ទម្លាប់ ៥នាទីជារៀងរាល់ថ្ងៃដែលអ្នកគួរធ្វើដើម្បិកែប្រែជីវិតអ្នកបាន
សព្វថ្ងៃនេះ វាមានលក្ខណៈងាយស្រួលខ្លាំងក្នុងការធ្វើអ្វីផ្សេងទៀតជាជាងអ្វីដែលសំខាន់ដល់ជីវិតអ្នក។ ជារៀងរាល់ថ្ងៃ យើងត្រូវបានរំខានគ្រប់ទីកន្លែង។ ប្រសិនជាអ្នកកាន់បន្ថយការរំខាន និងចំណាយពេលវេលាទៅធ្វើអ្វីដែលមានប្រយោជន៍ដល់អ្នក ជីវិតអ្នកនឹងមានការផ្លាស់ប្ដូរយ៉ាងខ្លាំង។ ចំណាយពេលវេលាតែ៥នាទីក្នុង១ថ្ងៃក៏អាចផ្លាស់ប្តូរជីវិតអ្នកបានដែរ។
១) កំណត់ម៉ោងទៅធ្វើអ្វីដែលអ្នកស្រឡាញ់ ៖ ជារៀងរាល់ថ្ងៃ លៃលករកពេលខ្លះសម្រាប់ធ្វើអ្វីដែលអ្នកស្រឡាញ់ឬចូលចិត្ត ទោះបីជាវាមានរយៈពេលត្រឹម ៥នាទីក៏ដោយ។ នៅពេលអ្នកធ្វើអ្វីដែលអាចធ្វើអ្នកសប្បាយចិត្តជាប្រចាំ ជីវិតអ្នកនឹងផ្លាស់ប្តូរ ថែមទាំងជីវិតមនុស្សដែលនៅជុំវិញអ្នក។
២) ប្រាកដថាអ្នករស់នៅដល់កម្រិតកំពូល៖ ការកត់ត្រាទុកនូវកាលវិភាគអាចជួយអ្នកផ្ដោតសំខាន់ទៅលើអ្វីដែលមានប្រយោជន៍ក្នុងជីវិតអ្នក។ នៅពេលអ្នកសរសេរចុះ អ្នកត្រូវប្រាកដថា អ្នកចំណាយពេលធ្វើអ្វីដែលសំខាន់ជាងគេ។ ប្រសិនជាអ្នកកត់សម្គាល់ថា អ្នកមិនបានរស់ដល់កម្រិតកំពូលទេនោះ អ្នកត្រូវរៀបចំកាលវិភាគរបស់អ្នកឡើងវិញ។
៣) រៀបចំកិច្ចការដែលស្រដៀងគ្នាជាមួយគ្នា៖ ពេលអ្នកកត់ត្រានូវកាលវិភាគរបស់អ្នក សូមរកមើលតើមានសកម្មភាពណាដែលស្រដៀងគ្នាដែរឬទេ ដូចជាត្រូវទៅទីតាំងដូចគ្នា ឬជិតគ្នា។ វាអាចជួយសន្សំពេលវេលាអ្នកបាន។ ម៉្យាងវិញទៀត អ្នកអាចមានប្រសិទ្ធផលជាងមុន។
៤) ដាក់ពេលកំណត់ដល់ខ្លួនឯង៖ ថ្ងៃកំណត់គឺមានប្រសិទ្ធភាពខ្លាំងណាស់ ពីព្រោះថាវាជួយអ្នកប្រឹងខ្លាំងជាងមុន។ ពេលអ្នករៀបចំគម្រោងរបស់អ្នក កំណត់ពេលវេលាទៅលើកិច្ចការនីមួយៗ។ ពេលអ្នកមានពេលវេលាកំណត់ច្បាស់លាស់ វាជួយអ្នកកាត់បន្ថយការពន្យារពេល និងចាប់ផ្តើមសកម្មភាពភ្លាមៗ។
៥) សកម្មភាពតូចៗដែលអាចនាំអ្នកទៅដល់គោលដៅរបស់អ្នក ៖ ដើម្បីមានដំណើរទៅដល់គោលដៅរបស់អ្នក អ្នកត្រូវប្រាជ្ញាចិត្តក្នុងការធ្វើរឿងតូចៗជាប្រចាំថ្ងៃ។ ជារៀងរាល់ថ្ងៃ ធ្វើសកម្មភាពតូចៗដែលនាំអ្នកទៅដល់គោលដៅធំរបស់អ្នក៕
ប្រែសម្រួល៖ អ៊ឹង មួយយូ
ប្រភព៖ www.lifehack.org