បើមិនច្បាស់លើចំណុចទាំងនេះទេ កុំទាន់រកស៊ីជាមួយគ្នាឲ្យសោះ ជៀសវាងវិប្បដិសារីពេលក្រោយ!
ការផ្តើមអាជីវកម្ម គឺពិតជារឿងសំខាន់ដែលសហគ្រិនគ្រប់រូបត្រូវតែយកចិត្តទុកដាក់បំផុត បើទោះបីជាមានបទពិសោធន៍ច្រើនក្តី ជាពិសេសការបើកអាជីវកម្មដែលមានដៃគូសហការច្រើន។ បើកាលណាអ្នកមិនគិតគូរឲ្យបានច្បាស់លាស់នោះទេ បញ្ហាជាច្រើននឹងកើតឡើងព្រោះថា មនុស្សកាន់តែច្រើនគឺមានការខ្វែងគំនិតគ្នាក៏កាន់តែច្រើនដែរ ហើយស្រួលមិនស្រួលអាជីវកម្មនោះអាចនឹងដួលទៅវិញយ៉ាងរហ័សបំផុត។
ដូច្នេះហើយ មុនពេលសម្រេចរកស៊ីជាលក្ខណៈហ៊ុនគ្នានោះ គឺត្រូវតែពិនិត្យឲ្យច្បាស់លើចំណុចសំខាន់ៗខាងក្រោម៖
១) អត្តចរិត និង គោលដៅរួម ឬ ប្រហាក់ប្រហែលគ្នា៖ ជាទូទៅ ការធ្វើការងារជាក្រុមគឺត្រូវទាមទារឲ្យមាន គំនិតដូច ប្រហាក់ប្រហែលគ្នាច្រើនទើបអាចដំណើរការទៅមុខបានល្អ ឬអាចនិយាយថាមានគោលដៅរួម ព្រោះបើមិនដូច្នោះទេ នឹងមានភាព រកាំរកូសកើតឡើង។ ដូចគ្នានេះដែរ សម្រាប់ការបើកអាជីវកម្មវិញ ក៏ទាមទារឲ្យដៃគូសហការទាំងអស់ មានលក្ខណៈ រួមភាគច្រើនដែរ។ ដូច្នេះហើយ មុននឹងអ្នកសម្រេចចិត្តសហការជាមួយនឹងអ្នកដទៃដើម្បីរកស៊ីនោះ គឺត្រូវសង្កេតថា ពួកគេពិតជាមានអត្តចរិត និង គំនិតមិនខុសគ្នាស្រឡះពេក។
២) ភាពស្មោះត្រង់៖ ភាពស្មោះត្រង់ គឺជាចំណុចស្នូលមួយនៃការរកស៊ីជាក្រុម ព្រោះបើមាននរណាម្នាក់ក្បត់នោះ ប្រាកដជាធ្វើឲ្យអាជីវកម្មទាំងមូលត្រូវដួលបះជើងមិនខាន។ ដូច្នេះអ្នកត្រូវតែព្យាយាមសង្កេតមើលថា មនុស្សដែលអ្នកចង់សហការជាមួយនោះ គឺជាមនុស្សប្រភេទណា ហើយអាចទុកចិត្តបានឬទេ ដើម្បីប្រាកដថា អ្នកនឹងមិនខកបំណងនៅពេលដំណើរការអាជីវកម្ម។
៣) ជំនាញ និង បទពិសោធន៍៖ សម្រាប់អាជីវកម្មលក្ខណៈតូចតាច អ្នកមិនត្រូវមើលតែទុនដែលដៃគូរបស់អ្នកមាននោះទេ ពោលគឺត្រូវតែមើលឲ្យឃើញច្បាស់ថា ពួកគេមានជំនាញ និង បទពិសោធន៍គ្រប់គ្រាន់ដែលអាចធានាអំពីដំណើរការអាជីវកម្មទៅយ៉ាងរលូន។ នៅពេលដែលអ្នករើសយក ដៃគូដែលមានលុយតែម្យ៉ាងតែគ្មានជំនាញនោះ នឹងត្រូវចំណាយលុយដើម្បីជួលបុគ្គលិកដើម្បីមកធ្វើការ ដែលអាចធ្វើឲ្យខ្ជះខ្ជាយ ព្រោះអាជីវកម្មទាំងអស់ ជាពិសេសអាជីវកម្មដែលមានលក្ខណៈតូចតាច គឺមិនត្រូវចំណាយច្រើនពេកនោះទេ មានន័យថា បើដៃគូរបស់អ្នកទាំងអស់សុទ្ធតែអាចធ្វើការងារនោះបាន គឺពិតជាល្អខ្លាំងណាស់។
៤) កិច្ចសន្យាច្បាស់៖ ដូចដែលបានដឹងហើយថា ការរកស៊ីជាក្រុមគឺជៀសមិនផុតពីការមានគំនិតខ្វែងគ្នា ហើយក៏មានបញ្ហាជាច្រើនទៀតដែលអាចនឹងកើតឡើង។ ដើម្បីបញ្ចៀសបញ្ហា ក្នុងពេលដំណើរការនៃអាជីវកម្មនោះ អ្នកត្រូវប្រាកដថា ភាគីទាំងអស់បានធ្វើកិច្ចសន្យាមួយយ៉ាងច្បាស់លាស់បំផុត ដើម្បីធានាថាគ្មាននរណាម្នាក់ធ្វើខុសនឹងអ្វីដែលបានជជែកគ្នា និង ព្រមព្រៀងគ្នាកន្លងមក។ ដូច្នេះហើយ បើទោះបីជាអ្នកនិងដៃគូ ស្គាល់គ្នាយ៉ាងច្បាស់ និងទុកចិត្តគ្នាខ្លាំងក្តី ប៉ុន្តែត្រូវពឹងលើកិច្ចសន្យា គឺមិនមែនលើឆន្ទៈបុគ្គលឡើយ៕
ដោយ៖អ៊ុន ភក្តី