បើខ្សោយខាងទំនាក់ទំនង អ្នកគួរព្យាយាមពង្រឹងវាតាមរយៈវិធីទាំង ៦ចំណុចនេះ!
ការទំនាក់ទំនង គឺពិតជាសំខាន់ខ្លាំងណាស់ មិនថាធ្វើការ រកស៊ី ឬ សិក្សានោះឡើយ ព្រោះវាជាស្ពានមួយដែលឲ្យអ្នកដើរឆ្លងពីកន្លែងមួយទៅកន្លែងមួយបាន។ មិនថា អ្នកជាមនុស្សឆ្លាត ឬ ពូកែប៉ុណ្ណាទេ ប៉ុន្តែបើខ្សោយការទំនាក់ទំនងហើយ នោះនឹងធ្វើឲ្យអ្នកមិនអាចជោគជ័យក្នុងជីវិតដោយងាយនោះឡើយ។ បើមានបញ្ហាខ្សោយផ្នែកទំនាក់ទំនង អ្នកគួរតែខិតខំធ្វើយ៉ាងណាពង្រឹងវាឲ្យកាន់តែឆាប់កាន់តែល្អ។
ខាងក្រោមនេះ ជាគន្លឹះសំខាន់ៗដែលអាចជួយអ្នកបាន៖
១) ជឿជាក់លើខ្លួនឯង
គ្មាននរណាម្នាក់អាចជឿជាក់លើអ្នកឡើយ ប្រសិនបើសូម្បីតែខ្លួនឯងក៏មិនជឿជាក់ផងនោះ មានន័យថា វាត្រូវតែចាប់ផ្តើមពីខ្លួនអ្នកជាមុនសិន។ អ្នកត្រូវតែមានគំនិតសុទិដ្ឋិនិយមចំពោះ សមត្ថភាពរបស់ខ្លួន ដោយព្យាយាមធ្វើវាឲ្យអស់ពីសមត្ថភាព ហើយចាត់ទុកកំហុសឆ្គង់ជាមេរៀនដ៏ល្អសម្រាប់អ្នកទៅថ្ងៃក្រោយ។ ដូច្នេះកុំស្ទាក់ស្ទើរតទៅទៀត ពោលគឺត្រូវតែមានស្មារតីក្នុងការធ្វើអ្វីដែលចង់ធ្វើ។
២) ត្រូវយល់ឲ្យច្បាស់អំពីអ្វីដែលខ្លួនចង់បាន
ក្នុងពេលសន្ទនា ឬ ទំនាក់ទំនងជាមួយនរណាម្នាក់ គឺត្រូវប្រាកដថា អ្នកមានគោលដៅច្បាស់លាស់ ថាខ្លួនចង់បានអ្វីឲ្យប្រាកដ ដើម្បីប្រើប្រាស់ភាសាសំដៅទៅលើគោលដៅនោះ។ បើកាលណាអ្នក មិនបានកំណត់ឲ្យច្បាស់នោះទេ វានឹងធ្វើឲ្យការទំនាក់ទំនង ឬ ការសន្ទនារបស់អ្នកហាក់ដូចជាគ្មានន័យ ហើយភាគីម្ខាងទៀតក៏មិនចង់មានទំនាក់ទំនងវែងឆ្ងាយអ្វីទៀតដែរ។
៣) និយាយឲ្យខ្លីតែខ្លឹម៖
ក្នុងពេលសន្ទនាគ្នា គឺត្រូវតែប្រាកដថា អ្វីដែលអ្នកនិយាយនោះ គឺមិនច្រើនពេក តែច្បាស់ៗ។ មានន័យថា មិនត្រូវនិយាយច្រើនពេកទេ ព្រោះថាពេលខ្លះនិយាយកាន់តែច្រើន គឺអត់ប្រយោជន៍កាន់តែច្រើន ហើយអាចបង្កបញ្ហាទៀតក៏មាន។ ដូច្នេះហើយ ត្រូវព្យាយាមនិយាយអ្វីដែលមានប្រយោជន៍ ឲ្យភាគីម្ខាងទៀតមិនមានការធុញទ្រាន់។
៤) ស្តាប់អ្នកដទៃ៖
ក្នុងពេលទំនាក់ទំនង គឺត្រូវស្ដាប់គ្នាទៅវិញទៅមក ហើយក៏ត្រូវនិយាយម្តងម្នាក់ដែរ។ មនុស្សមួយចំនួនពូកែខាងនិយាយ ប៉ុន្តែមិនពូកែស្តាប់នោះឡើយ ជាហេតុធ្វើឲ្យភាគីម្ខាងទៀតមិនសប្បាយចិត្តនោះឡើយ។ ម្យ៉ាងវិញទៀត នៅពេលអ្នកមិនព្រមស្តាប់គេឲ្យបានច្រើន អ្នកក៏មិនអាចយល់ពីជម្រៅចិត្ត ឬ បំណងរបស់គេនោះឡើយ។
៥) ញញឹមឲ្យបានច្រើន៖
ក្នុងការទំនាក់ទំនងល្អ វាត្រូវតែចាប់ផ្តើមចេញពីស្នាមញញឹមរបស់មនុស្សម្នាក់ៗជាមុនសិន ព្រោះ គ្មាននរណាចង់និយាយ ឬ ពិភាក្សាអ្វីឡើយបើមុខរបស់អ្នកស្អុយរហូតនោះ។ ដូច្នេះហើយ ដើម្បីមានទំនាក់ទំនងល្អ អ្នកមិនគួរកំណាញ់ស្នាមញញឹមនោះឡើយ មានន័យថា ញញឹមកាន់តែច្រើន គឺកាន់តែល្អ៕
ដោយ៖ អ៊ុន ភក្តី
ប្រភព៖ www.inc.com & lifehacker.com