កំហុស៥យ៉ាង ធ្វើឲ្យអ្នកមានវិប្បដិសារីក្នុងជីវិតចំពោះការងារដែលខ្លួនកំពុងធ្វើ!
មនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់មានវិប្បដិសារី ដោយសារតែការសាងកំហុសរបស់ខ្លួន។ ក្នុងជីវិតការងារវិញ ក៏មានមនុស្សជាច្រើនដែលមានការសោកស្តាយ ដោយសារតែការដើរផ្លូវខុសជាហេតុធ្វើឲ្យពួកគេមិនមានការពេញចិត្តនឹងអ្វីដែលខ្លួនកំពុងធ្វើនោះឡើយ។ មានកំហុសមួយចំនួនដែលធ្វើឲ្យ អ្នកទាំងនោះមានវិប្បដិសារីលើការងារដែលខ្លួនកំពុងធ្វើ៖
១) កំពុងធ្វើការងារដែលខ្លួនមិនស្រលាញ់៖ មិនថា អ្វីដែលអ្នកកំពុងធ្វើនោះ ផ្តល់ប្រយោជន៍ច្រើនប៉ុណ្ណាទេ តែបើវាមិនមែនជាចំណង់ចំណូលចិត្តរបស់អ្នកទេ នោះវានឹងធ្វើឲ្យអារម្មណ៍ធុញទ្រាន់។ ម្យ៉ាងវិញទៀតវាក៏មិនអាច ឲ្យអ្នកអាចបញ្ចេញអស់សក្ដានុពលរបស់ខ្លួនបានដែរ។ ដោយសារតែ ការជ្រើសរើសការងារដែលមិនមែនជាអ្វីដែលខ្លួនពេញចិត្តនេះហើយ ធ្វើឲ្យអ្នកមានវិប្បដិសារីនៅពេលនេះ និង នៅពេលណាមួយ។
២) មិនទាន់ដឹងថា ត្រូវធ្វើអ្វីជំនួស៖ ការដែលដឹងថា ខ្លួនកំពុងធ្វើអ្វីដែលខ្លួនមិនពេញគឺជារឿងដ៏គួរឲ្យធុញទ្រាន់ណាស់ទៅហើយ តែបើអ្នកនៅតែមិនទាន់ដឹងថា ត្រូវជ្រើសរើសអ្វីដើម្បីធ្វើបន្ទាប់ទៀតនោះ គឺកាន់តែស្មុគស្មាញថែមទៀត។ ដូច្នេះហើយប្រសិនបើ ត្រូវតែរកឲ្យឃើញថា អ្នកនឹងត្រូវធ្វើអ្វីដែលជាចំណូលចិត្តរបស់ខ្លួន បន្ទាប់ពីបោះបង់ការងារដែលមិនចូលចិត្ត។
៣) មិនបោះបង់ឲ្យទាន់ពេល៖ អ្នកខ្លះដឹងច្បាស់ហើយថា ការងារឬអ្វីដែលខ្លួនកំពុងធ្វើនោះ គឺមិនមែនជាអ្វីដែលខ្លួនពេញចិត្តនោះទេ ប៉ុន្តែនៅតែទ្រាំធ្វើទៀតរហូតដល់ហួសពេលបកក្រោយលែងចង់កើត។ បើអ្នកស្ថិតក្នុងនេះ ប្រាកដជាធ្វើឲ្យអ្នកមានអារម្មណ៍ថា មានវិប្បដិសារីបំផុត ព្រោះមិនអាចផ្លាស់ប្តូរបាន ហើយមានតែបន្តទ្រាំធ្វើរឿងដែលខ្លួនមិនស្រលាញ់នោះបន្តទៀតប៉ុណ្ណោះ។ ដូច្នេះហើយសូមកុំទ្រាំរហូតហួសពេលឲ្យសោះ ពោលគឺត្រូវដើរឆ្ពោះទៅកាន់ផ្លូវដែលខ្លួនចង់បាន។
៤) ធ្វើការគ្រាន់តែដើម្បីលុយ៖ មានមនុស្សជាច្រើន បានសម្រេចចិត្តធ្វើការងារលើផ្នែកអ្វីមួយ ដោយសម្លឹងឃើញត្រឹមលុយជាធំប៉ុណ្ណោះ ប៉ុន្តែមិនបានសួរខ្លួនឯងឲ្យច្បាស់ថា ពិតជាពេញចិត្តជាមួយការងារប្រភេទនេះឬអត់។ ការបណ្តោយខ្លួនបែបនេះហើយ វានឹងធ្វើឲ្យអ្នកមានការសោកស្តាយនៅពេលក្រោយ ព្រោះលុយមិនអាចធ្វើឲ្យអ្នកសប្បាយចិត្តគ្រប់ពេលនោះឡើយ។
៥) ស្ទាក់ស្ទើរក្នុងការឆក់យកឱកាស៖ អ្នកខ្លះនៅពេលមានឱកាសល្អមកដល់ហើយ (ដូចជាការងារថ្មីឬ ឱកាសអាជីវកម្មថ្មី) មិនព្រមចាប់យកវាឲ្យបានឆាប់នោះទេ ដោយបន្តគិតវែងឆ្ងាយពេករហូតបាត់ឱកាសនោះអស់ ។ ដូច្នេះហើយ សូមកុំស្ទាក់ស្ទើរនៅពេលឱកាសល្អមកដល់ ព្រោះវាមានមិនច្រើននោះឡើយ៕
ដោយ៖ អ៊ុន ភក្តី
ប្រភព៖ www.entrepreneur.com & www.lifehack.org