ចង់​ជោគជ័យ​ធំធេង​ក្នុង​ជីវិត​ ​អ្នក​គួរ​តែ​​យល់​ដឹង​ពី​​​ទស្សនវិជ្ជា​ទាំង ៥​នេះឱ្យ​បាន​



មនុស្សគ្រប់គ្នាតែងចង់ទទួលបានភាពជោគជ័យនៅក្នុងជីវិត។ ទោះបីមនុស្សមួយចំនួនកំពុងតែមានភាពជោគជ័យរួចរាល់ហើយ ប៉ុន្តែ ពួកគេក៏ពុំទាន់ស្កប់ស្កល់នូវអ្វីដែលខ្លួនកំពុងមាននៅឡើយដែរ។ ទាំងនេះគឺជាទស្សនវិជ្ជាទាំង៥ដែលអ្នកគួរសិក្សាដើម្បីធ្វើឲ្យជីវិតអ្នកកាន់តែជោគជ័យ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី​គេហទំព័រ www.lifehack.org។ 

១) ខិតខំធ្វើអ្វីមួយដោយមិនគិតពីភាពបរាជ័យ៖ តើអ្វីទៅដែលអាចបង្អាក់មនុស្សម្នាក់ៗក្នុងការធ្វើអ្វីមួយនោះ? ប្រាកដណាស់ចម្លើយនោះ គឺ«សេចក្ដីភ័យខ្លាច។» សេចក្ដីភ័យខ្លាចនេះនឹងដឹកនាំអ្នកទៅរកភាពបរាជ័យ។ ដូច្នេះអ្វីដែលអាចបញ្ចៀសអ្នកចេញពីភាពបរាជ័យបាននោះគឺការប្រាប់ដល់ខ្លួនឯងថាជីវិតគឺគ្មានទេភាពបរាជ័យ។ អ្វីៗគឺគ្រាន់តែជាលទ្ធផលសម្រាប់អ្នកប៉ុណ្ណោះ។

២) ធ្វើអ្វីដោយមានទំនួលខុសត្រូវ៖ នៅពេលអ្នកកំពុងតែមានទំនួលខុសត្រូវក្នុងការធ្វើអ្វីមួយហើយបញ្ហាក៏កើតមានឡើង អ្នកនឹងមានអំណាចគ្រប់គ្រាន់ក្នុងការគ្រប់គ្រងបញ្ហា។ ហើយសាកគិតទៅវិញទៀតថា ប្រសិនបើអ្នកធ្វើអ្វីដោយពុំមានទំនួលខុសត្រូវវិញនោះ ហើយអ្នកជួបប្រទះនឹងបញ្ហា តើអ្នកណាអាចមានអំណាចក្នុងការកែប្រែបញ្ហានោះ?

៣) ត្រូវប្រណាំងប្រជែងជាមួយខ្លួនឯង៖ វាពិតជាសំខាន់ណាស់ដែលអ្នកក្លាយខ្លួនទៅជាមនុស្សម្នាក់ដែលចេះប្រកួតប្រជែងជាមួយខ្លួនឯង ព្រោះអ្នកអាចធ្វើអ្វីមួយបានដោយជោគជ័យដែលនឹកស្មានមិនដល់ទៀតផង។

៤) ប្រកាន់សេចក្ដីសុចរិតទៀងត្រង់៖ ការងារអ្វីក៏រមែងជោគជ័យប្រសិនបើអ្នកមានការជឿជាក់គ្នាទៅវិញទៅមកនោះ។ ត្រូវចាំថាមនុស្សគេនឹងផ្ដល់តម្លៃនិងមានភាពជឿជាក់ខ្លាំងបំផុតនៅពេលដែលអ្នកជាមនុស្សប្រកាន់ភាពសុចរិតទៀងត្រង់នេះ។

៥) ប្ដេជ្ញាធ្វើអ្វីក៏ដោយឲ្យតែនាំអ្នកទៅរកភាពជោគជ័យ៖ ប្រសិនបើអ្នកចង់ឲ្យជោគជ័យក្នុងជីវិត វាពិតជាសំខាន់ណាស់ដែលអ្នកត្រូវតែធ្វើឲ្យក្ដីស្រមៃដែលអ្នកមាននោះក្លាយទៅជាការពិតឲ្យបាន។ កូនសោដែលអាចនាំអ្នកទៅរកភាពជោគជ័យនៃជីវិតគឺចាប់ផ្ដើមឡើងពីអ្វីដែលអ្នកចាប់អារម្មណ៍ បន្តទៅការប្ដេជ្ញារបស់អ្នក បន្ទាប់មកទៀតគឺការចាប់ផ្ដើមសកម្មភាពរបស់អ្នកនោះ៕

ដោយ​៖ ព្រំ សុវណ្ណកណ្ណិកា

X
5s