បែបបទនៃការគិតទាំង៤ដែលធ្វើឲ្យមានកម្លាំងចិត្តជានិច្ចមិនថា ស្ថិតក្នុងឧបសគ្គបែបណា
នៅក្នុងវិថីជីវិតរបស់អ្នកតែងតែជួបនឹងឧបសគ្គរាប់មិនអស់ ហើយពេលខ្លះ ទ្រាំមិនបានរហូតដល់ចង់បោះបង់ក្ដីសុបិនរបស់អ្នកថែមទៀតផង ព្រោះមិនមែនវាលំបាកពេកនោះទេ តែក៏ព្រោះតែអ្នកបាក់ទឹកចិត្តបាត់ទៅហើយ។ តើធ្វើយ៉ាងណាទើបអ្នកអាចក្លាយជាមនុស្សរឹងមាំបាន និងនៅតែមានកម្លាំងចិត្តរហូត ទោះបីជាអ្នកលំបាកម្ដេចក្ដី៖
១) ត្រលប់ទៅគិតអំពីមូលហេតុ៖ មុននឹងអ្នកអាចឈានជើងមកដល់ចំណុចមួយនេះ អ្នកគួរតែសួរខ្លួនឯងថា ហេតុអ្វីបានជាអ្នកចាប់ផ្ដើមធ្វើវាតាំងពីដំបូង? តើមូលហេតុអ្វីបានជាអ្នកព្យាយាមមកដល់កម្រិតមួយនេះ? សំណួររទាំងអស់នេះ អាចនឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាមានទឹកចិត្តឡើងវិញបាន។
២) យល់ពីតម្លៃរបស់ខ្លួន៖ មនុស្សភាគច្រើនបរាជ័យដោយសារពួកគេមើលងាយខ្លួនឯង ដោយសារតែពួកគេមិនយល់ពីតម្លៃរបស់ខ្លួនឯង ហើយពួកគេតែងតែគិតថាពួកគេមិនអាចធ្វើរឿងទាំងអស់នោះទៅបានទេ ដោយសារតែពួកគេអសមត្ថភាព ឬដោយសារតែពួកគេមិនពូកែដូចអ្នកដទៃឯទៀត។
៣) គិតពីអ្វីដែលអ្នកចង់បាន៖ ធម្មតាអ្វីដែលអ្នកកំពុងតែធ្វើគឺដើម្បីអនាគតរបស់អ្នក ដូចនេះអ្នកក៏គួរគិតផងដែរថា អ្វីដែលអ្នកចង់ឃើញ ឬចង់បានជាងគេនៅថ្ងៃអនាគត ហើយនេះគឺជាកម្លាំងតស៊ូមួយដ៏ខ្លាំងក្លា ដែលធ្វើឲ្យតស៊ូមិនរាថយ។
៤) ភាពសប្បាយក្នុងពេលបច្ចុប្បន្ន៖ យ៉ាងណាៗក៏ដោយ អ្នកមិនគួរធ្វើការងារដើម្បីបំពេញក្ដីសុបិនរបស់ខ្លួនរហូតដល់ភ្លេចពេលសម្រាក ឬភ្លេចថែទាំសុខភាពរបស់ខ្លួនឯងនោះទេ ហើយបន្ថែមពីលើនោះទៅទៀត អ្នកគួរតែរៀនរស់នៅនៅក្នុងសេចក្ដីសុខ នាបច្ចុប្បន្នភាព៕
ប្រែសម្រួល៖ តូច ម៉ាយ៉ារស្មី ប្រភព៖ www.addicted2success.com