន៍គ្រប់អាយុមែន ប៉ុន្តែ មុនពេលឈានដល់២០ឆ្នាំ អ្នកគួរដាក់កំហិតខ្លួនឯង ឲ្យអានសៀវភៅបានច្រើនក្បាល តាមតែអាចធ្វើទៅបាន ព្រោះ អ្នកកាន់តែធំ ដូចនេះអ្នកក៏ត្រូវពង្រីកចំណេះដឹងតាមនោះដែរ។

៣) ចាកចេញពីតំបន់សុវត្ថិភាព (comfort zone)៖ មនុស្សម្នាក់ៗ តែងតែមិនចង់ចាកចេញពីតំបន់សុវត្ថិភាពរបស់ខ្លួន ដែលជាហេតុឲ្យពួកគេមិនអាចអភិវឌ្ឍអ្វីបានច្រើនដល់ខ្លួនឯង។ ដូចនេះអ្នកត្រូវហ៊ានចេញពីតំបន់នោះ ហើយធ្វើអ្វីៗ ដែលអ្នកគិតថា ពិបាកធ្វើ ដើម្បី យកឈ្នះខ្លួនឯង ។

៤) ស្វែងរកការងារ៖ នេះជាពេលវេលាមួយដ៏ស័ក្ដិសមដែលអ្នកគួរតែឆាប់ស្វែងរកការងារ ព្រោះអ្នកជិតដល់អាយុ២០ឆ្នាំហើយ។ វានឹងជួយបង្រៀនអ្នកពីការងារនានា ដែលអ្នកចង់ធ្វើ ហើយ ពេលនេះហើយដែលអ្នកអាចទទួលបានបទពិសោធន៍ការងារ ដើម្បីជាស្ពានចម្លងទៅរកការងារសម្រាប់អនាគត។

៥) រៀបចំផែនការ សម្រេចគោលដៅ៖ អ្នកត្រូវតែកត់ត្រាទុកថា តើ អ្វីខ្លះទៅដែលអ្នកត្រូវធ្វើរាល់ថ្ងៃ ហើយអ្វីខ្លះទៅដែលអ្នកត្រូវតែបញ្ចប់ឲ្យបានរួចរាល់ ដោយកំណត់ពេលវេលា ច្បាស់លាស់មួយ។ ការធ្វើបែបនេះនឹងជួយឲ្យអ្នកក្លាយជាបុគ្គលដែលមានទម្លាប់ល្អ មានទំនួលខុសត្រូវ និងចេះរៀបចំពេលវេលា រួមទាំងគម្រោងសម្រាប់ជីវិត ដោយគ្មានភាពស្មុគស្មាញ ដូចអ្នកដទៃ៕

ប្រែសម្រួល៖ ព្រំ សុវណ្ណកណ្ណិកា ប្រភព៖ www.girlslife.com

X
5s