រដ្ឋាភិបាលចាត់ការទៅលើច្បាប់កម្មសិទ្ធិសម្រាប់ជនបរទេស
ក្នុងគោលបំណងពង្រឹងគោលការណ៍ប្លង់ទន់ (ប័ណ្ណកម្មសិទ្ធិបណ្តោះអាសន្ន) ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចចិត្តឲ្យខណ្ឌទាំងអស់នៅទីក្រុងភ្នំពេញបញ្ឈប់ការចេញជាប្លង់បណ្តោះអាសន្នបែបនេះសម្រាប់ជនបរទេស។
រយៈពេលចុងក្រោយនេះ ខណ្ឌជាច្រើនដូចជា ខណ្ឌដូនពេញ បានអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិកាន់កាប់ប្លង់បណ្តោះអាសន្នសម្រាប់អចលនទ្រព្យ បើទោះជាមានការផ្ទុយពីច្បាប់កាលពីឆ្នាំ ២០១០ ស្តីពីសិទ្ធិកាន់កាប់យូនីតឯកជនក្នុងអគារដែលមានម្ចាស់រួមសម្រាប់ជនបរទេស។
លោក Desmond Yap នាយកគ្រប់គ្រងនៃ Yong Yap Properties ភ្នាក់ងារអចលនទ្រព្យដែលផ្តោតទៅលើជនបរទេស ដែលមានទីតាំងនៅខណ្ឌដូនពេញ នាតំបន់មាត់ទន្លេ បានឲ្យដឹងថា៖ «បើតាមអ្វីដែលពួកយើងដឹង នៅក្នុងទីក្រុងភ្នំពេញ ជនបរទេសអាចកាន់កាប់បានតែយូនីតខុនដូប៉ុណ្ណោះ ដែលវាគឺជាសិទ្ធិកាន់កាប់សម្រាប់ជនបរទេស (ប្លង់រឹង) កាលពីឆ្នាំ ២០១០។ ការទិញផ្ទះល្វែងអាចធ្វើបានសម្រាប់តែអ្នកឈរឈ្មោះ ឬតាមរយៈទម្រង់ក្រុមហ៊ុនតែប៉ុណ្ណោះ»។
ដើម្បីធ្វើឲ្យការអនុវត្តគោលការណ៍ច្បាប់សិទ្ធិកាន់កាប់របស់ជនបរទេសក្នុងឆ្នាំ ២០១០ មានលក្ខណៈប្រសើរជាងមុន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញជាលិខិតប្រកាសកាលពីថ្ងៃទី ២៥ ខែឧសភា ដោយបានណែនាំឲ្យអភិបាលខណ្ឌទាំង ១២ នៅទីក្រុងភ្នំពេញ ថា ចាប់ពីថ្ងៃទី ១៣ ខែមិថុនា នេះតទៅ ការផ្ទេរសិទ្ធិកាន់កាប់ទៅឲ្យជនបរទេស គឺសម្រាប់អចលនទ្រព្យនោះ ស្ថិតនៅលើជាន់ទីមួយ ឬខ្ពស់ជាងនេះ ហើយអចលនទ្រព្យដែលផ្ទេរទៅឈ្មោះជនបរទេសនេះ គឺស្ថិតនៅក្នុងអគារដែលមានម្ចាស់រួម ហើយមានលិខិតអនុញ្ញាតការសាងសង់ត្រឹមត្រូវ ដែលចេញដោយមន្ត្រីរដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធ។
ទាំងនេះមានន័យថា អគារដែលមានម្ចាស់រួមណាដែលបានសាងសង់ដោយពុំមានការអនុញ្ញាតត្រឹមត្រូវ នឹងមិនចាត់ទុកថា អាចយកជាការសម្រាប់ការកាន់កាប់របស់ជនបរទេសនោះទេហើយលិខិតស្នាមដែលចុះហត្ថលេខាដោយអភិបាលខណ្ឌណាក៏ដោយនៅក្នុងទីក្រុងភ្នំពេញ ពាក់ព័ន្ធនឹងការផ្ទេរកម្មសិទ្ធិទ្រព្យសម្បត្តិតាមរយៈប្លង់បណ្តោះអាសន្នទៅជនបរទេស គឺចាត់ទុកថា មិនមានប្រសិទ្ធិភាព។
ជាមួយគ្នានេះដែរ មន្ត្រីនៅខណ្ឌដូនពេញ បានប្រកាសថា កាលពីដើមខែមិថុនា គ្រប់ៗសង្កាត់នឹងមិនធ្វើការផ្ទេរឈ្មោះប្លង់បណ្តោះអាសន្នទៅឲ្យឈ្មោះជនបរទេសទៀតទេ។
លោក Grant Fitzgerald អ្នកគ្រប់គ្រងទូទៅនៅ Independent Property Services (IPS) Cambodia បានថ្លែងថា ៖ «ជារួម ច្បាប់ទាំងនេះ គឺមានយូរមកហើយ គ្រាន់តែគេទើបនឹងចាប់ផ្តើមអនុវត្ត»។
«ការប្រកាសនាពេលថ្មីៗនេះ ករណីនៅក្នុងខណ្ឌដូនពេញ បានកើតឡើងក្រោយពីមានការផ្លាស់ប្តូរ ស្រដៀងគ្នា នៅក្នុងខណ្ឌ៧មករា កាលពីចុងឆ្នាំមុន ដោយកាលពីពេលនោះ យើងឃើញមានជនបរទេស ដែលមានអចលនទ្រព្យក្រោមឈ្មោះរបស់ពួកគេ បានមកសុំយោបល់ និងដំណោះស្រាយដើម្បីធានាថា ទ្រព្យសម្បត្តិរបស់ពួកគេ គឺមានសុវត្ថិភាព»។
បើទោះជាយ៉ាងណាក៏ដោយ លិខិតប្រកាសដែលចេញដោយក្រសួងកាលពីថ្ងៃទី២៥ ខែឧសភា មិនបានបញ្ជាក់ពីចំណាត់ការផ្លូវច្បាប់ទៅលើម្ចាស់អគារ ប្រសិនបើមានការផ្ទេរសិទ្ធិកាន់កាប់ទៅកាន់ម្ចាស់រួមដែលជាជនជាតិបរទេស ដោយមិនមានលិខិតអនុញ្ញាតការសាងសង់ត្រឹមត្រូវ។
ចំណាត់ការថ្មីនេះ ប្រហែលជានឹងមិនប៉ះពាល់ជនបរទេសដែលមានប្លង់បណ្តោះអាសន្ននោះទេ ទាល់តែពេលដែលពួកគេសម្រេចចិត្តលក់ទ្រព្យសម្បត្តិនោះ។
«ប្រសិនបើខណ្ឌដូនពេញ អនុវត្តតាមខណ្ឌ៧មករា ដែលបានអនុញ្ញាតឲ្យជនបរទេសទិញផ្ទះល្វែងក្នុងរយៈពេលប៉ុន្មានឆ្នាំមុន នោះជនបរទេសដែលមានអចលទ្រព្យក្រោមឈ្មោះរបស់គេ នៅតែអាចរស់នៅ និងជួលបានជាធម្មតា ហើយមិនចាំបាច់ត្រូវតែលក់វានោះទេ។ ប៉ុន្តែនៅពេលដែលពួកគេសម្រេចចិត្តលក់ វាត្រូវតែនៅក្រោមឈ្មោះម្ចាស់មានសញ្ជាតិខ្មែរ»។
បន្ថែមពីនេះទៀត លោក Yab បានកត់សម្គាល់ថា ៖ «ក្នុងករណីអាក្រក់បំផុត គឺគេនឹងបង្ខំអ្នកឲ្យលក់អចលនទ្រព្យនោះ តែបើទោះជាវាកើតឡើងក៏ដោយ អ្នកអាចផ្ទេរកម្មសិទ្ធិអចលទ្រព្យនោះ ទៅអ្នកឈរឈ្មោះជាមួយនឹងការការពារពីមេធាវីដែលអ្នកជឿទុកចិត្ត»។
វិនិយោគិនបរទេសនៃក្រុមហ៊ុន Yong Yap Properties បានឲ្យដឹងថា ការរៀបចំចំណាត់ការនេះ «មានលក្ខណៈគួរឲ្យភ្ញាក់ផ្អើលបន្តិច ប៉ុន្តែមិនមែនមិនអាចអនុវត្តទៅបានដូចការរំពឹងទុកទាំងស្រុងនោះទេ»។
«ខ្ញុំមិនបានគិតថា គេនឹងអនុវត្តវាក្នុងពេលខ្លីបែបនេះទេ។ ប៉ុន្តែខ្ញុំសប្បាយចិត្តដែលខ្ញុំបានទិញមួយ [អចលនទ្រព្យ] មុនពេលដែលមានការផ្លាស់ប្តូរនេះ តែខ្ញុំប្រហែលជាពិបាកលក់វិញបន្តិចហើយ»។
«គោលការណ៍ថ្មីនេះ អាចនឹងកាត់បន្ថយការលក់ក្នុងរយៈពេលខ្លីនៅខណ្ឌដូនពេញ តែមិនប៉ះពាល់ទៅដល់ទីផ្សារផ្ទះជួលនោះទេ»។ នេះបើតាមសម្តីរបស់លោក Yap។
«តម្លៃជួលអាចនឹងកើនឡើងក្នុងពេលអនាគត។ ដោយមានក្រុមអ្នកកែកុនរៀបចំជាច្រើនបានដកខ្លួនចេញ អនាគតនៃការផ្គត់ផ្គង់ផ្ទះល្វែងបែបបស្ចិមប្រទេសដែលមានគុណភាពនឹងមានការថយចុះ តែតម្រូវការនឹងនៅតែកើនឡើងដដែល»។
លោក Fitzgerald យល់ស្រប ដោយបានបន្តថា៖ «បើទោះជាមានការពង្រឹងច្បាប់កម្មសិទ្ធិកាន់កាប់អចលនទ្រព្យសម្រាប់បរទេស ក៏មានការតេស្ត និងសាកល្បងជាច្រើនមកហើយដែរ ហើយដំណោះស្រាយដែលមានប្រសិទ្ធិភាពជាងគេសម្រាប់អចលនទ្រព្យ ដែលមានប្លង់បណ្តោះអាសន្ន គឺទម្រង់ការឈរឈ្មោះតំណាង»។
ចំពោះច្បាប់ទម្រង់ការឈរឈ្មោះតំណាងក្នុងពេលបច្ចុប្បន្ននេះ អ្នកទិញជនជាតិបរទេសទាំងអស់ត្រូវតែមានទំនាក់ទំនងជាមួយនឹងអ្នកដែលមានសញ្ជាតិខ្មែរ បើទោះជាមិត្តភក្តិ ប្តីឬប្រពន្ធ មិត្តរួមការងារ ឬភាគីទី៣ ដើម្បីឲ្យគេឈរឈ្មោះតំណាងឲ្យអចនទ្រព្យរបស់ពួកគេ។
ការការពារប្លង់សម្រាប់អ្នកទិញបរទេស នឹងត្រូវបានពង្រឹងតាមរយៈពេលកិច្ចសន្យាសុវត្ថិភាពអ្នកឈរឈ្មោះ (កិច្ចសន្យារវាងអ្នកទិញបរទេស និងអ្នកឈរឈ្មោះ) ដែលអាចនឹងកំណត់សមត្ថភាពរបស់អ្នកឈរឈ្មោះក្នុងការលក់ ផ្ទេរ ឬរើផ្លាស់ប្តូរអចលនទ្រព្យទៅភាគីទី៣ ដោយមិនមានការអនុញ្ញាតពីអ្នកទិញបរទេស។
លោក Yap បានបន្ថែមថា ៖ «មេធាវីអាចពង្រាងលិខិតបង់រំលស់ ឬកិច្ចព្រមព្រៀងជួលរយៈពេលយូរ ជាមួយនឹងអ្នកឈរឈ្មោះសម្រាប់ជាការការពារបន្ថែមទៀត»។
លោក Fitzgerald បានបញ្ជាក់ថា ទម្រង់បែបបទអ្នកឈរឈ្មោះនេះ អាចសន្សំសំចៃប្រាក់ មានលក្ខណៈលឿន និងមានប្រសិទ្ធភាព។
លោកបានបញ្ចប់ថា ៖ «ពួកយើងអាចព្យាករណ៍ថា នឹងមានចំនួនការលក់តិចជាងមុនរហូតដល់ពេលដែលច្បាប់នេះត្រូវបានទទួលដោយមហាជន ដល់ពេលនោះទើបទីផ្សារនឹងត្រឡប់មកសភាពដើមវិញ»៕
ផ្ដល់សិទ្ធិ៖ realestate.com.kh