៦ចំណុចដែលមនុស្សវ័យក្រោម២០ ត្រូវតែដឹងដើម្បីរៀបចំដំណើរជីវិតឲ្យបានល្អ
មនុស្សគ្រប់រូបដែលក្រោមវ័យ២០ឆ្នាំ គឺភាគច្រើនមិនសូវមានការគិតវែងឆ្ងាយនោះទេ ជាពិសេសគឺចង់តែបានភាពរីករាយ ទោះបីជាបង្កផលលំបាកពេលក្រោយក៏ដោយ។ ស្ថិតក្នុងវ័យនេះ អ្នកដែលមិនសូវមានការបណ្តោយខ្លួននោះ នឹងមិនសូវមានបញ្ហានោះឡើយ ប៉ុន្តែបើបណ្តោយខ្លួនទៅតាមអារម្មណ៍ដែលមាននោះ អាចនឹងធ្វើឲ្យខូចអនាគតក៏មាន។ ដូច្នេះហើយ សម្រាប់អ្នកដែលមានវ័យក្រោម២០ឆ្នាំ ស្វែងយល់ពីចំណុចទាំងនេះ៖
១) កុំទាន់គិតរឿងរៀបការ៖ មនុស្សដែលស្ថិតក្រោមវ័យ២០ឆ្នាំ តែងតែមានរឿងរ៉ាវស្នេហាជៀសមិនផុត ហើយអ្នកខ្លះក៏ចង់រៀបការដោយចង់ធ្វើតាមអារម្មណ៍ផ្អែមល្ហែមរបស់ខ្លួនដោយមិនដឹងថា នឹងមានបញ្ហាអ្វីខ្លះឡើយ។ តាមពិតទៅវ័យនេះ គឺមិនគួរខ្វល់រឿងរៀបការនោះឡើយ ព្រោះអាយុគឺក្មេងខ្លាំងណាស់ មិនទាន់ចេះគិតគូរវែងឆ្ងាយនោះឡើយ ហើយក៏គ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំគ្រួសារឲ្យមានសុភមង្គលនោះឡើយ។ ដូច្នេះហើយ អ្នកមិនគួរខ្វល់ពីរឿងនេះនោះទេ។
២) សេពគប់ចិត្តភក្តីដែលល្អៗ៖ ជាទូទៅវ័យនេះគឺជាវ័យឈាមរាវ ហើយវាកាន់តែយ៉ាប់ទៅទៀតប្រសិនបើរាប់អានចំមិត្តភក្ដិមិនល្អ ដែលនាំអ្នកទៅធ្វើរឿងដែលមិនល្អ។ ដូច្នេះហើយអ្នកគួរតែគិតគូរឲ្យបានច្បាស់មុននឹងរាប់អានមិត្តភក្ដិ ដើម្បីប្រាកដថា អ្នកនឹងដើរផ្លូវខុសដោយសារពួកគេ។
៣) ប្រឹងប្រែងរៀនសូត្រ៖ ជាទូទៅវ័យនេះ ជាវ័យដែលមានលទ្ធភាពច្រើនក្នុងការទទួលបានចំណេះដឹង តាមរយៈការរៀនសូត្រ។ប្រសិនបើអ្នកមិនខ្វល់ពីការរៀនសូត្រនោះទេ នៅពេលអនាគតអ្នកនឹងស្តាយក្រោយមិនខាន ព្រោះនៅពេលមានវ័យចាស់បន្តិចទៅ អ្នកគ្មានពេលគ្រប់គ្រាន់ទៀតឡើយ ហើយក៏មិនអាចប្រើប្រាស់ចំណេះដឹងដើម្បីជាប្រយោជន៍ច្រើនក្នុងជីវិតដែរ។
៤) រៀនអត់ធ្មត់៖ ដូចដែលដឹងហើយថា មនុស្សវ័យក្រោម២០ឆ្នាំគឺតែងមានភាពឆេវឆាវ និង មិនសូវចេះអត់ធ្មត់ច្រើននោះឡើយ។ ប្រការនេះ អាចបង្កជាបញ្ហាជាច្រើនទាំងខ្លួនឯង និងគ្រួសារ ដូច្នេះហើយអ្នកត្រូវតែរៀនអត់ធ្មត់ឲ្យបានច្រើន ជាពិសេសនៅពេលឪពុកម្ដាយអប់រំ និង ណែនាំជាដើម ពោលគឺត្រូវស្តាប់ដោយការពិចារណា មិនមែនយកកំហឹងមកឆ្លើយតបនោះទេ។
៥) ជួយរំលែកការងារផ្ទះ៖ ថ្វីត្បិតតែវ័យនេះ ជាវ័យដែលអ្នកត្រូវផ្ដោតសំខាន់លើការសិក្សា ប៉ុន្តែមិនមែនមានន័យថា អ្នកប្រឹងតែរៀននៅសាលាតែម្យ៉ាងនោះទេ ហើយមិនខ្វល់ពីការងារផ្ទះនោះដែរ។ ឪពុកម្តាយរបស់អ្នក គឺរវល់ និងលំបាកខ្លាំងណាស់ក្នុងការរកស៊ីចិញ្ចឹមគ្រួសារ ដូច្នេះអ្នកគួរតែឆ្លៀតពេលខ្លះដើម្បីរំលែកការងារផ្ទះ តាមលទ្ធភាពដែលអាចធ្វើទៅបាន ព្រោះការធ្វើបែបនេះក៏ជាការលត់ដំខ្លួនឲ្យសុំានឹងការលំបាកផងដែរ។
៦) ព្យាយាមសួរខ្លួនឯងថាចង់ធ្វើអ្វី៖ ប្រសិនបើអ្នកអាចរកឃើញចម្លើយថា ខ្លួនចូលចិត្តអ្វី និងចង់ក្លាយជាអ្វីនោះគឺជារឿងល្អបំផុត ព្រោះអ្នកអាចមានពេលគ្រប់គ្រាន់ដើម្បីត្រៀមខ្លួនរៀបចំផែនការបានយ៉ាងល្អ។ មនុស្សភាគច្រើននៅទោះបីមានអាយុច្រើនហើយក្តី នៅតែមិនអាចដឹងថា ខ្លួនចង់ធ្វើអ្វីឲ្យប្រាកដទៀត ជាហេតុនាំឲ្យវិថីជីវិតរបស់ពួកគេគ្មានគោលដៅច្បាស់លាស់៕
ដោយ៖ អ៊ុន ភក្តី